ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Doug Jones ពី​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Alabama


លោក ​Doug Jones បាន​លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ពិធី​ជប់លៀង​ជ័យ​ជម្នះ​​អាសនៈ​​ព្រឹទ្ធសភា​ស.រ.អា.​ រដ្ឋ​ Alabama កាល​ពី​ថ្ងៃទី​១២ ខែ​ធ្នូ។
លោក ​Doug Jones បាន​លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ពិធី​ជប់លៀង​ជ័យ​ជម្នះ​​អាសនៈ​​ព្រឹទ្ធសភា​ស.រ.អា.​ រដ្ឋ​ Alabama កាល​ពី​ថ្ងៃទី​១២ ខែ​ធ្នូ។

លោក ​Doug Jones ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ពិសេស​ដើម្បី​បំពេញ​អាសនៈ​ទំនេរ​មួយ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​ដែល​តំណាង​រដ្ឋ​ Alabama ក្នុង​ផ្នែក​ខាង​ត្បូង​ស.រ.អា.។

មនុស្ស​ជា​ច្រើន​ឃើញ​ថា​ នេះ​ជា​ដំណើរ​ថយ​ក្រោយ​មួយ​នៃ​គណបក្ស​សាធារណរដ្ឋ​ និង​ជា​ការស្តី​បន្ទោស​មួយ​ដល់​ប្រធានាធិបតី​ ត្រាំ​ ដែល​បាន​គាំទ្រ​លោក​ Roy Moore បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​បញ្ហា​ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​អំពី​អាកប្បកិរិយា​មិន​សមរម្យ​ខាង​ផ្លូវ​ភេទ។

នៅ​ក្រោយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​យ៉ាង​តឹង​តែង ក្រុម​អ្នក​បោះឆ្នោត​បាន​គាំទ្រ​លោក ​Jones​ ច្រើន​ជាង​លោក ​Moore ដោយ​មាន​ចំនួន​៤៩,៩​ ភាគ​រយ​គាំទ្រ​លោក ​Jones ​ហើយ​ ៤៨,៤​ភាគ​រយ​ទៀត​គាំទ្រ​លោក​ Moore។​

លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​មាន​ន័យ​ថា ​ក្នុង​ខែ​មករា​នៅ​ពេល​ដែល​លោក Jones​ ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ក្នុង​ព្រឹទ្ធសភា​ស.រ.អា. ​ចំនួន​ភាគ​ច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​កៅ​អី​១០០​នឹង​មាន​តិច​ជាង​មុន​ដោយ​គណបក្ស​សាធារណរដ្ឋ​មាន​៥១​កៅអី​ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​មាន​៤៩​អាសនៈ​ ហើយការណ៍​នេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី​ ត្រាំ​ មាន​ការ​ពិបាក​ច្រើន​ជាង​មុនក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​របៀប​វារៈរបស់​លោក។​

លោក ​Jones​ បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​លោក​ដែល​អបអរ​សាទរ​នៅ​ក្នុង​សុន្ទរកថា​ទទួល​ជ័យជម្នះ​មួយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា៖ «យើង​បាន​បង្ហាញ​ឱ្យ​ឃើញ​មិន​មែន​តែ​នៅ​ក្នុង​រដ្ឋ​ Alabama តែ​ប៉ុណ្ណោះ​ទេ​ តែ​យើង​បាន​បង្ហាញ​ដល់​ប្រទេស​យើង​នូវ​វិធី​ដែល​យើង​អាច​រួប​រួម​គ្នា​បានផង​ដែរ»។

លោក​បាន​និយាយ​ដែរ​ថា​ ព្រឹទ្ធសភា​មាន​ការងារ​ច្រើន​ត្រូវ​ធ្វើ​អំពី​បញ្ហា​សំខាន់ៗ​ដែល​ប្រទេស​កំពុង​ប្រឈម​ ដោយ​មាន​រួម​បញ្ចូលការ​ថែទាំ​សុខភាព, ការងារ​ និង​សេដ្ឋកិច្ច។

នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​របស់​លោក​ផ្ទាល់​ លោក​ Moore​ មិន​ទាន់​បាន​ទទួល​ស្គាល់​បរាជ័យ​របស់​លោកនៅ​ឡើយ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG