ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​កម្ពុជា​ផ្តល់​សុពលភាព​តំណាង​រាស្រ្ត​ថ្មី​​ចំនួន​៣៨​​រូប​ពី​គណបក្ស​កាន់​អំណាច


រូបឯកសារ៖ តំណាងរាស្រ្ត​ចំនួន​១២៥នាក់ ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ ចូលរួម​ក្នុង​ការបើក​សម័យ​ប្រជុំ​លើក​ទី១ នីតិកាល​ទី៦ ក្រោម​អធិបតី​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ តំណាងរាស្រ្ត​ចំនួន​១២៥នាក់ ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ ចូលរួម​ក្នុង​ការបើក​សម័យ​ប្រជុំ​លើក​ទី១ នីតិកាល​ទី៦ ក្រោម​អធិបតី​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី។ (នៅ វណ្ណារិន/VOA)

បន្ទាប់ពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.) ​បាន​សម្រេច​លុប​ឈ្មោះ​បេក្ខ​ភាព​​តំណាង​រាស្រ្ត​ចាស់​ ​និង​ទទួល​ស្គាល់​បេក្ខភាព​តំណាងរាស្រ្ត​ថ្មី​ចំនួន​៣៨​រូប​ ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​កាន់​អំណាច​នោះ​ ​នៅ​ថ្ងៃ​ពុធនេះ​ ​រដ្ឋសភា​ជាតិ​​ដែល​ដឹកនាំ​ដោយ​គណបក្ស​តែមួយ​​ បាន​សម្រេច​សុពលភាព​របស់​តំណាង​រាស្រ្ត​ថ្មី​ទាំង​៣៨​រូប​ជា​ផ្លូវការ។

រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃពុធ​នេះ ​បាន​ប្រកាស​ជាផ្លូវ​ការ​នូវសុពលភាព​តំណាង​រាស្រ្ត​ថ្មី​ចំនួន​៣៨រូប​របស់​គណបក្ស​កាន់អំណាច​ ដែល​ទើប​ត្រូវ​បាន​សម្រេច​ផ្លាស់​ប្តូរ​ក្នុង​ខេត្ត​ រាជធានី១៥​ ​បន្ទាប់​ពី​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​ចាស់​ចំនួន​៣៨​រូប​បាន​លាលែង​ចេញ​ពី​សមាជិក​រដ្ឋសភា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិការដ្ឋាន​រដ្ឋសភា​ ចេញ​នៅ​ថ្ងៃទី​១៩ខែ​កញ្ញាឆ្នាំ​២០១៨​ ​នេះបញ្ជាក់​ថា​ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា បាន​ប្រកាស​សុពលភាព​របស់​តំណាង​រាស្រ្ត​ថ្មី​ទាំង​៣៨​រូប​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋ​សភា។​

សេចក្តី​ប្រកាស​នោះ​ត្រូវបាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន​ ​ប្រធានរដ្ឋសភា​ ​បាន​ប្រកាស​ជាឱឡារិក​ថា​ ​បេក្ខជន​ជាប់​ឆ្នោត​ជាតំណាង​រាស្រ្ត​ ​ដែល​គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត​បាន​បញ្ជូន​មក​នេះ​ ​ត្រូវ​បាន​សម្រេច​សុពលភាព​នៃ​អាណត្តិ​សមាជិក​នីមួយៗ​ចាប់​ពី​ថ្ងៃ​ពុធ​ទី​១៩​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​ទៅ ​និង​ស្នើ​សុំ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បិទ​ផ្សាយ​ជា​សាធារណៈ​ ​ហើយ​រៀប​ចំ​ពិធី​សច្ចាប្រណិធាន​ជូន​សមាជិក​រដ្ឋសភា​ថ្មី​ទាំង​៣៨​រូប ​នៅ​ព្រះ​បរមរាជ​វាំង»។​

តំណាង​រាស្រ្ត​របស់​គណបក្ស​កាន់​អំណាច​ទាំង​៣៨​រូប​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរគឺ​ជា​តំណាង​រាស្រ្ត​ក្នុង​មណ្ឌល​ចំនួន​១៥​រាជធានី ​ខេត្ត​គឺ​ស្ថិត​នៅ​មណ្ឌល​ខេត្ត​បាត់ដំបង​ ​ខេត្ត​កំពង់ចាម​ ខេត្តកំពង់​ឆ្នាំង​ ​ខេត្ត​កំពង់​ស្ពឺ​ ខេត្តកំពង់ធំ​ ​ខេត្ត​កណ្ដាល ​ខេត្ត​ក្រចេះ ​រាជធានី​ភ្នំពេញ ​ខេត្តខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ​ខេត្ត​ព្រះសីហនុ ​ខេត្តតាកែវ ​ខេត្តកែប​ ខេត្តឧត្តរមានជ័យ ​និង​ខេត្ត​ត្បូងឃ្មុំ។​

ការ​សម្រេច​ផ្លាស់ប្តូរ​តំណាង​រាស្រ្ត​ទាំង​៣៨​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​អាណត្តិ​ទី​៦​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​កាលពី​ថ្ងៃទី​៦​ខែ​កញ្ញា​ឆ្នាំ​២០១៨​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋ​សភា​អាណត្តិ​ទី៦ជា​លើក​ដំបូង​ ​ដោយ​ប្រាប់​ឲ្យ​តំណាង​រាស្រ្ត​ដែល​ជា​មន្រ្តី​រដ្ឋាភិបាល លាលែង​ចេញ​ពី​តំណែង​សមាជិក​រដ្ឋ​សភា។​

រដ្ឋសភា​កម្ពុជា​អាណត្តិ​ទី​៦​នេះបាន​ក្លាយ​ជា​រដ្ឋសភា​ឯកបក្ស​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី១​ក្នុង​ឆ្នាំ​១៩៩៣​មក។ ​រដ្ឋសភា​ជាតិ​ ដែល​ដឹកនាំ​ដោយ​គណបក្ស​តែមួយ​ជា​លើក​ដំបូង​នេះ​ បង្កើតឡើង​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនឈ្នះ​ការ​បោះ​ឆ្នោត​ និង​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​១២៥​ ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គណ​បក្ស​ប្រជែង​ដ៏​ធំ​របស់​ខ្លួន​ ​កាលពី​ចុង​ឆ្នាំ​២០១៧​កន្លង​ទៅ៕

XS
SM
MD
LG