សភាសហភាពអឺរ៉ុបបានអនុម័តនៅថ្ងៃព្រហស្បតិ៍នេះលើញត្តិរួមស្នើឱ្យមានសេចក្តីសម្រេច ដែលទាមទារឱ្យផ្តល់សិទ្ធិនយោបាយដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ។
ញត្តិនេះអំពាវនាវសុំឱ្យទម្លាក់ចោលការចោទប្រកាន់ដែលមានលក្ខណៈនយោបាយលើលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោកសម រង្ស៊ី សហស្ថាបនិកគណបក្ស និងជាប្រធានចលនាសង្គ្រោះជាតិ ផ្តល់សិទ្ធិសេរីភាពពេញលេញដល់លោកកឹម សុខា ពិចារណាលើឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងតែអាវុធ» និងដាក់ឈ្មោះជនដែលរំលាយគណបក្សសង្គ្រោះជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងបញ្ជីខ្មៅមួយដែលនឹងហាមឃាត់ទិដ្ឋាការ និងផ្អឹបទុកទ្រព្យសម្បត្តិរបស់ពួកគេ។
លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ បានបញ្ជាក់ប្រាប់អង្គសវនាការដេញដោលនៅក្នុងសភាសហភាពអឺរ៉ុបថា លទ្ធិប្រជាធិបតេយ្យ«ដ៏ផុយស្រួយ»ក្នុងប្រទេសកម្ពុជា បានដើរថយក្រោយចាប់តាំងពីឆ្នាំមុនមក ពីព្រោះមានតែគណបក្សដឹកនាំតែមួយ ហើយស្ថានការណ៍មិនបានប្រសើរឡើងទេ ដោយការដឹកនាំកំពុងតែឆ្ពោះទៅរកស្ថានភាពផ្តាច់ការ។
លោកស្រីបន្ថែមថា៖
«ការដោះលែងមេដឹកនាំគណបក្សប្រឆាំងគឺលោកកឹម សុខា ឱ្យនៅក្រៅឃុំនាពេលថ្មីៗនេះ គឺជាជំហានវិជ្ជមានទីមួយ បើទោះបីជាលោកត្រូវបានដោះលែងក្រោមលក្ខខណ្ឌយ៉ាងតឹងរ៉ឹងក៏ដោយ។ ឥឡូវនេះយើងរំពឹងថា ត្រូវលុបចោលការរឹតត្បិត និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើលោក ហើយយើងសូមឱ្យលោកនាយករដ្ឋមន្ត្រីនិងមេដឹកនាំគណបក្សប្រឆាំងជួបពិភាក្សាគ្នាស្វែងរកវិធីឆ្ពោះទៅមុខ»។
លោកកឹម សុខា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីជាប់ពន្ធនាគារជាងមួយឆ្នាំ ប៉ុន្តែបន្តនៅជាប់ឃុំឃាំងនៅក្នុងផ្ទះនៅឡើយ ហើយលោកមិនត្រូវបានអនុញ្ញាតឱ្យជួបមន្ត្រីបក្ស អ្នកសារព័ត៌មានឬមន្ត្រីទូតឡើយ។
លោកស្រី Federica Mogherini ព្រមានថា សហភាពអឺរ៉ុបនឹងចាត់វិធានការបន្ថែមទៀត បើស្ថានការណ៍មិនវិលថយក្រោយវិញ ដែលក្នុងនោះមានការធានាឱ្យអ្នកនយោបាយបក្សប្រឆាំង និងសកម្មជនសង្គមស៊ីវិលដែលរត់ភៀសខ្លួនទៅនៅក្រៅប្រទេសបានវិលត្រឡប់ចូលប្រទេសវិញទេ។
«នៅឯកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ រដ្ឋាភិបាលកម្ពុជាបានយល់ព្រមនឹងកាតព្វកិច្ចដែលមានចែងតាមផ្លូវច្បាប់ដើម្បីរក្សាប្រព័ន្ធនយោបាយប្រជាធិបតេយ្យនិងពហុបក្ស។ ឥឡូវនេះយើងរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងស្តារឡើងវិញនូវការពិភាក្សានយោបាយសេរី និងការប្រកួតប្រជែង និងគោរពលំហរសេរីនិងឯករាជ្យសម្រាប់សង្គមស៊ីវិល។ យើងបន្តឃើញនិន្នាការអវិជ្ជមានដោយគ្មានការប្រែប្រួល ហើយដូចដែលខ្ញុំបាននិយាយហើយថា ក្រុមប្រឹក្សាត្រៀមលក្ខណៈជាស្រេចដើម្បីចាត់វិធានការសមស្រប»។
លោកស្រីមិនបានបញ្ជាក់ពីវិធានការជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែក្នុងពេលបច្ចុប្បន្នសហភាពអឺរ៉ុបកំពុងតែពិនិត្យមើលឋានៈអនុគ្រោះពន្ធដែលប្រទេសកម្ពុជាទទួលបានសម្រាប់នាំទំនិញចូលទីផ្សារសហភាពអឺរ៉ុបក្រោមកម្មវិធី«រាល់មុខទំនិញលើកលែងតែអាវុធ» (EBA) ។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឈ្នះយកអាសនៈទាំងអស់ចំនួន១២៥ កាលពីការបោះឆ្នោតជាតិខែកក្កដា ក្រោយពីតុលាការបានរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោក Petras AUŠTREVIČIUS អ្នកតំណាងរាស្ត្រសហភាពអឺរ៉ុបដែលមកពីប្រទេសឡេតូអានី បានលើកឡើងថា ការរៀបចំការបោះឆ្នោតដោយរបៀបនេះសមតែទទួលទណ្ឌកម្មទេ។
«យើងមិនមានសេណារីយ៉ូណាផ្សេងទៀតទេ គឺយើងត្រូវតែទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សំឡេងនិងសិទ្ធិជូនពលរដ្ឋកម្ពុជាវិញ។ យើងត្រូវតែបញ្ចប់និទណ្ឌភាព។ ដើម្បីសម្រេចកិច្ចការនេះបាន គឺដល់ពេលសហភាពអឺរ៉ុបប្តូរពីការចេញសេចក្តីថ្លែងការណ៍មកធ្វើសកម្មភាព។ ប្រទេសកម្ពុជានឹងមិនអាចទទួលបានឋានៈអនុគ្រោះពន្ធទៀតទេ។ យើងត្រូវវែកមុខអ្នកដែលទទួលខុសត្រូវមកដាក់ទណ្ឌកម្មដោយការហាមឃាត់ការធ្វើដំណើរមកអឺរ៉ុប និងផ្អឹបទុកទ្រព្យសម្បត្តិ»។
លោកសម រង្ស៊ី សហស្ថាបនិកគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិបានដឹកនាំប្រតិភូទៅចូលរួមស្តាប់ការពិភាក្សាអនុម័តនៅសភាសហភាពអឺរ៉ុបដោយផ្ទាល់ ហើយលោកបានបញ្ជាក់តាមហ្វេសប៊ុកក្រោយពីការអនុម័តនោះថា៖
«ថ្ងៃនេះជាថ្ងៃជាប្រវត្តិសាស្រ្ត។ យើងអរគុណសហភាពអឺរ៉ុបដែលមានសមាជិក២៨ប្រទេសដែលតំណាងរាស្រ្តគេជាង៦ជិត៧រយនាក់ គេបានបោះឆ្នោតលើញត្តិស្តីពីប្រទេសកម្ពុជា។ បោះឆ្នោតជាឯកច្ឆ័ន្ទអត់មានបក្សណាប្រឆាំងអត់មានអ្នកតំណាងរាស្ត្រណាប្រឆាំងទេ គឺឯកច្ឆ័ន្ទ។ គេយល់ទាំងអស់គ្នា គេយល់ដូចគ្នាថា ត្រូវតែជួយប្រជារាស្រ្តខ្មែរនៅពេលនេះ ឱ្យប្រជារាស្រ្តខ្មែរបានស្គាល់នូវសេរីភាពពេញលេញ យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
គណបក្សប្រជាជនកម្ពុជាបានបង្កើតរដ្ឋាភិបាលឯកបក្ស កាលពីថ្ងៃទី៦ ខែកញ្ញានេះដោយមិនធ្វើតាមការអំពាវនាវ និងការព្រួយបារម្ភពីសហគមន៍អន្តរជាតិទេ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញប្រតិកម្មតាមទំព័រហ្វេសប៊ុកប្រាប់អ្នកសារព័ត៌មានដោយចាត់ទុកថា៖ ប្រទេស«កម្ពុជា មិនលុតជង្គង់ ក្រោមការដាក់ទណ្ឌកម្ម»ទេ ដោយលោកអះអាងថា នីតិរដ្ឋ សិទ្ធិមនុស្សនិងការកែទម្រង់នៅកម្ពុជាទទួលបានជោគជ័យជាបណ្ដើរៗហើយ៕