សភាសហគមន៍អឺរ៉ុប នឹងប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ជាពិសេសករណីឃុំឃាំងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
អ្នកតំណាងរាស្ត្រសហគមន៍អឺរ៉ុបមួយចំនួនបានដាក់ញត្តិរួមគ្នាមួយកាលពីថ្ងៃពុធ ស្នើឱ្យមានការចេញសេចក្តីសម្រេចផ្លូវការមួយ ដែលស្នើឱ្យទម្លាក់ចោលការចោទប្រកាន់ ដែលមានលក្ខណៈនយោបាយលើលោកកឹម សុខា និងលោកសម រង្ស៊ី ផ្តល់សិទ្ធិសេរីភាពពេញលេញដល់លោកកឹម សុខា ពិចារណាលើឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងតែអាវុធ» និងដាក់ឈ្មោះជនដែលរំលាយគណបក្សសង្គ្រោះជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងបញ្ជីខ្មៅមួយដែលនឹងហាមឃាត់ទិដ្ឋាការ និងផ្អឹបទុកទ្រព្យសម្បត្តិរបស់ពួកគេ។
ការស្នើឡើងនេះគឺដើម្បីដាក់ការពិភាក្សាពីសេចក្តីព្រាងសេចក្តីសម្រេចនេះ នៅក្នុងរបៀបវារៈប្រជុំ ដោយសារតែកិច្ចប្រជុំនោះគឺមិនមានគោលបំណងដើម្បីចេញសេចក្តីសម្រេចដែលនឹងក្លាយជាច្បាប់អ្វីទេ។
លោកផៃ ស៊ីផាន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី បានបញ្ចេញប្រតិកម្មតាមទំព័រហ្វេសប៊ុកប្រាប់អ្នកសារព័ត៌មាន ដោយចាត់ទុកថា នេះគឺជាសំណើក្នុង«ក្ដីសុបិននិងអាម៉ាស់»តែប៉ុណ្ណោះ ហើយថា វាបាន«ឆ្លុះបញ្ចាំងនូវអត្តចរិតចក្រពត្តិនិងអាណានិគម ប្រឆាំងនឹងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ» ដែលបានចេញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីខែកក្កដា។
លោកផៃ ស៊ីផាន បានបន្ថែមទៀតថា៖ «កម្ពុជាមិនលុតជង្គង់ក្រោមការដាក់ទណ្ឌកម្មដើម្បីវាយប្រហាររំលាយនីតិរដ្ឋ ដម្កើងនិទណ្ឌភាព ដែលកម្ពុជាប្រឹងប្រែងកែទម្រង់និងពង្រឹង ទទួលបានជោគជ័យជាបណ្ដើរៗ ដែលមានតុល្យភាពរវាងប្រជាធិបតេយ្យនិងនីតិរដ្ឋក៏ដូចជាសិទ្ធិមនុស្ស»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រោងនឹងមកថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃសុក្រទី២៨ ខែកញ្ញាខាងមុខនេះ ក្នុងនាមជាប្រមុខរដ្ឋាភិបាលថ្មីបន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកបានឈ្នះអាសនៈសភាទាំងអស់ចំនួន១២៥។ នេះបើតាមកម្មវិធីរបស់អង្គការសហប្រជាជាតិដែលវីអូអេទទួលបាន។
ក្នុងពេលនោះដែរ សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកគ្រោងនឹងរៀបចំបាតុកម្មចំនួនពីរថ្ងៃនៅថ្ងៃទី២៨និង២៩ ខែកញ្ញា ដើម្បីទាមទារមិនឱ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលនិងសភាថ្មីនេះទេ៕