លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចទាត់ចោលនូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការប្រើប្រាស់គោរមងារ«សម្តេច»។ ការសម្រេចចិត្តរបស់លោកហ៊ុន សែននេះធ្វើឡើងក្រោយការព្រមានចុងក្រោយរបស់ក្រសួងព័ត៌មាន ដែលតម្រូវឲ្យស្ថាប័នព័ត៌មាននៅកម្ពុជាទាំងអស់ប្រើប្រាស់គោរមងាររបស់លោកហ៊ុន សែន និង មន្ត្រីខ្មែរក្នុងអត្ថបទដែលចុះផ្សាយនានា។ ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាននៅកម្ពុជាបានសាទរចំពោះសេចក្តីសម្រេចនេះ ហើយថា នឹងមានគម្រោងដកគោរមងារ«សម្ដេច»ចេញពីអត្ថបទរបស់ពួកគេវិញ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្ដាហ៍នាព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចទាត់ចោលនូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការប្រើប្រាស់គោរមងារ«សម្តេច» ក៏ប៉ុន្តែលោកហ៊ុន សែនដ៏មានឥទ្ធិពល នៅតែស្នើសុំឲ្យអ្នកសារព័ត៌មានធ្វើការប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន។
ការសម្រេចនេះធ្វើឡើងមិនដល់២៤ម៉ោងផង ក្រោយមានការព្រមានជាសាធារណៈចុងក្រោយដោយក្រសួងព័ត៌មានដែលបញ្ជាឲ្យស្ថាប័នព័ត៌មាននៅកម្ពុជាទាំងអស់ប្រើប្រាស់គោរមងារ«សម្តេច»ចំពោះអត្ថបទចុះផ្សាយ។ ក្នុងនោះដែរ ក្រសួងព័ត៌មានក៏ព្រមានបិទស្ថាប័នព័ត៌មានណាដែលមិនប្រើប្រាស់គោរមងារតាមការណែនាំនេះ។ ការដាក់កំហិតឲ្យប្រើគោរមងារនេះបានរងការរិះគន់យ៉ាងខ្លាំងពីបណ្ដាញសារព័ត៌មានក្នុងនិងក្រៅស្រុក។
លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា ដែលចូលរួមកិច្ចប្រជុំនាព្រឹកថ្ងៃសុក្រនេះ បានប្រាប់ VOA ថា៖
«លោកថា ទី១លោកទុកជាជម្រើសដល់អ្នកសារព័ត៌មាន។ បណ្ដាញសារព័ត៌មានណាដែលប្រកាន់ខ្ជាប់វប្បធម៌ និងច្បាប់ទម្លាប់ គេហៅតាមគោរមងារ។ បើអ្នកណាមិនចង់ជាជម្រើសរបស់គេ កុំឲ្យគេថា លោកផ្តាច់ការ»។
សេចក្ដីសម្រេចចុងនេះក៏ត្រូវបានចុះផ្សាយភ្លាមៗក្នុងទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែនផងដែរ។
ស្របគ្នានោះដែរ លោកអ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងព័ត៌មានគ្រាន់តែមានតួនាទីអនុវត្តតាមការសម្រេចរបស់រដ្ឋាភិបាលប៉ុណ្ណោះ។ ហើយលោកមិនទាន់អាចបញ្ជាក់ពីមូលហេតុច្បាស់លាស់អំពីការទាត់ចោលសេចក្តីណែនាំស្តីពីការប្រើប្រាស់គោរមងារ«សម្ដេច»នេះទេ។
«ការសម្រេចរបស់ក្រសួងព័ត៌មានបានធ្វើមុន ហើយប្រមុខរដ្ឋាភិបាលទើបតែណែនាំ ឬប្រាប់ថា ឲ្យលុបចោលសេចក្តីសម្រេចហ្នឹង។ នេះជាការសម្រេចរបស់ប្រមុខរដ្ឋាភិបាល ហើយក្រសួងចាំតែអនុវត្តតាមតែប៉ុណ្ណោះឯង»។
កាលពីដើមខែឧសភាកន្លងទៅ ក្រសួងព័ត៌មានកម្ពុជាបានកោះប្រជុំណែនាំឲ្យស្ថាប័នព័ត៌មានជាច្រើនក្នុងប្រទេសកម្ពុជាប្រើប្រាស់គោរមងាររបស់លោកហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងការផ្សាយព័ត៌មានរបស់ខ្លួន។ ការដាក់កំហិតនេះគឺធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងកាលពី១៦ឆ្នាំមុន។ យ៉ាងណាក៏ដោយ ការសម្រេចនេះមិនត្រូវបានអនុវត្តដោយសារព័ត៌មានកម្ពុជាទាំងអស់នោះទេ។ ជាថ្មីម្ដងទៀត ក្រសួងព័ត៌មានកម្ពុជាបានចេញសេចក្ដីប្រកាសចុង ក្រោយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយដាក់កំហិតបញ្ចប់អាជ្ញាបណ្ណចំពោះស្ថាប័នព័ត៌មានទំាងឡាយណាដែលមិនគោរពតាមការបង្គាប់របស់ខ្លួន។
ទាក់ទិននឹងការលុបចោលការដាក់កំហិតអំពីការប្រើប្រាស់គោរមងារនេះ ស្ថាប័នព័ត៌មានក្នុងស្រុក និងអ្នកសារព័ត៌មានមួយចំនួនបានអបអរសាទរ និងអះអាងថា ខ្លួនគ្រោងនឹងបញ្ចប់ការប្រើប្រាស់គោរមងារនេះផងដែរ។
លោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបង្ហាញពីក្តីរីករាយចំពោះការលុបចោល ការដាក់កំហិតឲ្យប្រើប្រាស់គោរមងារ«សម្តេច»នេះ។ លោកថ្លែងថា ការសម្រេចលុបចោលនេះ អាចបំបាត់ភាពចម្រូងចម្រាសរវាងមន្ត្រីរដ្ឋាភិបាល និងក្រុមអ្នកសារព័ត៌មាន។
«ប្រហែលជាជួនកាលទៅមន្ត្រីថ្នាក់ក្រោម ឬក្រសួងព័ត៌មានគាត់ចាត់វិធានការមួយចង់ឲ្យអ្នកសារព័ត៌មានយើងគោរពនូវគោរមងារដែលប្រទានដោយព្រះមហាក្សត្រ។ ដល់ពេលសម្តេចនាយករដ្ឋមន្ត្រីគាត់ឃើញបញ្ហាហ្នឹង គាត់ក៏គិតថា ប្រហែលមិនចាំបាច់អីនាំឲ្យមានភាពស្មុគស្មាញអីទេ។ គាត់ចង់បើកសេរីភាពឲ្យទូលំទូលាយ។ អ្នកណាចង់ហៅអី ហៅទៅ។ គាត់ក៏សម្រេចលុបចោលតែម្តងទៅ ដើម្បីបញ្ចប់ភាពប្រទាំងប្រទើសទាក់ទងនឹងការហៅគោរមងារនេះ»។
លោកគី សុខលីម អគ្គនាយកប្រតិបត្តិនៃស្ថាប័នព័ត៌មានអនឡាញថ្មីថ្មី បញ្ជាក់ប្រាប់ VOA ពីក្តីសប្បាយរីករាយរបស់លោក ក្រោយពីលោកទទួលដំណឹងថា លោកហ៊ុន សែនសម្រេចលុបចោលការប្រើប្រាស់គោរមងារនេះ។ លោកបន្តថា លោកនឹងពិភាក្សាជាមួយក្រុមការងារដើម្បីសម្រេចដកគោរមងារ«សម្តេច»ចេញពីអត្ថបទរបស់ស្ថាប័នលោកវិញ។
«ប្រសិនបើសម្តេចគាត់អនុញ្ញាតថា មិនបាច់ហៅគាត់ជាគោរមងារក៏បានដែរ ខ្ញុំរឹតតែសាទរ មានន័យថា វាអត់មានបញ្ហាចម្រូងចម្រាសរវាងបុគ្គលសាធារណៈ និងអ្នកសារព័ត៌មាន។ អីចឹងខ្ញុំត្រឡប់ទៅដើមវិញ។ ខ្ញុំនឹងអាចប្រជុំក្រុមការងារខ្ញុំ។ បើសិនឲ្យខ្ញុំហៅ«លោក»វិញបាន ខ្ញុំប្តូរទៅហៅ«លោក»វិញ»។
ដូចគ្នានោះដែរ លោកប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីបណ្ដាញព័ត៌មានឯករាជ្យ CCIM ដែលជាស្ថាប័នគោលរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បានស្វាគមន៍ការសម្រេចចិត្តរបស់លោកហ៊ុន សែន ដែលផ្តល់សេរីភាពពេញលេញដល់អ្នកសារព័ត៌មាន ក្នុងការហៅមន្ត្រីជាន់ខ្ពស់ក្នុងអត្ថបទរបស់ពួកគេ។ ក៏ប៉ុន្តែលោករិះគន់ថា ការសម្រេចចិត្តផ្លាស់ប្តូរទៅវិញ ទៅមកបែបនេះ ឆ្លុះបញ្ចាំងពីកម្សោយនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជា។
«មិនផ្លាស់ប្តូរទាំងស្រុងទេ។ ខ្ញុំនៅរក្សាគោលការណ៍ដើម ពេលណាត្រូវហៅ«សម្តេច» ហៅសម្តេច ពេលណាត្រូវហៅ«លោក» ហៅលោក។ ប៉ុន្តែខ្ញុំឃើញថា របៀបធ្វើការរបស់រដ្ឋាភិបាលដូចជារញ៉េរញ៉ៃ ការសម្រេចស្រេចតែចិត្ត។ ដូច្នេះ វាធ្វើឲ្យអ្នកអនុវត្តហ្នឹងក៏វង្វេងដែរ។ ហើយវាឆ្លុះបញ្ចាំងពីការធ្វើការដោយគ្មានគោលការណ៍ គ្មានប្រព័ន្ធច្បាស់លាស់»។
ការដាក់កំហិតឲ្យប្រើគោរមងារ«សម្តេច» របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីកម្ពុជានេះធ្លាប់រងការរិះគន់ និងការចំអកយ៉ាងខ្លាំងដោយសារព័ត៌មានបរទេសដោយហេតុថាគោរមងារថ្នាក់ដឹកនាំភាគច្រើនលើពិភពលោកមិនត្រូវបានប្រើប្រាស់ក្នុងអត្ថបទសារព័ត៌មាននោះទេ។ រីឯប្រទេសកម្ពុជាគោរមងារ«សម្តេច» ជាច្រើនត្រូវបានផ្តល់ឲ្យថ្នាក់ដឹកនាំកំពូលនៃគណបក្សកាន់អំណាចរបស់លោកហ៊ុន សែន៕