ក្រុមមន្ត្រីនៃអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា មានប្រតិកម្មផ្សេងគ្នា ចំពោះការផ្តល់គោរមងារ ជាសម្តេចដល់ នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងការតម្លើងមុខតំណែងដល់មន្ត្រីរដ្ឋាភិបាលផ្សេងទៀត ក្នុងពេលដែលព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី មិននៅក្នុងប្រទេស។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលមិនបានបញ្ជាក់ពីទីកន្លែងនៃការចុះព្រះហស្ថលេខា និងត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃសៅរិ៍កន្លងទៅឲ្យដឹងថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានប្រោសព្រះរាជទានគោរមងារ លោក ទៀ បាញ់ ជា «សម្តចពិជ័យសេនា ទៀ បាញ់»។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានយាងចេញពីប្រទេសកម្ពុជាទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន កាលពីថ្ងៃទី ២៣ ខែកក្កដា កន្លងទៅ។ ការយោងចេញពីប្រទេសកម្ពុជារបស់ទ្រង់កើតមានឡើងមុនពេលដែលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលស្នើដោយក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាចបញ្ជូនចូលព្រះបរមរាជវាំងដើម្បីឲ្យព្រះមហាក្សត្រឡាយព្រះហត្ថលេខាដាក់ឲ្យប្រើ។ ការយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រមិនត្រូវបានបញ្ជាក់ថា ព្រះអង្គនឹងយាងត្រឡប់មកវិញនាពេលណានោះទេ។
ទោះបីជាព្រះបាទ នរោត្តម សីហមុនី មិនស្ថិតក្នុងប្រទេសព្រះរាជក្រឹត្យផ្តល់គោរមងារដល់នាយឧត្តមសេនីយ៍ ទៀ បាញ់ ជាសម្តេច របស់ទ្រង់ចុះថ្ងៃទី ២៩ ខែកក្កដាបានលើកឡើងហេតុផលអំពីការផ្តល់គោរមងារដ៏ខ្ពស់ខ្ពស់និងមានកិត្តិយសបំផុតសម្រាប់នាយឧត្តមសេនីយ៍រូបនេះដូចជាគុណសម្បត្តិរបស់លោក ក្នុងការចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព សិ្ថរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងការពារជាតិមានសិ្ថរភាពសន្តិសុខសង្គមបានល្អប្រសើរជាដើម។
ក្នុងព្រះរាជក្រិត្យដដែលនោះព្រះមហាក្សត្រក៏ទ្រង់ឈ្វេងយល់ឃើញថា នាយឧត្តមសេនីយ៍ ទៀ បាញ់ ជា «អ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ និងមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ»។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ក៏បានចេញលិខិតមួយភ្លាមៗក្នុងថ្ងៃតែមួយ បញ្ជាក់ពីក្តីរីករាយចំពោះគោរមងាររបស់លោក ទៀ បាញ់។
លោក ហ៊ុន សែន បានសរសេរក្នុងលិខិតចុះថ្ងៃទី ២៩ខែកក្កដា ឆ្នាំ ២០១៧ក្នុងន័យដើមថា៖
«សម្តេចពិជ័យសេនា គឺជាឥស្សរជនមួយរូប ដែលបានរួមដំណើរជាមួយខ្ញុំ និងថ្នាក់នាំផ្សេងទៀត រយៈពេលជិត៤០ឆ្នាំមកហើយ ដោយសហការគ្នាដោះស្រាយរាល់ការងារលំបាក ពិសេសសម្តេចគឺជាប្រតិបត្តិករដ៏មានសមត្ថភាព និងស្មោះត្រង់ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ នាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ ការឯកភាពទឹកដី និងអភិវឌ្ឍន៍ប្រទេសជាតិ រហូតដល់សព្វថ្ងៃ»។
នៅមុនការបោះឆ្នោតឃុំ-សង្កាត់ដែលត្រូវបានរៀបចំឡើងកាលពីខែមិថុនា ឆ្នាំ ២០១៧ នាយឧត្ដមសេនីយ៍ទៀ បាញ់ ដែលបានចូលរួមក្នុងពិធីដាក់ឲ្យដំណើរការអាគាររដ្ឋបាលជាច្រើននៅជាយក្រុងសៀមរាប បានព្រមានវាយបំបែកធ្មេញក្រុមណាដែលចេញមកតវ៉ាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជារូបនេះ ក៏បានព្រមានមុនការបោះឆ្នោតឃុំ-សង្កាត់ថា កងទ័ពកម្ពុជានឹងប្រើសម្ភារៈយោធាដែលជាជំនួយរបស់បរទេសដើម្បីបង្ក្រាបចលនាបដិវត្តន៍ឬចលនានានាដែលបង្កឲ្យមានគ្រោះអាសន្នដល់ប្រទេសជាតិ។
គោរមងាររបស់លោក ទៀ បាញ់ ត្រូវបានព្រះមហាក្សត្រខ្មែរប្រោសព្រះរាជទានក្នុងពេលតំណាលគ្នានៃការតែងតាំង មន្ត្រីរដ្ឋាភិបាលផ្សេងទៀត ក្នុងនោះមានលោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ ដែលត្រូវបានព្រះមហាក្សត្រខ្មែរត្រាស់បង្គាប់ និងតែងតាំងជាប្រធានរាជបណ្ឌិតសភាជំនួសលោកស្រី ខ្លួត ធីតា។លោកស្រី ខ្លូត ធីតា ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានឋានៈ ស្មើទេសរដ្ឋមន្ត្រី។ បន្ថែមលើងារជាប្រធានរាជបណ្ឌិតសភា លោក សុខ ទូចក៏មានឋានៈស្មើរដ្ឋមន្ត្រីផងដែរ។
VOA ព្យាយាមសុំការអធិប្បាយពីលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តែមិនទាន់អាចទាក់ទងបានទេ នៅថ្ងៃអាទិត្យនេះ។ VOA ក៏មិនអាចទាក់ទង លោក អ៊ុំ តារាវុធ នាយកខុទ្ទកាល័យព្រះមហាក្សត្របានដែរ ដោយទូរស័ព្ទលោករោទិ៍ គ្មានអ្នកទទួល។
ក្រុមមន្ត្រីនៃអង្គការសង្គមស៊ីវិល និងអ្នកវិភាគ យល់ឃើញផ្សេងៗគ្នាថា ការផ្តល់គោរមងារដល់លោក ទៀ បាញ់គឺជាឆន្ទានុសិទិ្ធរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ឬជាការលើកទឹកចិត្តដល់មន្ត្រីដែលមិនមានជំហររិះគន់នឹងទង្វើអវិជ្ជមានរបស់រដ្ឋាភិបាលបច្ចុប្បន្ន។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វែ្រល មានប្រសាសន៍ប្រាប់ VOA ថា រដ្ឋាភិបាល បានប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ផ្តល់គោរមងារ ដល់លោក ទៀ បាញ់ ផ្អែកទៅតាមការចូលរួមការពារប្រទេសជាតិ របស់នាយឧត្តមសេនីយ៍រូបនេះ។
«នោះជាបញ្ហា ដែលជាសេចក្តីសម្រេចចិត្តរបស់គាត់ សម្រាប់ការតែងតាំង ឬក៏ថា តម្លើងឋានៈ ឋានន្តរសក្តិ ឬក៏ថា ទៅដល់គោរមងារណាមួយ ដល់ឥស្សរជនរបស់គាត់ គឺសមត្ថកិច្ច សិទ្ធិអំណាច របស់រាជរដ្ឋាភិបាល»។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់(Central) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ មានប្រសាសន៍ប្រាប់ VOA ថា លោកទៀ បាញ់ត្រូវបានសាធារណៈជនទូទៅចងចាំលោកអំពីការថ្លែងវាយឲ្យបាក់ធ្មេញ អ្នកដែលហ៊ានតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ ទោះជាយ៉ាងណាលោកថា គោរមងារថ្មី របស់នាយឧត្តមសេនីយ៍ ទំនងមិនអាចជួយកែលម្អចំណុចអវិជ្ជមានជាច្រើនរបស់រដ្ឋាភិបាលបានឡើយ។ លោកនិយាយថា គោរមងារនេះជាការលើកទឹកចិត្តដល់លោក ទៀ បាញ់ ដែលមិនមានជំហររិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន។
«សម្រាប់ខ្ញុំ ខ្ញុំអត់សូវចម្លែកទេ អ្នកដែលហ៊ានរិះគន់ឬក៏និយាយសម្តី អឺនិយាយទៅវាមតិ ខុសពីខ្លួនគឺ តែងទទួលរងនូវការប្រមាថឬក៏គំរាមកំហែង ឬក៏អាចជា ក៏អាចបាត់បង់ជីវិត ក៏ប៉ុន្តែអ្នកដែលនិយាយបៀប ការពារ អាហ្នឹងគឺទទួលបានការលើកទឹកចិត្តវិញ អាហ្នឹង»។
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ត្រូវគេដឹងថា បានទទួលគោរមងារជាសម្តេចជាបន្តបន្ទាប់ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ កាលពីឆ្នាំ ២០១៥ ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានប្រោសព្រះរាជទានគោរមងារជា«សម្តេចវិបុលសេនាភក្តីសាយ ឈុំ» ដល់លោក សាយ ឈុំអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានិងគោរមងារជា«សម្តេចក្រឡាហោម ស ខេង» ដល់លោក ស ខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ទៀ បាញ់ ត្រូវបានគេស្គាល់ថាជាជំនិតរបស់ លោក ហ៊ុន សែន និងជាមន្ត្រីសំខាន់ក្នុងជួរគណបក្សប្រជាជនកម្ពុជា។ មកដល់ពេលនេះ មានឥស្សរជន នៃបក្សកាន់អំណាចជិតដប់រូបទទួលបានគោរពងារជា«សម្តេច» រួមមានលោក ហ៊ុន សែន លោក ជា ស៊ីម អតីតប្រធានបក្សកាន់អំណាចដែលបានលាចាកលោក លោកហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជ្យវាំង អតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីលោក សុខ អាន ដែលទើបតែទទួលមរណភាពនិងចុងក្រោយគឺលោក ទៀ បាញ់មន្ត្រីនៃក្រសួងការពារជាតិ៕