ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Moore​ មិន​ព្រម​ស្តាប់​ការ​អំពាវនាវ​របស់​មេដឹក​នាំ​គណបក្ស​សាធារណរដ្ឋ​ឲ្យ​លោក​ដក​ខ្លួន​ចេញ​ពី​បេក្ខជន​ព្រឹទ្ធសភា


លោក Roy Moore ថ្លែង​នៅ​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​ភរិយា​របស់​លោក​គឺ​លោកស្រី Kayla Moore ក្នុង​ក្រុង Birmingham រដ្ឋ Alabama កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​ Roy Moore​ ដែល​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​រិះគន់​ពី​អ្វី​ដែល​លោក​ហៅ​ថា​ ការ​ចោទ​ប្រកាន់​មិន​ពិត​ អំពី​ការ​ប្រព្រឹត្ត​អំពើ​បៀត​បៀន​ផ្លូវ​ភេទ​កាល​ពី​សប្តាហ៍​មុន​ ខណៈដែល​លោក​បន្ត​ការ​រឹង​ទទឺង​ចំពោះ​ការ​អំពាវ​នាវ​របស់​មេ​ដឹក​នាំ​គណបក្ស​ឲ្យ​លោក​ដក​ខ្លួន​ចេញ​ពី​ការ​បោះឆ្នោត​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​ នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​ Alabama។

ស្ត្រី​២នាក់​បាន​ចោទ​ប្រកាន់​លោក​ Moore​ ពី​ការ​ប្រព្រឹត្ត​អំពើ​បៀត​បៀន​ផ្លូវ​ភេទ​កាល​ពី​ពួក​គេ​ស្ថិត​នៅ​ក្នុង​វ័យ​ជំទង់​ ឯ​លោក​ Moore​ ស្ថិត​ក្នុង​វ័យ​ ៣០​ប្លាយ។ ស្ត្រី៣​នាក់​ផ្សេង​ទៀត​បាន​និយាយ​ប្រហាក់​ប្រហែល​គ្នា​ថា ​នៅ​ចុង​ទសវត្សរ៍ឆ្នាំ​១៩៧០​ លោក​ Moore​ តាម​ណាត់​ពួក​គេ​ នៅ​ពេល​លោក​នៅ​ជា​ចៅ​ក្រម​តុលាការ​កំពូល​ប្រចាំ​រដ្ឋ​ ហើយ​ពួក​គេ​ជា​សិស្ស​វិទ្យា​ល័យ​នៅ​ឡើយ។

មេ​ដឹក​នាំ​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា​ លោក​ Mitch McConnell​ និង​ ប្រធាន​សភា​លោក​ Paul Ryan​ ហើយ​នឹង​អតីត​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ចំនួន​២​រូប​ទៀត​ គឺ​លោក​ Mitt Romney​ និង​ សមាជិក​ព្រឹទ្ធសភា​លោក​ John McCain​ សុទ្ធ​តែ​បាន​និយាយ​ថា លោក​ Moore​ ដែល​មាន​វ័យ ៧០​ឆ្នាំ​នេះ​គួរ​តែ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង​យក​តំណែង។

លោក​ McConnell​ បាន​ប្រាប់​អ្នក​រាយការណ៍​ថា​ ស្ត្រី​ដែល​បាន​បង្ហាញ​មុខ​នោះ​ សុទ្ធ​តែ​ អាច​ «ជឿ​ជាក់​បាន​ទាំង​ស្រុង»​ ហើយ​លោក​ Moore​ «ច្បាស់​ណាស់​មិន​សក្តិ​សម​នៅ​ក្នុង​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ទេ»។

លោក​ Moore​ បាន​ឆ្លើយ​តបវិញ​ដោយ​សារ​យ៉ាង​ខ្លី​តាម​ប្រព័ន្ធ​សង្គម​ Twitter​ ថា​ «លោក​ Mitch McConnell​ ជា​ទី​ស្រឡាញ់​ បើ​ហ៊ាន​ ចូល​មក»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ដូណាល់​ ត្រាំ​ មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ស្ថាន​ភាព​នេះ​ទេ។

លោក​ Moore​ កំពុង​ប្រឈម​នឹង​លោក​ Doug Jones​ ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ និង​ អតីត​រដ្ឋអាជ្ញា​ នៅ​ក្នុង​ការ​ប្រជែង​យក​តំណែង​ព្រឹទ្ធសភា​ដែល​នៅ​សល់​៣ឆ្នាំ​ ដែល​កាលពី​មុន​ជា​តំណែង​លោក​ Jeff Sessions​ ដែល​បាន​ចុះ​ចេញ​ពី​តំណែង​នេះ​ទៅ​ចូល​រួម​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក​ត្រាំ​ ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។

ការ​ចោទ​ប្រកាន់​នានា

លោក​ Moore​ បាន​បន្ទោស​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ថា​វាយ​ប្រហារ​មក​លើ​យុទ្ធនាការ​របស់​លោក​ ហើយ​ថ្លែង​ថា​លោក​នឹង​ប្តឹង​ The Washington Post​ ដែល​ជា​កាសែត​បាន​ចុះផ្សាយ​ពី​ការ​ចោទ​ប្រកាន់​ដែល​លេច​ឡើង​មុន​គេ​ ពី​ស្ត្រី​៤នាក់​នៅ​ក្នុង​បទ​សម្ភាសន៍​សម្រាប់​ចុះ​ផ្សាយ។

ស្ត្រី​ទី​៦​ ដែល​បាន​ចោទ​ប្រកាន់លោក​ Moore​ ថា​ស្ទាប​នាង​ ខណៈ​ដែល​នាង​នៅ​ការិយាល័យ​មេធាវី​របស់​លោក​នៅ​រដ្ឋ​ Alabama​ កាល​ពី​ឆ្នាំ​១៩៩១។ ខុស​ពី​ករណី​មុនៗ​ដែល​ទាក់​ទិន​នឹង​ក្មេង​វ័យ​ជំទង់​ អ្នក​ស្រី​ Tina Johnson​ កាល​ពេល​នោះ​មាន​អាយុ​ ២៨​ឆ្នាំ​ ហើយ​កំពុង​មាន​បញ្ហា​លែង​លះ​ប្តី។ អ្នក​ស្រី​ពេល​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការិយាល័យ​មេធាវី​ជាមួយ​ម្តាយ​របស់​អ្នក​ស្រី​ ដែល​បាន​ជួល​លោក​ Moore​ ដើម្បី​ដោះ​ស្រាយ​ករណី​បីបាច់​ថែរក្សា​កូន​ប្រុស​របស់​អ្នក​ស្រី។

នៅ​ពេល​ដែល​អ្នក​ស្រី​និង​ម្តាយ​ចាក​ចេញ​ពី​ការិយាល័យ​របស់​លោក​ Moore​ អ្នក​ស្រី​ Johnson​ ថ្លែង​ថា​លោក​ Moore​ បាន​ស្ទាប​គូថ​របស់​នាង។ អ្នក​ស្រី​បាន​និយាយ​ថា៖ «គាត់​មិន​បាន​ក្តិច​ទេ​ គាត់​ចាប់​គូទ​ខ្ញុំ»។

កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះ​ អ្នក​ស្រី​ Beverly Young Nelson​ បាន​ចោទ​ប្រកាន់​ថា​ លោក​ Moore​ បាន​បំពាន​លើ​រាង​កាយ​អ្នក​ស្រី​កាល​ពី​យប់​មួយ ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ បន្ទាប់​ពី​អ្នក​ស្រី​បាន​បញ្ចប់​ការ​ងារ​របស់​អ្នក​ស្រី​នៅ​ភោជនីយដ្ឋាន​សាច់​អាំង​មួយ​ ដែល​ជា​ភោជនីយដ្ឋាន​ដែល​លោក​ Moore​ ទៅ​ជា​ញឹក​ញាប់​នៅ​ទី​ក្រុង​ Gadsden​ នៃ​រដ្ឋ​ Alabama។ លោក​ Moore​ បាន​អះអាង​ថា​មិន​ស្គាល់​ស្ត្រី​ម្នាក់​នេះ​ទេ​ ប៉ុន្តែ​អ្នក​ស្រី​ Nelson​ បាន​និយាយ​ថា​នៅ​ឆ្នាំ​ ១៩៧៧​ លោក​បាន​ជូនពរ​អ្នក​ស្រី​ថា​ «រីករាយ​ថ្ងៃ​បុណ្យ​ណូអែល»​ នៅ​សៀវ​ភៅ​ប្រចាំ​ឆ្នាំ​នៅ​វិទ្យាល័យ​របស់​អ្នក​ស្រី។

«ចំពោះ​នារី​ដែល​ផ្អែម​ល្អែម​ និង​ ស្រស់​ស្អាត​ជាង​គេ​ រីក​រាយ​ថ្ងៃ​បុណ្យ​ណូអែល ពី​ Roy Moore​ D.A.»​ នេះ​ជា​សំណេរ​ ដែល​សំដៅ​ទៅ​លើ​ការងារ​របស់​លោក​ជា​មេធាវី​ប្រចាំ​រដ្ឋ​នៅ​ពេល​នោះ។

លោក​ Phillip Jauregui​ ដែល​ជា​មេធាវី​ការពារ​លោក​ Moore​ កាល​ពី​សប្តាហ៍មុន ​បាន​ចោទ​ជា​សំនួរ​ថា​តើ​ លោក​ Moore​ ពិត​ជា​បាន​សសេរ​អក្សរ​ទាំង​អស់​នោះ​ដែរ​ឬ​ទេ។

នៅ​ក្នុង​សារ​ដែល​លោក​បាន​ដាក់​នៅ​លើ​បណ្តាញ​សង្គម​ Facebook​ និង​ Twitter​ លោក​ Moore​ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​អ្នក​ស្រី​ Nelson​ និង​ ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ Leigh Corfman​ ដែល​និយាយ​ថា​លោក​ Moore​ បាន​ផ្តើម​បៀត​បៀន​ផ្លូវ​ភេទ​អ្នក​ស្រី​នៅ​ពេល​អ្នក​ស្រី​មាន​អាយុ​១៤​ឆ្នាំ។ លោក​ Moore​ បន្ថែម​ថា​លោក​ «មិន​បាន​ទាក់​ទង​ក្មេងៗ​មិន​ទាន់​គ្រប់​អាយុ​ទេ»។

លោក​ Moore​ ដែល​ជា​ចៅ​ក្រមម្នាក់​ និង​ដែល​ត្រូវ​ដកហូត​ចេញ​ពី​តំណែង​ប្រធាន​តុលាការ​កំពូល​២លើក​ បាន​ថ្លែង​ថា​លោក​កំពុង​ស៊ើប​អង្កេត​ពី «ប្រភព​ និង​ ការ​ជំរុញ»​ ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

លោក​ថ្លែង​ថា៖​ «តើ​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​របស់​នយោបាយ​អាមេរិក​ដែល​ការ​ចោទ​ប្រកាន់​ខុស​អាច​ឈ្នះ​ការ​បំពេញ​កិច្ចការ​បំរើ​សាធារណៈ​ជន​អស់​រយៈពេល​៤០​ឆ្នាំ​ ហើយ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​បណ្តាញ​សាព័ត៌មាននិង​ អ្នក​នយោបាយ​ដើម្បី​ថ្កោល​ទោស​ជន​ស្លូត​ត្រង់​ម្នាក់​ ហើយ​នឹង​អាច​ប៉ះ​ពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោតជាតិ​ដ៏​សំខាន់​មួយ​មែន​ទេ?»​ ​

វិបត្តិ​នយោបាយ

ការ​ស្ទង់​មតិ​នយោបាយ​បង្ហាញ​ថា​ លោក​ Moore​ និង​ លោក​ Jones​ ពី​គណបក្ស​ប្រជា​ធិបតេយ្យ​គឺ​កំពុង​ប្រជែង​គ្នា​យ៉ាង​កៀក​បំផុត​នៅ​ក្នុង​រដ្ឋ​នយោបាយ​អភិរក្ស​ ដែល​បោះ​ឆ្នោត​យ៉ាង​ច្រើន​ឲ្យ​លោក​ ត្រាំ​ នៅ​ពេល​បោះ​ឆ្នោត​ប្រធានា​ធិបតី​កាល​ពី​ឆ្នាំ​មុន។

លោក​ត្រាំ​ ខណៈដែល​កំពុង​ធ្វើ​ដំណើរ​នៅ​ក្រៅ​ប្រទេស​នោះ​ បាន​បដិសេធ​មិន​ឆ្លើយ​សំនួរ​ទាក់​ទិន​នឹង​លោក​ Moore។ លោក​ថ្លែង​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​ប្រទេស​វិញ​ដើម្បី​ដឹង​ថា​អ្វី​ដែល​កំពុង​កើត​ឡើង»។

លោក​ត្រាំ​ ប្រឈម​នឹង​វិបត្តិ​នយោបាយ​ក្នុង​ការ​ដោះ​ស្រាយ​រឿង​លោក​ Moore។ បេក្ខជន​នេះ​អាច​មិន​អើពើពី​សំណូម​ពរ​របស់​លោក​ប្រធានាធិបតី​ឲ្យ​ចេញ​ពី​ការ​ប្រជែង​តំណែង​ ដោយសារ​លោក​ត្រាំ​ គាំ​ទ្រ​គូប្រជែង​លោក​ Moore​ នៅ​ការ​បោះ​ឆ្នោត​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ខែ​កញ្ញា​ ដោយ​ចាត់​តាំង​សមាជិក​ព្រឹទ្ធសភា​គឺ​លោក​ Luther Strange។ ប៉ុន្តែ​បន្ទាប់​ពី​លោក​ Moore​ បាន​ឈ្នះ​ឆ្នោត​ លោក​ត្រាំ​បញ្ចេញ​សំឡេង​គាំទ្រ​វិញ។

បន្ថែម​ពី​នេះ​ បើ​សិន​ជា​លោក​ត្រាំ​និយាយ​ដូច​សមាជិក​គណបក្ស​សាធារណរដ្ឋ​ផ្សេង​ទៀត​ ដែល​ជឿ​លើ​ការ​ចោទ​ប្រកាន់​របស់​ស្ត្រី​ទាំង​នោះ​ទៅ​លើ​លោក​ Moore​នោះ អ្នក​រិះ​គន់​លោក​ត្រាំ​ ប្រហែល​ជា​ចោទ​ជា​សំនួរ​ថា​ហេតុអ្វី​ជឿ​ស្ត្រី​ទាំង​នោះ​ ប៉ុន្តែ​មិន​ជឿ​ស្ត្រី​ទាំង​១១​នាក់​ដែល​បាន​ចោទ​ប្រកាន់​លោក​ត្រាំ​ពី​ការ​ស្ទាប​ និង​ ថើប​ដោយ​មិន​មាន​ការ​យល់​ព្រម​ នៅ​អំឡុង​ការ​បោះឆ្នោត​ប្រធានាធិបតី។ លោក​ត្រាំ បាន​មាន​ប្រសាសន៍​ថា​ ពួក​គេ​គឺ​ជា​អ្នក​កុហក​ ហើយ​សន្យា​ថា​នឹង​ប្តឹង​ពួក​គេ​ ប៉ុន្តែ​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ឡើយ។

លោក​ McConnell​ និង​ មន្ត្រី​ពី​គណបក្ស​សាធារណរដ្ឋ​ផ្សេង​ទៀត​បាន​បង្ក​គំនិត​មួយ​ដើម្បី​បង្កើត​ការ​សសេរ​ឈ្មោះ​បេក្ខជន​លើ​សន្លឹក​ឆ្នោត​ដើម្បី​យក​ឈ្នះ​លោក​ Moore។​ អ្នក​ខ្លះ​បាន​ឲ្យ​យោបល់​អំពី​ ការ​ព្យាយាម​ដ៏​ប្លែក​ដែល​ចង់​រក្សា​អាសនៈ​សភា​នៅ​ក្នុង​ដៃ​គណបក្ស​សាធារណរដ្ឋ​ជា​មួយ​នឹង​ការ​សសេរ​ឈ្មោះ​ចូល​លើ​សន្លឹក​ឆ្នោត​ ខណៈដែល​អ្នក​ផ្សេង​ទៀត​បាន​ឲ្យ​យោបល់​ថា​ លោក​ Sessions​ ចុះ​ចេញ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ហើយ​ព្យា​យាម​យក​តំណែង​ព្រឹទ្ធសភា​វិញ​ដែល​លោក​បាន​កាន់​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ។

សមាជិក​គណបក្ស​សាធារណរដ្ឋ​ផ្សេង​ទៀត​បាន​ថ្លែង​ថា​ បើ​សិន​ជា​លោក​ Moore​ ឈ្នះ​ឆ្នោត​បាន​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​សមាជិក​១០០​នាក់​នោះ​ ពួក​គេ​នឹង​ព្យាយាម​ដេញ​លោក​ចេញ​ភ្លាមៗ​ ពី​ព្រោះ​តែ​លោក​មិន​សក្តិសម​តាម​ក្រម​សីល​ធម៌​ជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ទេ៕

XS
SM
MD
LG