ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នួន ជា​ និង​ខៀវ សំផន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ទោស​មួយ​ជីវិត

  • គង់ សុឋានរិទ្ធ

ខៀវ សំផន ​(ឆ្វេង) អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម និង នួន ជា (ស្តាំ) ​​អតីត​ប្រធាន​សភា​ខ្មែរក្រហម។

ជនជាប់​ចោទ ​នួន ជា ​និង​ខៀវ សំផន ​បាន​ប្រកាស​ប្តឹងសារទុក្ខប្រឆាំង​ទៅ​នឹង​សាល​ក្រម​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដោយ​សំអាង​ថា សាល​ក្រម​នោះ​មាន​កំហុស​អង្គ​ច្បាប់​«ជាច្រើន»។

​កាល​ពី​ខែ​សីហា​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​សម្រេច​ផ្តន្ទាទោស​អតីត​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ទាំង​ពីរ​ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​ក្នុងការ​កាត់​ទោសជនជាប់​ចោទ​ទាំង​ពីរ​ក្នុង​សំណុំរឿង​០០២​វគ្គ​ទី១។​ការ​ផ្តន្ទា​ទោស​ដោយ​តុលាការ​រក​ឃើញ​ថា​ជន​ជាប់ចោទមានកំហុស​ទាក់​ទង​នឹងការបណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាង​តិច​១,៧លាននាក់។

​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹងទៅ​កាន់​អង្គជំនុំ​ជម្រះតុលាការ​កំពូល​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៩​ខែ​កញ្ញា ​ក្រុម​មេធាវីរបស់ នួន ជា​ ​អតី​តប្រធាន​សភា​ខ្មែរក្រហម​បាន​រក​ឃើញ​កំហុសក្នុ​ងការ​កាត់​ក្តី​របស់​អង្គ​ជំនុំ​ជម្រះ​ជាន់​ទាប​សរុប​ចំនួន​២២៣​ក្នុង​នោះមាន​ដូចជា​កំហុស​ក្នុ​ងការ​អនុវត្ត​ច្បាប់​អន្តរជាតិនិង​វិធាន​ផ្ទៃ​ក្នុង ​មាន​ការរំលោភ​សិទ្ធិ​នួន​ ជា ​ដោយ​ពង្រីក​ការ​ទទួល​ខុស​ត្រូវ​របស់​ជនជាប់​ចោទ​លើ​ឧក្រិដ្ឋ​កម្ម​និង​សិទ្ធិ​ទទួល​បាន​ការជំនុំ​ជម្រះ​ដោយ​តុលាការ​ឯករាជ្យ​និង​មិនលំអៀង។​

​សេចក្តី​ជូន​ដំណឹង​ដដែល​នេះ​អះអាង​ថាចៅ​ក្រម​ជាតិទទួល​រង​ឥទ្ធិ​ពល​ជ្រុល​ពេក​តាម​រយៈ​ការ​ប្រើប្រាស់​បទ​ពិសោធន៍​ផ្ទាល់​របស់​ពួក​គេ​ក្នុ​ង​របប​មួយ​ដែលកំហុស​នៅ​ក្នុ​ង​ការ​ប្រើ​ប្រាស់​ភស្តុតាង​គ្របលើការវិនិច្ឆ័យ​ក្តី។

​ដោយឡែក​ក្រុម​មេធាវី​ការពារ​ក្តី​របស់​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​បាន​លើក​ពីការរំលោភ​សិទ្ធិ​កូន​ក្តី​របស់​ខ្លួន​ក្នុ​ងការ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​បាន​ត្រឹម​ត្រូវ កំហុស​ក្នុ​ង​ការ​អនុវត្ត​វិធាន​ច្បាប់ ​ជាង​នេះ​ទៅ​ទៀតអង្គជំនុំ​ជម្រះសាលា​ដំបូង​បាន​កំណត់​និយម​ន័យ​ខុស​អំពី​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ខៀវ សំផន ​ទទួល​រង​ការចោទ​ប្រកាន់​ អនុវត្តន៍​ខុស​លើ​គោលការណ៍​វាយតម្លៃ​ភស្តុតាង​ រួម​ទាំង​កំហុស​មួយ​ចំនួន​ទៀត​ដូចជា​ការវាយ​តម្លៃ​លើ​ការជម្លៀស​និង​រចនា​សម្ព័ន​នយោបាយ​ជាដើម។

​ក្រុម​មេធាវី​របស់​ខៀវ សំផន​ បាន​ស្នើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ទាត់​ចោល​ការវិនិច្ឆ័យទោស​លើ​កូន​ក្តី​របស់​ខ្លួន ​ឲ្យប្រកាស​ថា​បទ​ចោទ​នានា​គ្មាន​ទោស ​និង​បង្គាប់​ឲ្យ​ដោះ​លែង​ខៀវ សំផន​ ជា​បន្ទាន់។

​លោកគង់ សំអុន ​សហ​មេធាវី​កម្ពុជា​របស់​ខៀវ សំផន ​បញ្ជាក់​ថា​ក្រុម​មេធាវី​ការពារ​ក្តី​បាន​រក​ឃើញ​កំហុស​ទាំង​ផ្នែក​អង្គហេតុ ​ទាំង​អង្គ​ច្បាប់។

«ពោល​គឺ​ពាក់​ព័ន្ធ​ស្ទើរ​តែ​គ្រប់​កថាខណ្ឌ​នៅ​ក្នុង​សាលក្រម​របស់​សាលា​ដំបូង។​និយាយឲ្យចំ​ការ​បក​ស្រាយ​ទៅ​លើ​អង្គហេតុ​និង​អង្គ​ច្បាប់​មាន​កំហុស​ឆ្គង។​ដូច្នេះ​ហើយ​បាន​ជា​យើង​ប្តឹង​សារទុក្ខ»។​

​ដោយ​ឡែក​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​លោកនេត្រ ភក្ត្រា​ បាន​ឲ្យដឹងថា​ក្រុម​មេធាវី​របស់​ជន​ជាប់​ចោទ​មាន​រយៈ​ពេល​បី​ខែ​ទៀត​សម្រាប់​ដាក់​សារណា​ទៅ​កាន់​អង្គជំនុំជម្រះ​តុលាការកំពូល។

«ក្រោយ​ពីបាន​ជូន​ដំណឹង​ទៅ​តុលាការ​កំពូល​ថា​ខ្លួន​នឹង​ដាក់​បណ្តឹង​សារទុក្ខ​គឺ​មេធាវី​នៃ​ជន​ជាប់​ចោទ​ទាំង​ពីរ​ទាំង​លោកនួន ជា ​ទាំង​លោកខៀវ សំផន ​មានរយៈ​ពេល​បី​ខែ​ដើម្បី​ដាក់​សារណា​ពេញ​លេញ​ទៅ​កាន់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​លើ​ចំណុច​ដែល​ខ្លួន​ប្តឹងជំទាស់»។

សូម​បញ្ជាក់​ថាការិយាល័យ​សហ​ព្រះរាជអាជ្ញា​ក៏សម្រេច​ប្តឹង​ឧទ្ធរណ៍​ទៅ​កាន់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​ទាក់​ទង​នឹង​សាលក្រមរបស់​អង្គជំនុំ​ជម្រះ​សាលា​ដំបូងនេះ​ដែរ​ដោយសារ​ក្នុង​សេចក្តី​សម្រេច​នោះ​មិន​បាន​បញ្ចូល​លើ​ទោសទណ្ឌ​ដែល​ទាក់ទឹន​នឹង​សហឧក្រិដ្ឋ​កម្ម​ប្រភេទទី​៣​នៃ​បទ​សហឧក្រិដ្ឋ​កម្មរួម៕​

XS
SM
MD
LG