ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន និង​លោកស្រី អង់សាន ស៊ូជី ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​អាស៊ាន​នៅ​ទីក្រុង ស៊ីដនី


បាតុករ​កាន់​បដា​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
បាតុករ​កាន់​បដា​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

បាតុករ​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា និង​លោកស្រី អង់សាន ស៊ូជី ជ័យ​លាភី​ពានរង្វាន់​ណូបែល​ដែល​ជា​មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា។

បាតុករ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​តវ៉ា​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង ស៊ីដនី កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​តវ៉ា​នឹង​មេដឹកនាំ​អាស៊ីអាគ្នេយ៍​ដែល​ជួបជុំ​គ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។

អ្នកតវ៉ា​និង​អង្គការ​សិទ្ធិមនុស្ស​បាន​ចោទប្រកាន់​របប​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​រំលោភ​បំពាន​សិទ្ធិមនុស្ស។ លោក ហ៊ុន សែន ក៏​បាន​គំរាមកំហែង​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា នៅ​មុន​ពេល​មក​ដល់​ទីក្រុង ស៊ីដនី ផង​ដែរ។ ​

លោក ហុង លីម ដែល​ជា​តំណាងរាស្ត្រ​នៃ​រដ្ឋ Victoria នៃ​គណបក្ស​ពលករ បាន​ចោទ​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull ថា​បាន​បិទ​ភ្នែក​មិន​មើល​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស ដោយ​និយាយ​ថា «ដៃ​ជាច្រើន​ដែល​លោក Turnbull បាន​ចាប់​កាល​ពី​ថ្ងៃ​ សៅរ៍ ថ្ងៃ អាទិត្យ និង​ថ្ងៃ ​ចន្ទ គឺ​ជា​ដៃ​ដែល​ប្រឡាក់​ពោរពេញ​ទៅ​ដោយ​ឈាម»។

លោក Shawfikul Islam នៃ​អង្គការ​រ៉ូហ៊ីងយ៉ា​ភូមា​អូស្ត្រាលី​បាន​និយាយ​ថា «យើង​មក​ទីនេះ​នៅ​ក្នុង​ថ្ងៃ​នេះ​ជា​ការ​សាមគ្គីគ្នា​ក្នុង​ចំណោម​សហគមន៍​របស់​យើង​មក​ពី​អាស៊ីអាគ្នេយ៍​ដែល​កំពុង​ប្រឈម​នឹង​ការ​គ្រប់គ្រង​បែប​ផ្តាច់ការ​និង​ការ​ប្រល័យ​ពូជសាសន៍ ជាពិសេស​ចំពោះ​សហគមន៍​រ៉ូហ៊ីងយ៉ា​តែ​ម្តង»។

ផ្ទាំង​បដា​ដែល​លើកឡើង​ដោយ​អ្នក​តវ៉ា​បាន​បង្ហាញ​ពី​រូបភាព​របស់​លោកស្រី អង់សាន ស៊ូជី មាន​ពុកមាត់​ ដែល​គេ​ប្រដូច​លោកស្រី​ទៅ​នឹង​មេដឹកនាំ​ផ្តាច់ការ​អាល្លឺម៉ង់ ហ៊ីត្លែរ ហើយ​បាន​ស្នើ​ឲ្យ​លោកស្រី​ប្រគល់​ពានរង្វាន់​ណូបែល​ទៅ​ម្ចាស់​ដើម​វិញ។ លោកស្រី​ត្រូវ​បាន​គេ​ដកហូត​យក​ពានរង្វាន់​មួយ​ចំនួន​វិញ​រួច​ទៅ​ហើយ​ ដោយសារ​តែ​យុទ្ធនាការ​យោធា។ ​

លោកស្រី អង់សាន ស៊ូជី ត្រូវ​បាន​រដ្ឋាភិបាល​បស្ចិម និង​អង្គការ​សិទ្ធិមនុស្ស​ចោទប្រកាន់​ថា​មិន​បាន​ធ្វើ​អ្វី​ទាំងអស់​ដើម្បី​បញ្ឈប់​យោធា​មីយ៉ាន់ម៉ា​ ពី​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ទៅ​លើ​ជនជាតិ​អំបូរ​រ៉ូហ៊ីងយ៉ា​ដែល​កាន់​សាសនា​ឥស្លាម នៅ​ប៉ែក​ខាង​លិច​នៃ​ប្រទេស​មីយ៉ាន់ម៉ា។ មនុស្ស​ជាច្រើន​បាន​ហៅ​សកម្មភាព​នេះ​ថា​ជា​យុទ្ធនាការ​បោសសម្អាត​ជាតិសាសន៍។

កាល​ពី​ថ្ងៃ សៅរ៍ មេធាវី​អូស្ត្រាលី​មួយ​ក្រុម​បាន​ព្យាយាម​ឲ្យ​មាន​ការ​កាត់ទោស​លោកស្រី អង់សាន ស៊ូជី ចំពោះ​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ ក៏​ប៉ុន្តែ​លោក Christian Porter អគ្គ​រដ្ឋអាជ្ញា​អូស្ត្រាលី​បាន​បដិសេធ​មិន​ទទួល​យក​សំណើ​ផ្លូវ​ច្បាប់​របស់​ពួកគេ ដោយ​និយាយ​ថា លោកស្រី អង់សាន ស៊ូជី «មាន​អភ័យឯកសិទ្ធិ​ពេញលេញ ដោយ​រួម​ទាំង​អភ័យឯកសិទ្ធិ​លើ​ឯកសារ​តុលាការ​ផង​ដែរ»៕

XS
SM
MD
LG