ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​ផ្តោតខ្លាំង​លើ​វិធានការ​បន្ទាប់​ ខណៈ​របាយការណ៍​ស៊ើបអង្កេត​របស់​លោក Mueller ត្រូវ​បាន​ចេញ​ផ្សាយ​


នេះ​ជា​ទំព័រ​មុខ​នៃ​របាយការណ៍​របស់​លោក Mueller ស្តី​ពី​ការ​ស៊ើបអង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៦។
នេះ​ជា​ទំព័រ​មុខ​នៃ​របាយការណ៍​របស់​លោក Mueller ស្តី​ពី​ការ​ស៊ើបអង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៦។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាមទារ​រក​របាយការណ៍​ទាំងអស់​ស្តី​ពីការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស​លោក Robert Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ២០១៦។

ការ​ចេញ​ផ្សាយ​របាយការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ផ្នែក​ភាគច្រើន​ក្នុង​សហរដ្ឋអាមេរិក​ផងដែរ។ ពួក​អ្នក​សាធារណរដ្ឋ​ដែល​គាំទ្រ​លោកប្រធានាធិបតី Donald Trump​ និយាយ​ថា​របាយការណ៍​នេះ​បាន​បង្ហាញ​ពី​ភាពស្អាតស្អំ​របស់​លោក Trump។ ប៉ុន្តែ​ពួកអ្នក​ប្រជាធិបតេយ្យ​វិញ​បាន​និយាយ​ថា​មាន​ចំណុច​ជាច្រើន​នៅក្នុង​របាយការណ៍​ដែល​បង្ហាញ​ថា​លោក​ប្រធានាធិបតី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរារាំង​ដល់​យុត្តិធម៌។ ​

បន្ទាប់​ពី​ការចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​របស់​លោក Mueller លោក​ប្រធានាធិបតី Donald Trump បាន​ស្វាគមន៍​អ្នកគាំទ្រ​របស់​លោក​ប្រកប​ការរំភើប​នៅក្នុង​រដ្ឋ Florida។ លោកស្រី Sarah Sanders អ្នក​នាំពាក្យសេតវិមាន​បាន​និយាយ​ថា​ លោកប្រធានាធិបតី​រីករាយ​យ៉ាងខ្លាំង​អំពី​របាយការណ៍​នេះ «របាយការណ៍​បង្ហាញ​ថា​លោកប្រធានាធិបតី​មិន​បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី​ទេ»។

លោក Trump ថ្លែង​ថា​របាយការណ៍ស៊ើបអង្កេត​របស់​លោក Mueller បាន​ជួយ​ឲ្យ​លោក​រួចផុត​ពី​ការ​សង្ស័យ​អំពី​ការឃុបឃិត​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី និង​អំពី​ការ​រារាំង​ដល់​យុត្តិធម៌។ លោក Donald Trump បានថ្លែងថា «បញ្ហា​នេះ​មិន​ត្រូវ​កើតឡើង​ម្តងទៀត​លើ​ប្រធានាធិបតី​ផ្សេង​ទៀត​ទេ។ វា​ជា​រឿង​ឆបោក។ វា​មិន​គួរ​កើត​ឡើង​ម្តងទៀត​ទេ»។

រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ បន្ទាប់​ពី​មាន​ការ​ចេញផ្សារយ​របាយការណ៍​របស់​លោក Robert Mueller កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ បន្ទាប់​ពី​មាន​ការ​ចេញផ្សារយ​របាយការណ៍​របស់​លោក Robert Mueller កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។

ក៏ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​រារាំង​ដល់យុត្តិធម៌​វិញ របាយការណ៍​របស់​លោករដ្ឋ​អាជ្ញា​ពិសេស​បាន​បង្ហាញ​យ៉ាង​លម្អិត​អំពី​ការព្យាយាម​ជាច្រើន​ដង​របស់​លោក Trump ​ដើម្បី​មាន​ឥទ្ធិពល​លើ​ការស៊ើបអង្កេត​នេះ។

លោក Adam Schiff សមាជិក​រដ្ឋ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំរដ្ឋ ​California បាន​ថ្លែង​ថា​សកម្មភាព​របស់​លោក Trump​ អាច​មិនមែន​ជា​សកម្មភាព​ផ្លូវច្បាប់​ ប៉ុន្តែជា​ការ​បង្ករឿង។ លោក Adam Schiff បាន​ថ្លែង​ថា «សកម្មភាព​ទាំងនោះ​គ្មាន​ភាព​ស្មោះត្រង់​ គ្មាន​សីលធម៌​ និងជា​ទង្វើ​ក្បត់ជាតិ​ និង​ត្រូវ​ថ្កោលទោស​ដោយ​ពលរដ្ឋ​អាមេរិកាំង។ វា​មិនមែន​ជា​អ្វី​ដែល​អាច​ឲ្យ​គេ​កែ​តម្រូវ​បាន​នោះ​ទេ» ។

សម្រាប់​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ រួមទាំង​សមាជិកសភា​ប្រចាំរដ្ឋ​ Texas លោក Al Green ផងដែរ​នោះ​យល់ថា​ ខ្លឹមសារ​នៅក្នុង​របាយការណ៍​ស៊ើបអង្កេត​របស់​លោក Mueller មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី​ចេញ​ពី​តំណែង​បាន។ លោក Al Green បានថ្លែងថា «លោក Mueller បាន​បញ្ចប់​ការងារ​របស់​លោក​ហើយ។ ឥឡូវនេះ​ដល់​ពេល​ដែល​សភា​ត្រូវ​ធ្វើ​ការងារ​របស់​ខ្លួន​ហើយ»។

ក៏ប៉ុន្តែ​សម្រាប់​ពួកអ្នកគាំទ្រ​របស់​លោក Trump វិញ​ ដូចជា​លោក Rich George​ មក​ពី​រដ្ឋ Michigan យល់ថា​របាយការណ៍​ស៊ើបអង្កេត​របស់លោក Mueller ស្តីពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​បាន​ជួយ​ផាត់​ពពក​ចេញ​ពី​សេតវិមាន។ លោក Rich George​ បាន​ថ្លែងថា «ឥឡូវនេះ​លោកប្រធានាធិបតី​រួចផុត​ពី​ការស៊ើបអង្កេត​ហើយ​ ហើយ​របាយការណ៍​នេះ​បាន​ជួយ​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​រួចផុត​ពី​ការចោទប្រកាន់​នានា»។

លោក Robert Ray អតីត​រដ្ឋអាជ្ញា​ឯករាជ្យ​ម្នាក់​បាន​និយាយ​ថា​ ដំណាក់កាល​បន្ទាប់​គឺ​អាស្រ័យ​លើ​សភា។ លោក Robert Ray បាន​ថ្លែង​ថា «តើ​យើង​ត្រូវ​ធ្វើអ្វី​បន្ទាប់​ទៀត? វិធានការ​បន្ទាប់​ទៀត​គឺ​មាន​តែ​ការប្តឹង​ចោទ​ប្រកាន់​ទម្លាក់​លោកប្រធានាធិបតី​ចេញ​ពី​តំណែង​តែ​ប៉ុណ្ណោះ​ ហើយ​សំណួរ​ថាតើ​ពេលណា​គណបក្ស​ប្រជាធិបតេយ្យ​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​នេះ?»។

គណបក្ស​ប្រជាធិបតេយ្យ​មាន​គំនិត​ខ្វែងគ្នា​អំពី​ការ​ប្តឹង​ចោទ​ប្រកាន់​នេះ។ ប៉ុន្តែ​ពួកគេ​បង្ហាញ​គោលបំណង​រួមគ្នា​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​លោកប្រធានាធិបតី​មក​ទទួល​ខុសត្រូវ។ នេះបើ​យោង​តាម​លោក David Abraham អ្នកវិភាគ​មក​ពី​សាកលវិទ្យាល័យ Miami។ លោក David Abraham បាន​ថ្លែង​ថា «វា​ពិបាក​ក្នុង​ការព្យាករណ៍​អំពី​ថាតើ​នឹង​មាន​ការ​ផ្លាស់ប្តូរ​កម្រិតណា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ថ្នាក់នាំ​របស់​យើង​នៅក្នុង​សភា​ និង​នៅ​តាម​ស្ថាប័ន​ផ្សេងទៀត​មាន​កាតព្វកិច្ច​ចំពោះ​ពលរដ្ឋអាមេរិកាំង​ក្នុង​ការ​បន្ត​ស្វែងរក​រហូត​ដល់​ការ​ពិតត្រូវ​លាតត្រដាង​ទាំងស្រុង»។

លោក Jim Kessler មក​ពី​វិទ្យាស្ថានស្រាវជ្រាវ Third Way ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ថ្លែង​ថា​ ទាំង​របាយការណ៍​និង​ការយល់ឃើញ​របស់​ពួក​អ្នក​បោះឆ្នោត​អំពី​ការ​សន្និដ្ឋាន​នេះ​ ពិតណាស់​នឹង​ក្លាយ​ជា​ផ្នែកមួយ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០ខាង​មុខ​នេះ។

លោក Jim Kessler បានថ្លែងថា

«ប្រទេស​រុស្ស៊ី​នឹង​មិន​ដក​លោកប្រធានាធិបតី​ចេញ​ពី​ការបោះឆ្នោត​នេះ​ទេ។ រឿងរ៉ាវ​នឹង​កើតឡើង​ខ្លាំង​ជាងមុន​ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​តែងតាំង​បេក្ខជន​ណា​ដែល​អាច​យក​ឈ្នះ​លោក Donald Trump បាន​ ហើយ​បេក្ខជន​នោះ​ត្រូវ​តែ​មាន​គំនិត​ជឿនលឿន​ដែល​អាច​អនុវត្ត​បាន​តាម​ភាពជាក់ស្តែង​ជាង​បេក្ខជន​ផ្សេងទៀត​នៅក្នុង​តំបន់​ដែល​មាន​ទំនោរ​ឆ្វេង​និយម​ជ្រុល»។​

នាពេលបច្ចុប្បន្ន​លោក Trump កំពុង​អមអរ​ជាមួយ​នឹង​ជ័យជម្នះ​ដូច​ដែល​មាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Twitter។ ក៏ប៉ុន្តែ​សំណួរនានា​អំពី​ការ​រារាំង​ដល់​យុត្តិធម៌​ទំនង​ជា​នឹង​តាម​លងបន្លាច​លោក​រហូត​ដល់​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ៕

ប្រែសម្រួលដោយស៊ូ ពេជ្រចិន្តា

XS
SM
MD
LG