ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស ខេង ​ការពារ​ចំណាត់ការ​ឃុំឃាំង​លោក​កឹម សុខា ​ក្នុង​ផ្ទះ


រូបឯកសារ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។

ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជាង​២​ម៉ោង​ដដែល​នោះ លោក​ ​ស ខេង​ ​​បាន​បញ្ជាក់​ថា ការ​រៀបចំ​កម្លាំង​ការពារ​ជុំវិញ​បរិវេណ​ផ្ទះ​លោក​ ​កឹម សុខា​ ​គឺ​តប​តាម​លិខិត​ដែល​សរសេរ​​ដោយ​​លោក​ ​កឹម សុខា​ ​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ការពារ​សន្តិសុខ​ ទៅ​តាម​​ការ​រៀបចំ​របស់​លោក​ផ្ទាល់។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ ​ថ្លែង​ការពារ​ចំណាត់​ការ​របស់​ក្រសួង​ក្នុង​ការ​រៀបចំ​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រធាន​បក្ស​សង្គ្រោះជាតិ​ស្ថិតក្រោម​ការ​ឃុំឃាំង​ក្នុងផ្ទះ​ ​ថា​ជា​ការធ្វើ​តាម​អំណាច​តុលាការ​ និង​តាម​ការ​ស្នើ​ដោយ​ផ្ទាល់​របស់​លោកកឹម សុខា។​

ក្នុង​វីដេអូ​មួយ​ ​ដែល​ផ្សព្វ​ផ្សាយតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​អាទិត្យ​ ​លោក​ ​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​បាន​លើកឡើងក្នុង​ពិធី​ជួបជុំ​ជាមួយ​សមាជិក​គណបក្សប្រជាជន​កម្ពុជា​ថា​ ​លោក​គឺ​ជា​អ្នក​រៀបចំ​ឲ្យ​មាន​ការ​យក​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​យក​ទៅ​ឃុំ​ក្នុង​ផ្ទះ​របស់​លោក​វិញ​ ​ក្នុង​ខណ្ឌ​ទួលគោក​ ​ដែល​លោក​ថា​ ​ការ​រៀបចំ​នោះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ការ​បញ្ជូន​លោក​ ​កឹម សុខា​ ​ចេញ។​

ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជាង​២ម៉ោង​ ​លោក​ ​ស ខេង​ ​បាន​ថ្លែង​ថា៖​

«អ៊ីចឹង​រឿង​ ​កឹម សុខា​ ​ឥឡូវនេះ​ ​យើង​យក​មក​ទុកនៅ​នឹង​ផ្ទះ។​ ​ច្បាប់​យើង​ច្បាប់​ព្រហ្មទណ្ឌ​ហ្នឹង​ណា​ ​អត់​អនុញ្ញាត​ឲ្យ​ឃុំ​ខ្លួន​នៅ​ផ្ទះ​ទេ​ ​អត់​មាន​ទេ។​ ​គេ​ថា​ ​ឃុំ​ខ្លួន​នៅ​ក្នុង​ដែន​ដី​ណា​មួយ​ជា​កំណត់។​ អ៊ីចឹង​ធ្វើ​ម៉េច​ឥឡូវ?​ ​ចន្លោះ​ដែរ​ ​អ្នក​សរសេរ​ច្បាប់​ព្រហ្មទណ្ឌ​ហ្នឹង​ ​អត់​មាន​ឃុំ​ខ្លួន​នៅ​ផ្ទះ»។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​ដោះលែង​ពី​ឃុំ​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​ ​បន្ទាប់ពី​ជាប់​ឃុំអស់​រយៈពេល​១​ឆ្នាំ​ ​និង​មួយ​សប្តាហ៍​ ​ដោយ​តុលាការ​ចោទ​លោក​ថា​បាន​ឃុប​ឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។​ ​

ប្រធាន​បក្ស​ជំទាស់​រូប​នេះ​ត្រូវ​បាន​នាំ​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​ទាំង​ព្រឹក​ព្រលឹម​ បញ្ជូនទៅ​កាន់​ផ្ទះ​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​មាន​ការ​យាមកាម ​និង​មិន​អនុញ្ញត​ឲ្យ​លោក​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នកគាំទ្រ​ ឬចេញ​ពី​បរិវេណ​ដែល​កំណត់​ជុំវិញ​ផ្ទះ​របស់​លោក។​ ​ការ​ដាក់​លោក​ ​កឹម សុខា​ ​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំឃាំង​ក្នុង​គេហដ្ឋាននេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់។​

ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជាង​២​ម៉ោង​ដដែល​នោះ លោក​ ​ស ខេង​ បាន​បញ្ជាក់​ថា ការ​រៀបចំ​កម្លាំង​ការពារ​ជុំវិញ​បរិវេណ​ផ្ទះ​លោក​ ​កឹម សុខា​ ​គឺ​តប​តាម​លិខិត​ដែល​សរសេរដោយលោក​ ​កឹម សុខា​ ​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ការពារ​សន្តិសុខ​ ទៅ​តាមការ​រៀបចំ​របស់​លោក​ផ្ទាល់។​

លោក​ ​ស ខេង​ ​ថ្លែង​បន្ថែម​ថា៖​

«ដល់​ហើយ​សរសេរ​ថា​ដោយសារ​បញ្ហា​សន្តិសុខ​ ​អ៊ីចឹង​ទៅ​ខ្ញុំ​សុំ​ស្នើ​អគ្គស្នងការ​នគរបាល​ជាតិ​ជួយ​រៀបចំ​ការពារ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ខ្ញុំ​ ​ហើយ​ ផាន គេ​យក​ទៅ​ចរចា​។ ដល់​ចរចា​ទៅ​ក៏​ឯកភាព​។​ ​ឯកភាព​ប៉ុន្តែ​យើង​អត់​យក​អា​ក្រដាស​វាយ​ពុម្ពអក្សរ​ទៅ​ហើយ​ ​អូស​ពី​កុំព្យូទ័រ​ទៅ​ទេ គឺ​ឲ្យ​សរសេរ​ដៃ»។​

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃក៏បាន​រៀបរាប់​បន្ថែម​ថា​ ​ការ​ឲ្យ​លោក​ ​កឹម សុខា សរសេរ​បែប​នេះ​នឹង​មិន​មាន​ការ​ចោទ​ប្រកាន់​ណាមួយ​មក​លើ​រដ្ឋាភិបាល​ថា​ ឃុំ​ការ​លោក​ ​កឹម សុខា​ ​ក្នុង​ផ្ទះ​គឺជា​អំពើ​ខុស​ច្បាប់​នោះ​ទេ៖​

«មាន​អី​គាត់​អត់​ចោទ​យើង​កើត​ទេ​ ​ពីព្រោះ​គាត់​អ្នក​សុំ​កម្លាំង​ការពារ។​ ​ព្រោះ​ច្បាប់​យើង​អីចឹង​ ​ច្បាប់​យើង​អត់​ឲ្យ​មាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ផង​ បញ្ហា​អីចឹង។​ ​ប៉ុន្តែ​ ​សម្រាប់​ ​កឹម សុខា​ ​នេះ​ ​គឺ​យើង​ត្រូវ​ដំណើរ​ការ​តាម​នីតិវិធី​តុលាការ​ឲ្យ​ចប់​ ​ពីព្រោះ​បើ​កាល​ណា​យើង​មិនធ្វើ​តាម​នីតិវិធី​តុលាការទេ​ ​រដ្ឋាភិបាល​ជា​អ្នក​ខុស​ ​ការ​ចោទ​ប្រកាន់​គេ​ ​គឺ​មិន​ត្រឹមត្រូវ។​ ​នេះ​ហើយ​ជា​បញ្ហា​ដែល​យើងត្រូវ​ដឹង​ទាំងអស់​គ្នា។​ ទោះជា​យ៉ាង​ណាគឺ​ត្រូវ​មាន​ទីបញ្ចប់»។​

ការ​ថ្លែង​របស់​លោក​ ​ស ខេង​ ​ដែល​ថា​ការ​យក​លោក​ ​កឹម សុខា​ ​ពី​ពន្ធនាគារ​ទៅ​ដាក់ឃុំ​ក្នុង​គេហដ្ឋាន​ គឺ​ជា​ការ​រៀបចំ​របស់​លោក​ ​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ផ្សព្វផ្សាយ​ ដោយ​ក្នុង​នោះ​មាន​ទាំង​សារព័ត៌មាន​ហ្វ្រេសញូវ​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ផងដែរ។​

យ៉ាង​ណា​ក្តី​ ​វីដេអូ​នៃការ​ថ្លែង​របស់​លោក​ ​ស ខេង​ ​ដែល​ត្រូវ​បាន​បង្ហោះ​កាលពី​ថ្ងៃ​អាទិត្យ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ត្រូវ​បាន​ដក​ចេញ​ ​ដោយ​មិន​ឃើញ​ស្ថិត​លើ​ទំព័រ​ហ្វេសប៊ុក​នោះ​ទៀត​ទេ​រហូត​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​

លោក​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​បាន​ថ្លែង​ការពារ​ការ​លើកឡើង​របស់​លោក​ ​ស ខេង​ ​ថា​នេះ​គឺ​បង្ហាញ​ពី​ការ​រៀបចំ​របស់​ក្រសួង​ ​តាម​ការ​ស្នើ​របស់​លោក​ ​កឹម សុខា​ ​និង​អនុវត្ត​ក្រោយ​តុលាការ​ចេញ​ដីកាដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។​

នាយឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃច័ន្ទ​នេះ​ថា៖​

«ជាការ​រៀបចំ​របស់​សម្តេច​ ​ស ខេង​ ​មែន​ ​ប៉ុន្តែ​ក្រោយពី​យើង​បាន​ដឹងថា​ ​តុលាការ​គេ​នឹង​ដោះ​លែង តាម​ដីកា​របស់​គេ​ ​គេ​ដោះលែង​ឯកឧត្តម​ ​កឹម សុខា​ ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន​ដោយ​ឋិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ។​ ​អីចឹង​ហើយ​បាន​មាន​រូបភាព​នៃ​ការ​រៀប​ចំ​ឲ្យ​គាត់​នៅ​ផ្ទះ​ដោយ​សន្តិភាព​ហ្នឹង​ ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​គាត់។​ ​អាហ្នឹង​តាម​សំណើ​របស់​គាត់​តើ​ក្មួយ»។​

យ៉ាងណា​ក៏​ដោយ​ ​លោក​ ​ផែង ហេង​ ​មេធាវី​មួយ​រូបក្នុង​ចំណោម​បួន​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រាប់​ ​VOA​ ​ថា​ ​លោក​ ​កឹម សុខា​ ​តែងឲ្យ​មេធាវី​ស្នើ​សុំ​នៅក្រៅ​ឃុំ​ ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ​តែ​លោក​មិន​ដែល​ស្នើឲ្យ​ឃុំខ្លួន​លោក​ក្នុង​ផ្ទះ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«លិខិត​ដែល​ឯកឧត្តម​ ​កឹម សុខា​ ​សរសេរ សុំ​សហការ​សន្តិសុខ​នេះ គឺជា​អក្សរ​របស់​ឯកឧត្តម​ ​កឹម សុខា​ ​មែន​ ​ប៉ុន្តែ​បើ​តាម​ដែល​ខ្ញុំ​ដឹង​ ​គឺ​ដោយសារអ្នក​ដែល​យក​ដីកា​ទៅ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ហ្នឹង​ គឺ​ស្នើ​សុំ​ការ​សហការ​ពី​ឯកឧត្តម​ ​កឹម សុខា​ ​ដើម្បី​សុំ​ឲ្យ​គាត់​ជួយ​សរសេរ​លិខិត​ហ្នឹង ដើម្បី​ឲ្យ​ខាង​សមត្ថកិច្ច​គេ​អាច​ជួយ​មើល​សន្តិសុខ​ឲ្យគាត់បាន។​ ​អីចឹង​ហើយ​បានជា​លិខិត​ហ្នឹង​ ​ឯកឧត្តម​ ​កឹម សុខា​ ​គាត់​សរសេរ​បែប​ហ្នឹង​ ​មិនមែន​មានន័យ​ថា ​គាត់​ស្នើ​ឲ្យ​យក​គាត់​មកឃុំ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ»។​

បើ​ទោះ​ជា​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​និង​ដាក់ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ជំនួស​វិញក៏ដោយ​ ​ក៏​អង្គការ​អន្តរជាតិ​ផ្នែក​ការពារ​សិទ្ធិមនុស្ស​ ​និង​សហគមន៍​អន្តរជាតិ​ជាច្រើន​នៅ​តែ​ទាម​ទារ​ឲ្យ​មានការ​ទម្លាក់​ចោល​បទ​ចោទលើ​ ​លោក​ ​កឹម សុខា​ ​ដោយ​លក្ខខណ្ឌ។

សភា​សហភាព​អឺរ៉ុប​បាន​អនុម័ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លើ​ញត្តិ​រួម​ស្នើ​ឲ្យ​មាន​សេច​ក្តី​សម្រេចរួម ដែល​ទាមទារ​ឲ្យ​ផ្តល់​សិទ្ធិ​នយោបាយ​ និង​សេរីភាព​ពេញ​លេញ​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ខូចខាត​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ៕

XS
SM
MD
LG