កម្មវិធីនយោបាយស្នើដោយគណបក្សប្រជាធិបតេយ្យរិះគន់ការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន ស្នើចំណាយតិចជាងមុនខាងការពារជាតិ និងជំទាស់នឹង«សង្គ្រាមរហូត» នៅពេលគណបក្សនេះស្វះស្វែងលាតត្រដាងគោលដៅនៃគោលនយោបាយការបរទេសរបស់គណបក្ស និងគូសបញ្ជាក់ការខុសប្លែកពីលោកប្រធានាធិបតី Donald Trump។
កម្មវិធីនេះមាន៨០ទំព័រដែលនឹងត្រូវអនុម័តនៅក្នុងមហាសន្និបាតគណបក្សប្រជាធិបតេយ្យក្នុងសប្តាហ៍នេះ ដោយភាគច្រើនគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ពីព្រោះលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីប្រជាធិបតេយ្យនោះ មិនមែនត្រូវតែគាំទ្រគោលជំហរនេះរបស់គណបក្សទេ។ តែយ៉ាងណាក៏ដោយក៏កម្មវិធីនយោបាយនេះផ្តល់គម្រោងនៃទស្សនវិស័យរបស់គណបក្សប្រជាធិបតេយ្យ និងអាទិភាពគោលនយោបាយរបស់គណបក្ស។
គោលនយោបាយនេះត្រូវបានរៀបចំដោយគណៈកម្មាធិការមួយរបស់ពួកមេដឹកនាំគណបក្សប្រជាធិបតេយ្យ ដោយមានរួមបញ្ចូលលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អា.ដែលជាអ្នកប្រជែងចុងក្រោយបង្អស់របស់លោក Biden ហើយគោលនយោបាយនេះស្វះស្វែងបង្រួមគម្លាតរវាងពួកជឿនលឿននិយមក្នុងគណបក្សដែលមានរួមបញ្ចូលទាំងលោក Sanders ផងដែរ និងរបៀបដោះស្រាយមិននិយមជ្រុលរបស់លោក Biden។ កម្មវិធីនយោបាយនេះរក្សាទុកអាទិភាពគោលនយោបាយទូលំទូលាយរបស់លោក Biden។
ការរិះគន់ប្រទេសចិន
ប្រទេសចិនក្លាយជាបញ្ហាសំខាន់មួយក្នុងគោលនយោបាយការបរទេសនៅក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងឆ្នាំ២០២០នេះ ដែលត្រូវគូសបញ្ជាក់ដោយសង្គ្រាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump ជាមួយប្រទេសនេះព្រមទាំងការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណាដែលមានប្រភពពីទីនោះ។
នៅក្នុងកម្មវិធីនយោបាយរបស់គណបក្សរបស់ពួកគេ ពួកប្រជាធិបតេយ្យមានគោលជំហរខ្លាំងប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មរបស់ចិន ហើយស្វះស្វែងព៌ណនាថា កិច្ចខិតខំប្រឹងប្រែងរបស់លោកTrump ប្រឆាំងនឹងប្រទេសនេះមិនតឹងរ៉ឹងគ្រប់គ្រាន់ទេ។
សេចក្តីព្រាងកម្មវិធីនយោបាយនេះចែងថា «មិនដូចលោកប្រធានាធិបតី Trump ទេ យើងនឹងតតាំងនឹងការខិតខំប្រឹងប្រែងពីប្រទេសចិននិងប្រទេសឯទៀតៗក្នុងការលួចកម្មសិទ្ធបញ្ញារបស់ប្រទេសអាមេរិកនិងទាមទារឱ្យចិននិងប្រទេសឯទៀតៗឈប់ធ្វើចារកម្មតាមអ៊ីនធឺណិតប្រឆាំងនឹងក្រុមហ៊ុនយើង»។
កម្មវិធីនយោបាយនេះក៏បានរិះគន់ដែរដល់តារាងពន្ធគយរាប់ពាន់លានដុល្លារដែលលោក Trump បានដាក់កំហិតលើទំនិញចិនក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនដោយហៅគោលនយោបាយពាណិជ្ជកម្មរបស់លោកថា «មិនប្រយ័ត្នប្រយែង» ដោយចែងថា គោលនយោបាយទាំងនេះនាំឱ្យមានផលមិនល្អដល់ពួកកសិករអាមេរិកាំង។
លោក Trump បានស្វះស្វែងប្រឈមនឹងចិនអំពីបញ្ហាមួយចំនួនដោយមានរួមបញ្ចូលពាណិជ្ជកម្ម ការបន្ទាបតម្លៃរូបិយបណ្ណនិងភាពគឃ្លើនខាងយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ លោកបាននិយាយដែរថា ចិនត្រូវតែទទួលខុសត្រូវដល់ការធ្វើឱ្យមានការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា។
ស.រ.អា.និងចិនបានចុះហត្ថលេខាលើដំណើរការទីមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែមករា ក៏ប៉ុន្តែកិច្ចចរចាគ្នាអំពីដំណាក់កាលទីពីរបានគាំងដំណើរ។
លោក Biden បានរិះគន់ការរកស៊ីពាណិជ្ជកម្មរបស់ចិន «ដោយរំលោភ» ព្រមទាំងប្រវត្តិសិទ្ធិមនុស្សរបស់ចិន។ លោកបានគូសបញ្ជាក់ភាពចាំបាច់ធ្វើការជាមួយពួកសម្ព័ន្ធមិត្តអន្តរជាតិក្នុងការតតាំងនឹងចិន។
សម្ព័ន្ធមិត្តអន្តរជាតិ
លោក Charles Stevenson ជាសាស្ត្រាចារ្យខាងគោលនយោបាយការបរទេសអាមេរិកាំងនៅមហាវិទ្យាល័យការសិក្សាអន្តរជាតិជឿនលឿននៃសាកលវិទ្យាល័យJohns Hopkins ហៅកាត់ថា SAIS។ លោកនិយាយបង្ហាញហេតុផលថា ភាពខុសគ្នារវាងគោលនយោបាយការបរទេសរបស់លោក Trump និងលោក Biden គឺថា «លោក Trump បានអនុវត្តការអះអាងឯកតោភាគី» ចំណែកឯលោក Biden វិញបាននិយាយច្បាស់លាស់ថា លោកចង់វិលត្រឡប់ទៅកាន់គំរូការទូត «អន្តរជាតិ សហប្រតិបត្តិការ និងលម្អៀងទៅខាងសម្ព័ន្ធភាព» ដែលមានសារៈសំខាន់ណាស់នៅក្នុងរដ្ឋបាលមុនៗ។
លោក Trump មានរបៀបដោះស្រាយគោលនយោបាយការបរទេសខុសប្លែកច្រើនពីប្រធានាធិបតីភាគច្រើនកាលពីពេលមុនៗ ដោយលោកបានចោទសួរអំពីសេចក្តីថ្លៃថ្នូរនៃសម្ព័ន្ធភាពនិងអង្គការអន្តរជាតិដោយមានរួមបញ្ចូលអង្គការសន្ធិសញ្ញាអាមេរិកខាងជើង អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសុខភាពពិភពលោក។
អត្ថបទច្រើនទំព័រនៃកម្មវិធីនយោបាយគណបក្សប្រជាធិបតេយ្យផ្តោតការយកចិត្តទុកដាក់លើប្រធានបទនៃសម្ព័ន្ធភាពអន្តរជាតិ។ គណបក្សប្រជាធិបតេយ្យរិះគន់ ថា លោក Trump បាន«ហែកចោលការប្តេជ្ញាជាអន្តរជាតិធ្វើឱ្យខ្សោយសម្ព័ន្ធភាពរបស់យើងនិងធ្វើឱ្យប្រឡាក់ប្រឡូសភាពគួរឱ្យជឿទុកចិត្តរបស់យើង»។
គណបក្សប្រជាធិបតេយ្យសន្យាថា នឹងជួសជុលអ្វីដែលខ្លួនឃើញថា ជាការបែកបាក់ទំនាក់ទំនងជាមួយរដ្ឋាភិបាលនៅទូទាំងពិភពលោក ដោយមានរួមបញ្ចូលរដ្ឋាភិបាលក្នុងទ្វីបអឺរ៉ុបនិងទ្វីបអាហ្វ្រិក។ ស្តីពីទ្វីបអាហ្វ្រិក គណបក្សនេះចោទប្រកាន់ថា រដ្ឋបាលលោកTrump «មិនអើពើនិងមើលងាយ» ទ្វីបនេះ។
លោក Biden ផ្តោតការយកចិត្តទុកដាក់លើផែនការគោលនយោបាយការបរទេសរបស់លោកអំពីការកសាងជាថ្មីការទាក់ទងជិតស្និទ្ធមួយពួកសម្ព័ន្ធមិត្តនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិ។
កិច្ចការពារប្រទេសនិងកម្រិតទាហាន
កម្មវិធីនយោបាយរបស់គណបក្សប្រជាធិបតេយ្យអំពាវនាវឱ្យមានការកាត់បន្ថយចំណាយយោធាដែលជាការផ្ទុយស្រឡះពីលោក Trump ដែលគាំទ្រដល់កំណើនចំណាយខាងកិច្ចការពារប្រទេសហើយបានព្រមានថា ពួកប្រជាធិបតេយ្យនឹងធ្វើឱ្យក្រុមយោធាខ្សោយ។
កម្មវិធីនយោបាយនេះចែងថា«យើងអាចរក្សាឱ្យមានកិច្ចការពារប្រទេសខ្លាំងនិងការពារសុវត្ថិភាពនិងសន្តិសុខដោយអស់សោហ៊ុយតិចជាងមុន»ដោយអំពាវនាវឱ្យមានសវនកម្មប្រចាំឆ្នាំនិងការបញ្ឈប់អ្វីដែលគណបក្សនេះឃើញថាជា«ចំណាយខ្ជះខ្ជាយនិងការគៃបន្លំប្រាក់»នៅក្នុងក្រសួងការពារប្រទេស។
កម្មវិធីនយោបាយរបស់គណបក្សប្រជាធិបតេយ្យក៏អំពាវនាវដែរឱ្យ«សង្គ្រាមរហូតនេះត្រូវមានបញ្ចប់ដោយមានការទទួលខុសត្រូវ»។
លោក Biden និងលោក Trump បានសន្យាថា នឹងបន្ថយចំនួនទាហានស.រ.អា.នៅឯប្រទេសក្រៅ។
លោក Trump បានកាត់បន្ថយចំនួនទាហាននៅក្នុងប្រទេស អាហ្វហ្កានីស្ថានមកនៅត្រឹម៨ពាន់៦រយនាក់ពីចំនួន១ម៉ឺន២ពាន់ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងស.រ.អា.និងពួកតាលីបង់ដែលបានត្រូវចុះហត្ថលេខាកាលពីពេលមុននេះក្នុងឆ្នាំនេះ។កាលពីខែមិថុនា លោកបានប្រកាសថា លោកនឹងបន្ថយចំនួនទាហានស.រ.អា.ក្នុងប្រទេសអាល្លឺម៉ង់៩ពាន់៥រយនាក់ពីចំនួនសរុប៣ម៉ឺន៤ពាន់៥រយនាក់។ តែយ៉ាងណាក៏ដោយក៏លោក Trump មានការលំបាកក្នុងការបំពេញតាមការសន្យានៅក្នុងការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦ថានឹងបន្ថយចំនួនទាហានស.រ.អា.ទាំងអស់ដែលតាំងទីក្នុងប្រទេសក្រៅ។
លោក Kyle Kondik ជាអ្នកវិភាគនយោបាយនៅឯសាកលវិទ្យាល័យ Virginia។ លោកបាននិយាយថា គណបក្សសាធារណរដ្ឋបានត្រូវគេមើលឃើញថា ចូលចិត្តធ្វើសង្គ្រាមជាងគណបក្សប្រជាធិបតេយ្យ តែលោកបានថ្លែងថា គេក៏មានហេតុផលនិយាយថា លោក Trump និយមការធ្វើសង្គ្រាមតិចជាងអ្នកប្រជែងនឹងលោកខាងគណបក្សប្រជាធិបតេយ្យនៅក្នុងឆ្នាំ២០១៦គឺលោកស្រី Hillary Clinton ដែលបានត្រូវរិះគន់អំពីការបោះឆ្នោតរបស់លោកស្រីគាំទ្រសង្គ្រាមក្នុងប្រទេសអ៊ីរ៉ាក់។ លោក Kondik បាននិយាយថា ករណីដូចគ្នាអាចធ្វើដោយលោក Trump ប្រឆាំងនឹងលោក Biden ដែលបានបោះឆ្នោតឱ្យមានការធ្វើសង្គ្រាមក្នុងប្រទេសអ៊ីរ៉ាក់ដែរនៅពេលលោកកាន់តំណែងជាសមាជិកព្រឹទ្ធសភាស.រ.អា.។
ស្តីពីបញ្ហាប្រទេសយេ៉មែន កម្មវិធីនយោបាយរបស់គណបក្សប្រជាធិបតេយ្យអំពាវនាវឱ្យមានការបញ្ចប់ការគាំទ្រសង្គ្រាមដឹកនាំដោយប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅក្នុងប្រទេសនេះ។ ហើយស្តីប្រទេសអ៊ីរ៉ង់វិញ កម្មវិធីនយោបាយនេះច្រានចោល«ការផ្លាស់ប្តូររបបគ្រប់គ្រង»ជាគោលដៅមួយនៃគោលនយោបាយស.រ.អា.នៅក្នុងប្រទេសនោះ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ