ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​​នឹង​​បើ​ក​សវនាការ​សំណុំ​រឿង​០០២​វគ្គ​ទី​២​នៅ​ពាក់​កណ្តាល​ខែ​តុលា


អតីត​មេដឹកនាំ​ខ្មែរ​ក្រហម នួន ជា ​និង​ខៀវ សំផន​ នៅ​ក្នុង​អំឡុង​សវនាការ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។
អតីត​មេដឹកនាំ​ខ្មែរ​ក្រហម នួន ជា ​និង​ខៀវ សំផន​ នៅ​ក្នុង​អំឡុង​សវនាការ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​នឹង​បើក​សវនាការ​កាត់​ទោស​នួន ជា ​និង​ខៀវ សំផន​ក្នុង​សំណុំ​រឿង​០០២​ វគ្គ​ទី​២​នៅ​ថ្ងៃ​ទី​១៧​ខែ​តុលា​ខាងមុខ​នេះ។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​សាលាក្តី​ខ្មែរក្រហម​កាល​ពី​ចុង​សប្តាហ៍​មុន។​

លោក​ចៅក្រម​និល ណុន​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូងបញ្ជាក់​នៅ​ក្នុង​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​សុក្រ​ថា ​សវនាការ​ពិនិត្យ​លើ​ភស្តុតាង​នេះ​នឹង​ដំណើរការ​ចំនួន​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។​ ហើយ​សវនាការ​ដើម្បី​ស្តាប់​សក្ខី​កម្ម​របស់​សាក្សីជា​លើក​ដំបូង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០​ខែ​តុលា។​

លោក ​ឡុង បញ្ញាវុធ​ មន្រ្តី​សម្រប​សម្រួល​កម្ម​វិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​របស់​អង្គការ ​OSJI​ របស់​សហ​រដ្ឋ​អាមេរិក​ ​បាន​អបអរសាទរការកាត់​ក្តី​ដំណាក់​កាល​ទី​២​នេះ។​

លោក​អះអាង​ថា ការ​ឈាន​ចូល​កាត់​ក្តី​សំណុំ​រឿង​០០២​វគ្គ​ទី​២​នេះបាន​កាត់​បន្ថយ​កង្វល់​អំពី​ភាព​ចាស់​ជរា​របស់​ជន​ជាប់​ចោទ​ និង​ភាព​យឺតយ៉ាវ​នៃ​នីតិវិធី​ដោយសារ​បណ្តឹង​សារទុក្ខ។​

«ពី​មុន​មក​ យើង​មាន​ការ​បារម្ភ​អំពី​ភាព​យឺតយ៉ាវ​នៃ​ការ​កាត់​ក្តី​សំណុំ​រឿង​០០២​វគ្គ​២​នេះ។​ ឥឡូវ​នេះ​យើង​ឃើញ​ច្បាស់​ហើយ​តាម​កាលវិភាគ​របស់​តុលាការ។ ​យើង​អាច​និយាយ​បាន​ថា ​ការ​រង់​ចាំ​របស់​ជន​រង​គ្រោះ​ក្នុ​ងការ​ទទួល​បាន​នូវ​យុត្តិធម៌​គឺ​គាត់​នឹង​ទទួល​បាន»។

ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ អាយុ​៨៣​ឆ្នាំ​ និង​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​អាយុ​៨៨​ ឆ្នាំ​ ​ត្រូវ​ផ្តន្ទា​ទោស​ដោយអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពី​ដើម​ខែ​សីហា ​ក្រោយ​ពី​តុលាការ​រក​ឃើញ​កំហុសទាក់​ទង​ទៅ​នឹង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ក្រោម​ការ​គ្រប់​គ្រងរបស់​ខ្លួន។​

ការ​គ្រប់​គ្រង​ ដែល​មាន​រយៈ​ពេល​ជិត​បួន​ឆ្នាំ​ បាន​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់។​

ក្នុង​ពេល​នេះ​ សហ​មេធាវី​របស់នួន ជា ​និង​ខៀវ សំផន​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ប្តឹង​ទាស់​នឹង​សាលក្រម​ខាង​លើ។​

លោក​ប៊ូ ម៉េង​ អតីត​អ្នក​ទោស​គុក​ទួលស្លែង​ និង​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់​ យល់​ថា ការ​កាត់​ទោស​បន្ថែម​ក្នុង​សំណុំ​រឿង​០០២​នេះ​ធ្វើ​ឲ្យ​លោក​មាន​ការ​ពេញ​ចិត្ត។​

«បើ​ចៅ​ក្រម​រក​ឃើញ ​និង​រក​បន្ថែម​ទៀត​ កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត។ ​តាម​ខ្ញុំ ចង់​ឲ្យ​កាត់​ទោស​អ្នក​ដែល​សម្លាប់​ផ្ទាល់​ទៀតណ៎»។​

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហមបាន​ដាក់​ផែន​ការ​កាត់ក្តី​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២​នេះ​ ​ដោយ​ផ្តោ​ត​លើ​ឧក្រិដ្ឋ​កម្ម​ធំៗ​ចំនួន​៧​ចំណុច​ ក្នុង​នោះ​មាន​ឧក្រិដ្ឋ​កម្ម​ដែល​កើត​ឡើង​នៅ​ក្នុង​សហករណ៍​ ដូចជា​សហករណ៍​តាំ្រកក់​ និង​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់​ ខេត្ត​តាកែវ​ដែល​មាន​ពលរដ្ឋ​១៥​០០០​នាក់​ត្រូវ​សម្លាប់។​ ឧក្រិដ្ឋកម្ម​នៅ​ការដ្ឋាន​ការងារ​ដូចជា​ការដ្ឋាន​ទំនប់​១​មករា​ ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម ​ខេត្ត​បន្ទាយ​មានជ័យ ​និង​ការដ្ឋាន​ព្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង។ ​ឧក្រិដ្ឋកម្ម​លើ​ក្រុម​មនុស្ស​គោល​ដៅ​ដែល​ត្រូវ​ពួក​ខ្មែរក្រហមកម្ទេច ​ដូចជា​ជនជាតិ​ចាម​ ជនជាតិ​វៀតណាម​ និង​អតីត​រាជការ​សម័យ​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​លន់ នល់។​ ឧក្រិដ្ឋ​កម្ម​នៅ​តាម​មន្ទីរ​សន្តិសុខ​ និង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​ ដូច​ជា​មន្ទីរ​សន្តិសុខ​អូរកន្សែង ​មន្ទីរ​សន្តិសុខ​ភ្នំក្រោល​ និង​មន្ទីរ​សន្តិសុខ​ស ២១ ​ឬ​គុក​ទួល​ស្លែង​ជាដើម។​

ក្រៅ​ពីនោះ ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​នឹងផ្តោត​លើគោលដៅ​ឧក្រិដ្ឋកម្ម​ចំនួន​បី​ចុង​ក្រោយ​គឺបទ​ល្មើស​ដែល​ទាក់​ទង​នឹង​ការ​ចេញ​បញ្ជា​ឲ្យ​រៀប​ការ​ដោយ​បង្ខំ ​លក្ខណៈ​នៃ​ជម្លោះ​ប្រដាប់​អាវុធ ​និង​តួនាទី​របស់​ជនជាប់​ចោទ​ទាំង​ពីរ​គឺ​នួន ជា ​និង​ខៀវ សំផន។​

តាម​គម្រោង ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​នឹង​ចាប់​ផ្តើម​បើក​សវនាការ​ពិនិត្យ​ភស្តុតាង​លើ​ឧក្រិដ្ឋ​កម្ម​ក្នុង​សហករណ៍​ត្រាំកក់ ក្នុង​ខេត្ត​តាកែវ​ជាប់​ព្រំដែន​វៀតណាម​មុន​គេ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG