ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេខ្មែរ​ក្រហម​ធ្វើ​ពិធី​សង្ឃទាន​នៅ​រដូវ​ភ្ជុំ​បិណ្ឌ


​​ខៀវ សំផន ​(ឆ្វេង) ជា​អតីត​ប្រមុខ​រដ្ឋ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ និង នួន ជា (ស្តាំ) បង​ធំ​ទី​ពីរ ​និង​ជា​មេ​មនោគម​វិជ្ជា​នៃ​​របប​ខ្មែរ​ក្រហម។
​​ខៀវ សំផន ​(ឆ្វេង) ជា​អតីត​ប្រមុខ​រដ្ឋ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ និង នួន ជា (ស្តាំ) បង​ធំ​ទី​ពីរ ​និង​ជា​មេ​មនោគម​វិជ្ជា​នៃ​​របប​ខ្មែរ​ក្រហម។

សាលាក្តី​ខ្មែរក្រហម​បាន​រៀបចំ​ឲ្យជនជាប់ចោទ​ នួន ជា ​ធ្វើ​ពិធី​សង្ឃទាន​នៅ​ក្នុងមន្ទីរ​ឃុំឃាំង​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ​ស្រប​ពេល​ដែលខៀវ សំផន ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ដោយសារ​ជំងឺ​ផ្តាសាយ​ធំ។

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលា​ក្តីខ្មែរ​ក្រហមបាន​ឲ្យ​ដឹង​នៅថ្ងៃសុក្រ​នេះ​ថាពិធី​សាសនា​ត្រូវ​បាន​រៀប​ចំសម្រាប់​ជន​ជាប់​ចោទ​ទាំង​ពីរកាល​ពី​ថ្ងៃ​ពុធ​ទី១៧​ខែ​កញ្ញា ​ក៏​ប៉ុន្តែខៀវ សំផន ​មាន​អាការៈ​ឈឺ​ផ្តាសាយ​ខ្លាំង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​នៅ​ថ្ងៃ​ដដែល​នោះ​ហើយ​ក្រុម​គ្រូពេទ្យ​បាន​សម្រេច​ចិត្ត​បញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។

​«មន្ទីរ​ឃុំឃាំង​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​រៀប​ចំនូវ​ពិធី​សាសនា​ដោយធ្វើជា​ពិធីសង្ឃទាន​សម្រាប់​ជនជាប់​ចោទ​ទាំង​ពីរ​គឺ​នួន ជា និង​ខៀវ សំផន ​ដើម្បី​ចូលរួម​សម្រាប់​ពិធី​ភ្ជុំ​បិណ្ឌ។​ប៉ុន្តែមាន​តែ​វត្តមាន​របស់​នួន ជា និង​ក្រុម​គ្រួសារ​របស់​គាត់​ទេ។​ដោយឡែកខៀវ សំផន​ មិន​មាន​វត្តមាន​ទេ​ដោយ​សារ​តែ​ពេល​ព្រឹក​នោះ​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បីព្យាបាល​ជំងឺ​ផ្តាសាយ​របស់​គាត់»។


ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​អាយុ៨៣ឆ្នាំ ​និង​នួន ជា អតីត​ប្រធាន​សភា​អាយុ៨៨ ឆ្នាំ​ត្រូវ​ផ្តន្ទា​ទោស​ដោយអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពី​ដើម​ខែ​សីហា។ ​ក្រោយ​ពី​តុលាការ​រក​ឃើញ​កំហុសទាក់​ទង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ក្រោម​ការ​គ្រប់​គ្រងរបស់​ខ្លួន។

​ការ​គ្រប់​គ្រង​ដែល​មាន​រយៈ​ពេល​ជិត​បួន​ឆ្នាំ​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាង​តិច​១,៧​លាននាក់។

​លោក​នេត្រ ភក្រ្តា​បញ្ជាក់ថាពិធី​សាសនា​សង្ឃទាន​សម្រាប់​ពិរុទ្ធជន​នួន ជា មាន​រយៈ​ពេល​ប្រមាណ​មួយម៉ោងដោយ​មាន​ព្រះសង្ឃ​មួយ​អង្គ​និង​អាចារ្យ​ម្នាក់។

​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​គឺជា​ពិធី​ព្រះពុទ្ធ​សាសនា​ដ៏សំខាន់​មួយ​របស់​ប្រជាពលរដ្ឋខ្មែរ​ដែល​មានរយៈ​ពេល​១៥​ថ្ងៃ។​ ក្នុង​ពិធី​នេះ​ពុទ្ធសាសានិក​ធ្វើ​ពិធី​បង្សុកូល ឬ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការីជន​ឬ​ជីដូនជីតា​សាច់ញាត្តិ​របស់​ខ្លួនដែល​បាន​ទទួល​មរណភាពក្នុ​ងពេល​កន្លងមក។

​ពិធី​ព្រះពុទ្ធសាសនា​នេះ​និង​សាសនា​ដទៃទៀត ​ត្រូវ​រំលាយ​ចោល​ទាំង​ស្រុង​នៅ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​នួន ជា ​និង​ខៀវ សំផន។

ដោយឡែក​ខៀវ សំផន ​នៅ​តែ​បន្តស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ឈាន​ដល់​ថ្ងៃ​ទី​៣​នៅថ្ងៃ​នេះ។​នេះ​បើយោង​តាម​លោកគង់ សំអុន ​សហមេធាវី​កម្ពុជា​របស់ជនជាប់ចោទ។

«ឥឡូវ​លោក​ខៀវ សំផន ​នៅ​មន្ទីរ​ពេទ្យអស់​រយៈ​ពេល​បីថ្ងៃ​ហើយ។​គាត់​មានជំងឺ​រលាក​ផ្លូវ​ដង្ហើម»។​

គេនៅ​មិន​ទាន់​ដឹង​ថា​ក្រុម​គ្រូ​ពេទ្យ​នឹង​អនុញ្ញាត​ឲ្យ​អតីត​ប្រមុខ​រដ្ឋ​សម័យ​ខ្មែរក្រហម​រូប​នេះ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ពេល​ណា​នោះ​ទេ។​ ក៏​ប៉ុន្តែទាំង​លោកមេធាវី​គង់ សំអុន ​ទាំង​លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​អះអាង​ថា​ ខៀវ សំផន ​មាន​សុខភាពល្អប្រសើរមកវិញ​ខ្លះ​ហើយ៕

XS
SM
MD
LG