ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​១៣រូប ទទួល​បាន​គោរមងារ ​«សន្តិបណ្ឌិត»


ក្រសួង​​មហាផ្ទៃ​កម្ពុជា​ដែល​​មាន​ទីតាំង​នៅ​ក្នុង​​ទី​ក្រុង​​ភ្នំពេញ។
ក្រសួង​​មហាផ្ទៃ​កម្ពុជា​ដែល​​មាន​ទីតាំង​នៅ​ក្នុង​​ទី​ក្រុង​​ភ្នំពេញ។

គោរមងារ​ «សន្តិ​បណ្ឌិត» នេះ​ សំដៅ​ដល់​​ជន​ដែល​មាន​បញ្ញា​ឈ្លាសវៃ​ ប៉ិន​ប្រសព្វ​ក្នុង​ការ​ធ្វើឲ្យ​មាន​សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់​ល្អ​ក្នុង​នគរ។ «សន្តិ​បណ្ឌិត» គឺ​ជា​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស។ នេះ​បើ​តាម​ការ​ពន្យល់​របស់​ លោក ឯក មនោសែន​ អនុប្រធាន​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា។​

គោរមងារ «សន្តិបណ្ឌិត» ក្នុង​វិស័យ​សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ ត្រូវ​បាន​បង្កើត​ឡើង​ និង​ផ្ដល់​ជូនមន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​ចំនួន​១៣រូប​ នៅ​ដើម​សប្ដាហ៍​នេះ ដើម្បីជា​តំណាង​នៃ​ការ​ទទួលស្គាល់​ស្នាដៃ​ចំពោះ​ការ​រក្សា​សណ្ដាប់​ធ្នាប់​សង្គម។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ចំនួន​១៣រូប​ នា​ដើម​សប្ដាហ៍​នេះ​ ទទួល​បាន​គោរមងារ «សន្តិ​បណ្ឌិត» ក្នុង​វិស័យ​សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ស្ដីទី ​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា។

ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​នេះ​សរសេរ​ថា​ «ត្រូវ​បាន​តែងតាំង​ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ ដែល​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ជំនាញ​ «ដឹកនាំ​បញ្ជា​កងកម្លាំង​នគរបាល» ចំនួន​១៣រូប​ជា​សន្តិ​បណ្ឌិត​នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា...»។

គោរមងារ​ «សន្តិ​បណ្ឌិត» នេះ​ សំដៅ​ដល់ជន​ដែល​មាន​បញ្ញា​ឈ្លាសវៃ​ ប៉ិន​ប្រសព្វ​ក្នុង​ការ​ធ្វើឲ្យ​មាន​សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់​ល្អ​ក្នុង​នគរ។ «សន្តិ​បណ្ឌិត» គឺ​ជា​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស។ នេះ​បើ​តាម​ការ​ពន្យល់​របស់​ លោក ឯក មនោសែន​ អនុប្រធាន​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា។​

លោក ឯក មនោសែន​ លើកឡើង​ថា​ ការ​ផ្ដល់​គោរមងារ​ «សន្តិ​បណ្ឌិត» នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​គណៈកម្មការ​វាយ​តម្លៃ​ ដែល​បាន​បោះឆ្នោត​ឯកភាព​ និង​ផ្ដល់​ពិន្ទុ​ដល់​ឥស្សរជន​ឆ្នើម​ចំពោះ​ការងារ​រក្សា​សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់។​

«សន្តិ​បណ្ឌិត គឺ​យើង​វាយ​តម្លៃ លើ​ឥស្សរជន​ឆ្នើម​ដែល​មាន​ស្នាដៃ​ លើ​វិស័យ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ ផ្នែក​នគរបាល​ដែល​យើង​ពិនិត្យ​ទៅលើ​អតីតភាព​ បទពិសោធន៍​ ស្នាដៃ​ សញ្ញាប័ត្រ​របស់​គាត់​ជាដើម»។

ព្រះរាជក្រឹត្យ​នេះ ​បង្គាប់​ឲ្យ​បង្កើត​គោរមងារ​ជូន​មន្ត្រី​ចំនួន​១៣រូប​ រួមមាន​ជាអាទិ៍​ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ លោក សុខ ផល​ អគ្គនាយក​អន្តោប្រវេសន៍​ លោក ម៉ៅ ច័ន្ទតារា​ អគ្គនាយក​អត្តសញ្ញាណកម្ម​ និង​លោក ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ជាដើម។​

លោក ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ដែល​ទើប​នឹងទទួល​បាន​គោរមងារ​ថ្មី​នេះ ថ្លែង​ថា​លោកមិន​នឹក​ស្មាន​ថា ​លោក​ទទួល​បាន​គោរមងារ «សន្តិ​បណ្ឌិត» នេះ​ទេ។ លោក​ថា​ នេះ​គឺជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​រូប​លោក និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​ចំពោះ​ការ​បំពេញ​ការងារ​របស់​ពួកគេ​នា​ពេល​កន្លង​មក។

«ជា​កិត្តិយស​មួយ​ខ្ពង់ខ្ពស់​ ដែល​នឹក​ស្មាន​មិន​ដល់។ ​ក្រោយ​ពេល​៣៨ឆ្នាំ​ ដែល​បម្រើ​រដ្ឋាភិបាល បម្រើ​ពលរដ្ឋ​ ឃើញ​ថា​ប្រទេស​យើង​មាន​សន្តិភាព មាន​ការ​រីក​ចម្រើន។ យើង​ចាត់​ទុក​នេះ​ជា​ការ​រួម​ចំណែក​ដ៏​តិចតួច​ស្ដួចស្ដើង​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់»។

សម្រាប់​លោក ខៀវ សុភ័គ ​គោរមងារ​ «សន្តិ​បណ្ឌិត» ​នេះ​ ទទួល​បាន ​ក្រោយ​លោក​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​អស់​រយៈពេល​៣៨ឆ្នាំ​ ពោល ​គឺ​ចាប់តាំង​ពី​ឆ្នាំ​១៩៧៩​ មក​ម្ល៉េះ។​

«ហើយ​កាល​នោះ​ សភាព​ការណ៍​មិន​ដូច​ឥឡូវ​ទេ។ មិន​មាន​ទាំង​ប្រាក់ខែ​ផង​ ធ្វើការ​ដើម្បី​មួយ​រស់​ ធ្វើការ​បើក​អង្ករ​មួយ​រស់​ដើម្បី​ជាតិ»។

លោក យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ចាប់​អារម្មណ៍​ចំពោះ​ ការ​ផ្ដល់​គោរមងារ​នេះ​នោះ​ទេ។ លោក​ថា​ គណបក្ស​ជំទាស់​ ផ្ដោត​សំខាន់​តែទៅលើ​ប្រសិទ្ធភាព​ការងារ​ និង​ស្នាដៃ​ជាក់ស្ដែង​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ។

«តែ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ផ្ដល់​គុណសម្បត្តិ​ទៅ​លើ​ទង្វើ​ជាក់ស្ដែង​ ការ​ជួយ​ដល់​ប្រទេសជាតិ​ និង​ប្រជាពលរដ្ឋ​ជាក់​ស្ដែង ទៅ​លើ​មនុស្ស​ដែល​មាន​ភាព​ស្អាតស្អំ​ ទៅលើ​មនុស្ស​ដែល​បាន​ធ្វើ​អ្វីៗ​ដើម្បី​យុត្តិធម៌​ លទ្ធិ​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។

លោក មាស នី​ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​លើកឡើង​ថា​ មាន​មតិ​ផ្ទុយ​គ្នា​រវាង​រដ្ឋាភិបាល​ និង​ពលរដ្ឋ​ចំពោះគោរមងារ​ថ្មី​នេះ។

លោក​ថា​ សម្រាប់​រដ្ឋាភិបាល​ គោរមងារ​នេះ​ ផ្ដល់​ជូន​មន្ត្រី​ដែល​បាន​រក្សា​សណ្ដាប់​ធ្នាប់​ ក៏​ប៉ុន្តែ​ សម្រាប់​ពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ​ក្នុង​ការ​បង្ក្រាប​នានា​វិញ គោរមងារ​នេះ​ សំដៅ​ដល់​បុគ្គល​ ដែល​បាន​បង្ក​ហិង្សា​ និង​រំលោភ​បំពាន​សិទ្ធិ​របស់​ពួកគេ​ទៅវិញ។​

«រដ្ឋាភិបាល​ គាត់​គិត​ថា​ មន្ត្រី​ជាន់ខ្ពស់​ទាំងអស់​ហ្នឹង​សុទ្ធតែ​ជា​អ្នក​មាន​គុណ​បំណាច់​ដែល​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​របស់​ពលរដ្ឋ។ ប៉ុន្តែ​ សម្រាប់​ពលរដ្ឋ​វិញ​ មើល​ទៅ​គោរមងារ​នេះ​ ហាក់​ដូចជា​ជំរុញ​ទឹក​ចិត្ត​ឲ្យមន្ត្រី​កម្លាំង​ប្រដាប់​ហ្នឹង​ ប្រើ​អំពើ​ហិង្សា​បង្ក្រាប​ពលរដ្ឋ​ថ្ងៃ​ក្រោយ​កាន់​តែ​ច្រើន​ទៀត»។

យ៉ាងណាក៏ដោយ​ លោក មាស នី​ យល់ថា​ ការ​បង្កើត​គោរមងារ​កាន់​តែ​ច្រើន​នៅ​កម្ពុជា​ បង្ហាញ​ពី​ការ​បែង​ចែក​វណ្ណៈ​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​សង្គម ហើយថា​ ការណ៍​នេះ​ អាច​ធ្វើឲ្យ​តម្លៃ​នៃ​គោរមងារ​មាន​ភាព​សាបរលាប៕

XS
SM
MD
LG