ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បោះឆ្នោត​នៅ​រដ្ឋ Alabama នៅ​ថ្ងៃ​អង្គារ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​មាន​ភាព​ចម្រូងចម្រាស​នៅក្នុង​ព្រឹទ្ធសភារដ្ឋ​អាមេរិក

  • Michael Bowman

បដា​មួយ​ដែល​ឃោសនា​ឲ្យ​លោក Roy Moore បេក្ខជន​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​សាធារណរដ្ឋ​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​អគារ​មួយ​ក្នុង​ក្រុង Birmingham រដ្ឋ Alabama កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។

ការ​ផ្តោត​របស់​រដ្ឋាភិបាល​ក្រុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​សប្តាហ៍​នេះ​ គឺ​លើ​រដ្ឋ Alabama ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ ដែល​រដ្ឋ​នេះ​​នឹង​ធ្វើ​ការ​បោះឆ្នោត​ពិសេស​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ សម្រាប់​តំណែង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មួយ​អាសនៈ។ ជោគវាសនា​នៃ​របៀបវារៈ​នីតិបញ្ញតិ​របស់​លោក​ប្រធានាធិបតី Donald Trump អាច​នឹង​មាន​ភាព​ស្រពិចស្រពិល ដែល​ក្នុង​នោះ​ មាន​ទាំង​គម្រោង​សើរើ​ពន្ធដារ​ពោរពេញ​ដោយ​មហិច្ឆិតា​មួយ​ផងដែរ។

រដ្ឋ Alabama គឺ​ជា​រដ្ឋ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​រដ្ឋ​ផ្សេងៗនៅ​អាមេរិក​សម្រាប់​ក្រុម​អ្នក​អភិរក្ស​និយម។ ការ​បោះឆ្នោត​នៅក្នុង​រដ្ឋ​ដែល​មាន​ទំនោរ​ទៅ​រក​គណបក្ស​សាធារណរដ្ឋ​នេះបង្ហាញ​ពី​ការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​រវាង​បេក្ខជន​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក Roy Moore និងបេក្ខជនព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Doug Jones។

មាន​ស្ត្រី​ជាច្រើន​បាន​ចោទប្រកាន់​លោក​ Moore ថា​បាន​បៀតបៀន​ផ្លូវភេទ​ទៅ​លើ​ពួកគេ​ កាល​ពី​ពេលពួកគេ​នៅ​ជា​យុវវ័យ។ លោក Moore បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ និង​មិន​បាន​ឆ្លើយ​តបទៅសមាជិក​គណបក្សសាធារណរដ្ឋ​ដែល​លេចធ្លោ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​បាន​អំពាវនាវ​ឲ្យ​លោក​លា​ចេញពី​ការប្រកួត​នោះ​ឡើយ។

លោក ROY MOORE បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ខាងគណបក្ស​ធាសារណរដ្ឋ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​ពួកគេ​ខ្លាចថា​ខ្ញុំ​នឹង​យករឿងរ៉ាវ​សំខាន់ៗ​នៅក្នុង​រដ្ឋ Alabama ទៅ​ពិភាក្សានៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា​ ខ្ញុំ​នឹង​រង់ចាំ​ដល់​ថ្ងៃ​នោះ​មក​ដល់»។

មុន​ដំបូង​លោកប្រធានាធិបតី Trump ហាក់​ដើរ​ចេញ​ពី​លោក​ Moore ប៉ុន្តែ​ឥឡូវ​នេះ​លោក​បែរ​ជា​គាំទ្រ​លោក Moore វិញ​ដោយ​សង្ឃឹម​ថា​លោក Moore នឹង​រក្សា​អាសនៈ​ព្រឹទ្ធសភា​ឲ្យ​គណបក្ស​សាធារណរដ្ឋ​បាន។ លោក Trump ថ្លែង​ថា៖ «ការ​ទទួល​បាន​អាសនៈ​មួយនេះ​នៅ​ក្នុង​ព្រឹទ្ធសភា គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​គណបក្ស​សាធារណ​រដ្ឋ និង​សម្រាប់​សហរដ្ឋ​អាមេរិក​ទេ»។

លោក Moore ដែល​ជា​អ្នក​ប្រកាន់​ខ្ជាប់​សាសនាគ្រិស្ត​មួយ​រូប បាន​ធ្វើ​ឲ្យ​សមាជិក​សាធារណ​រដ្ឋ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​ តាំង​ពី​មុន​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ផ្លូវភេទ​នេះ​កើតឡើង​មក​ម្ល៉េះ។ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​រូប​ ដែល​បាន​សរសេរ​ថា «Country over Party» ឬ​មាន​ន័យ​ថា​ «គិត​ពី​ប្រយោជន៍​ប្រទេស​មុន​គិត​ពី​គណបក្ស» បាន​ផ្សព្វផ្សាយ​ពី​ការ​ឧបត្ថម្ភ​របស់​លោក​ដល់​យុទ្ធនាការ​របស់​លោក Jones ខាង​គណបក្ស​ប្រជាធិបតេយ្យ​នា​ពេល​ថ្មីៗ​នេះ។ មេ​ដឹក​នាំ​ខាង​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា​ លោក Mitch McConnell បាន​ប្រកាស​ថា​លោកMoore មិន​សក្តិសម​កាន់​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ទេ​ ប៉ុន្តែ​លោកបាន​ថ្លែង​ថា​ ពលរដ្ឋ​ក្នុង​រដ្ឋ Alabama គឺ​ជា​អ្នក​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​ប្រកួតប្រជែង​នេះ។ លោក MITCH MCCONNELL មេដឹក​នាំ​សំឡេង​ភាគ​ច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ​ថ្លែង​ថា៖ «ខ្ញុំ​ធ្លាប់​គិត​ថា លោក Moore នឹង​បោះបង់​បេក្ខភាព​របស់​លោក​ តែ​ឥឡូវ​នេះ​វា​បង្ហាញ​យ៉ាងច្បាស់​ថា​ លោក​នឹង​មិន​បោះ​បង់​នោះ​ទេ។ ប្រសិន​បើ​លោក​ជាប់​ឆ្នោត​មែន​ លោក​នឹង​ប្រឈម​នឹង​ករណី​ចោទប្រកាន់​ពី​គណៈកម្មាធិការ​ក្រមសីលធម៌របស់ព្រឹទ្ធសភា​ភ្លាមៗ​តែម្តង»។

ស្របពេល​ជាមួយ​គ្នា​នេះ​ ក្រុម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ មើល​ឃើញ​ថា​មាន​ឱកាស​តិចតួច​ ដើម្បី​យក​ឈ្នះ​អាសនៈ​ព្រឹទ្ធសភា​នៅតំបន់ភាគ​ខាងត្បូងសហរដ្ឋ​អាមេរិក​ ដែល​គណបក្ស​សាធារណរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ​ ទទួល​បាន​អាសនៈ​ទាំងអស់​ចាប់​តាំង​ពីរដ្ឋ Texas រហូត​ដល់​រដ្ឋ Carolina ទាំង​ពីរ។ លោក Doug Jones បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ថា៖ «យើង​មាន​ឱកាស​ដ៏​កម្រ​មួយនៅក្នុង​រដ្ឋ Alabama។ យើង​ឃើញ​ពលរដ្ឋ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅក្នុង​ការឆ្នោត​នេះ។ ពលរដ្ឋ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​សម្រាប់​ការផ្លាស់ប្តូរ​នេះ»។

ជោគជ័យ​របស់លោក​ Jones នឹង​កាត់​បន្ថយ​អាសនៈ​ព្រឹទ្ធសភា​ពី​គណបក្ស​សាធារណរដ្ឋ​ចំនួន​មួយ​ ដែល​ការណ៍​នេះ​នឹង​អាច​ក្លាយ​ទៅ​ជា​ឧបសគ្គ​ដល់​ការ​ធ្វើ​កំណែទ​ម្រង់​ពន្ធដារ​ និង​កំណែ​ទម្រង់​ផ្សេងៗ​ទៀត​របស់​លោក Trump មុន​នឹង​បញ្ជូន​ទៅ​សភា​សម្រេច។ ទាំង​អស់​នេះ​ហើយ​ជា​អ្វី​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Moore ចង់​លើក​ឡើង នៅ​ក្នុង​រដ្ឋ​ Alabama ដែល​ជា​រដ្ឋ​លោក Trump ទទួល​បាន​ជ័យជម្នះ​កាល​ពី​ឆ្នាំ​មុន​ និង​ជា​រដ្ឋ​មួយ​ដែល​លោក​ប្រធានាធិបតី​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព។ លោក Dean Young ជា​អ្នកយុទ្ធសាស្ត្រ​ក្នុង​យុទ្ធនាការ​របស់​លោក More ថ្លែង​ថា៖ «នេះ​គឺ​ជា​ការ​សាកល្បង​ចំពោះ​លោក Trump នៅ​ក្នុង​រដ្ឋ Alabama។ បើ​សិន​ជា​ពលរដ្ឋ ​Alabama បោះឆ្នោត​ឲ្យ​លោក Doung Jones ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នោះ​មាន​ន័យ​ថា​ពួកគេ​បោះឆ្នោត​ប្រឆាំង​នឹង​ប្រធានាធិបតី​ដែល​ពួកគេ​បាន​បោះឆ្នោត​គាំទ្រ​ឲ្យកាន់​តំណែង​ជា​ប្រធានាធិបតី»។ លោកស្រី TERRI SEWEL សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ថា៖ «ពួក​ខាង​គណបក្ស​សាធារណរដ្ឋ​ផ្តោត​លើ​ផលប្រយោជន៍​គណបក្ស​របស់​ខ្លួនជាង​គោលការណ៍​ និង​ជាង​ប្រជាពលរដ្ឋ។ ខ្ញុំ​សង្ឃឹម​ថា​ពលរដ្ឋ Alabama ពិត​ជា​មើល​ឃើញ​តាមរយៈ​ទង្វើ​ទាំងនេះ​ ហើយ​នឹង​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​ដ៏ត្រឹមត្រូវ ជាជាង​ផ្តោត​តែ​លើ​គណបក្ស»។

លោក Jones និងលោក Moore កំពុង​ប្រកួត​ប្រជែង​គ្នា​ដណ្តើម​យក​អាសនៈ​ព្រឹទ្ធសភា ដែល​ធ្លាប់​បាន​កាន់កាប់​ដោយ​លោក Jeff Sessions មុន​នឹង​លោក​ត្រូវ​បាន​លោក Trump តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG