ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print

ការ​ផ្ដាច់​ខ្លួន​ចេញ​ពី​គណបក្ស​ធ្វើ​ឲ្យ​មាន​ភាព​ប្រទូសរ៉ាយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ម៉ាឡេស៊ី


ការ​លាលែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​អ្នកស្រី Nurul Izzah Anwar (ខាងលើ) ចេញ​ពី​តំណែង​ជា​អនុ​ប្រធាន​គណបក្ស​យុត្តិធម៌​ប្រជាជន​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បែកបាក់​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​សម្ព័ន្ធ​ភាព​គណបក្ស Pakatan Harapan។

ចំណុច​សំខាន់​ក្នុង​ចំណោម​ទិសដៅ​នោះ​គឺ​ការណ៍​ដែល​លោក​នាយករដ្ឋមន្ត្រី Mahathir ទាក់ទាញ​អ្នក​ផ្ដាច់​ខ្លួន​ពី​អតីត​គណបក្ស​របស់​លោក និង​ទាក់ទាញ​គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ ដែល​ជា​សត្រូវ​ជា​យូរ​មក​ហើយ​របស់​គណបក្ស​យុត្តិធម៌​ប្រជាជន ឲ្យ​ចូលរួម​នៅ​ក្នុង​គណបក្ស​ថ្មី​របស់​លោក គឺ​គណបក្ស Bersatu។

សង្គ្រាម​បក្ខពួក​បាន​ផ្ទុះ​ឡើង​នៅ​ជ្រុង​ទាំង​សង​ខាង​នៃ​នយោបាយ​ប្រទេស​ម៉ាឡេស៊ី ដោយសារតែ​ជម្លោះ​ផ្ទៃ​ក្នុង​ដ៏​ជូរចត់​បាន​ធ្វើ​ឲ្យ​រយៈពេល​ដ៏​ល្អូកល្អឺន​នៃ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ភាព Pakatan Harapan ឈាន​ដល់​ទី​បញ្ចប់។

ការ​លាលែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​អ្នកស្រី Nurul Izzah Anwar ចេញ​ពី​តំណែង​ជា​អនុ​ប្រធាន​គណបក្ស​យុត្តិធម៌​ប្រជាជន​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បែកបាក់​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​សម្ព័ន្ធ​ភាព​គណបក្ស Pakatan Harapan ដែល​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​នយោបាយ​ពីរ ដែល​ជា​គណបក្ស​ធ្លាប់​មើល​មុខ​គ្នា​មិន​ចំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ចំណុច​សំខាន់​នៃ​ជម្លោះ​នេះ ផ្ដោត​ជុំវិញ​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី Mahathir Mohamad។ យុទ្ធសាស្ត្រ​នយោបាយ​នេះ​បាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​នៅ​តាម​តំបន់​មួយ​ចំនួន ដែល​លោក Mahathir ប្រហែល​ជា​ភ្លេច​ពាក្យ​សន្យា​របស់​លោក ដែល​ធ្លាប់​សន្យា​ថា​នឹង​ប្រគល់​អំណាច​ឲ្យ​ដៃគូ​នយោបាយ​របស់​លោក គឺ​លោក Anwar Ibrahim ដែល​ធ្លាប់​ជា​អតីត​គូ​សត្រូវ​របស់​លោក​ជា​យូរ​មក​ហើយ។

គណបក្ស Pakatan Harapan គឺ​ជា​សម្ព័ន្ធ​ភាព​ដែល​ច្របាច់​បញ្ចូល​គ្នា​រវាង​លោក Mahathir និង​លោក Anwar។ លោក Anwar គឺ​ជា​អតីត​អ្នក​ទទួល​បាន​ការ​គាំទ្រ​មួយ​រូប​ពី​លោក Mahathir ដែល​លោក Mahathir បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​យ៉ាង​ខ្លាំងក្លា និង​បាន​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​រួម​ភេទ​ជាមួយ​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា និង​ពី​បទ​ពុក​រលួយ មុន​ពេល​លោក​ទាំង​ពីរ​បាន​ចង​សម្ព័ន្ធ​ជាមួយ​គ្នា​ឡើង​វិញ ដើម្បី​ដណ្ដើម​ជ័យជំនះ​ដ៏​ប្រផឹតប្រផើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៨។ ជ័យជំនះ​នេះ​បាន​បញ្ចប់​នូវ​ការ​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​អស់​រយៈពេល​ជាង ៦ ទសវត្សរ៍​កន្លង​មក​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ទោះបីជា​អ្នកស្រី Nurul ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក Anwar បាន​បដិសេធ​មិន​បកស្រាយ​អំពី​ការ​លាលែង​ពី​តំណែង​របស់​អ្នកស្រី​ក៏​ដោយ ក៏​លោក Rafizi Ramli ដែល​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​គណបក្ស​យុត្តិធម៌​ប្រជាជន​ដែល​បាន​ទទួល​បរាជ័យ​កាល​ពី​ពេល​ថ្មីៗ​នេះ និង​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​អ្នកស្រី Nurul បាន​វាយ​បក​ខ្លាំងៗ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស Pakatan Harapan នៅ​ក្នុង​សារ​បង្ហោះ​នៅ​លើ​ប្លុក​តាម​អ៊ីនធឺណិត​មួយ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០១៨ ដោយ​ប្រកាស​ថា «អារម្មណ៍​រំភើប​រីករាយ​បាន​ក្លាយទៅជា​ជូរចត់‍»។

លោក Rafizi បាន​សរសេរ​ថា៖ «ខ្ញុំ​មិន​ចូលចិត្ត​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​អាក្រក់​នោះ​ទេ ប៉ុន្តែ​នរណា​ម្នាក់​ត្រូវតែ​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់‍»។ លោក​បាន​សរសេរ​ដូច្នេះ មុន​ពេល​លោក​លើក​ឡើង​ពី​ការ​ស្ទង់​មតិ​ធ្លាក់​ចុះ​មួយ និង​មុន​ពេល​លោក​បង្ហាញ​ពី​ការ​ត្អូញត្អែរ​អំពី​ទិសដៅ​បច្ចុប្បន្ន​របស់​គណបក្ស Pakatan Harapan។

ចំណុច​សំខាន់​ក្នុង​ចំណោម​ទិសដៅ​នោះ​គឺ​ការណ៍​ដែល​លោក​នាយករដ្ឋមន្ត្រី Mahathir ទាក់ទាញ​អ្នក​ផ្ដាច់​ខ្លួន​ពី​អតីត​គណបក្ស​របស់​លោក និង​ទាក់ទាញ​គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ ដែល​ជា​សត្រូវ​ជា​យូរ​មក​ហើយ​របស់​គណបក្ស​យុត្តិធម៌​ប្រជាជន ឲ្យ​ចូលរួម​នៅ​ក្នុង​គណបក្ស​ថ្មី​របស់​លោក គឺ​គណបក្ស Bersatu។

លោក Rafizi រិះគន់​លើ​ការ​យល់​ឃើញ​ដែល​ថា គណបក្ស Pakatan Harapan ត្រូវការ​អ្នក​ផ្ដាច់​ខ្លួន​ពី​គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ ដោយសារតែ​គណបក្ស Pakatan Harapan មាន​ជំហរ​ទន់​ខ្សោយ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដើម​កំណើត​ម៉ាឡេ ដែល​ជា​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ លោក Rafizi បាន​អះអាង​ថា នយោបាយ​បែប​ជាតិ​សាសន៍​នេះ​គឺ​ជា​ការ​ងាក​ចេញ​ពី​ក្ដី​បារម្ភ​ចម្បង​របស់​អ្នក​បោះ​ឆ្នោត ដែល​នោះ​គឺ​សុខុមាលភាព​សេដ្ឋកិច្ច​របស់​ពួកគេ។

លោក Rafizi បាន​សរសេរ​ដូច្នេះ​ថា៖ «យើង​អាច​សម្រេច​ច្រើន​ជាង​នេះ​ថែម​ទៀត ប្រសិនបើ​យើង​ផ្ដោត​លើ​ការ​ធ្វើ​ឲ្យ​ច្បាស់​ថា ប្រជាពលរដ្ឋ​ម៉ាឡេ​ដែល​មាន​ជាតិ​សាសន៍​ចម្រុះ ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ស្មើ​ភាព​គ្នា​នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវភាព​រស់នៅ​របស់​ពួកគេ មិន​ថា​ពួកគេ​មាន​ជាតិ​សាសន៍ ឬ​កាន់​សាសនា​អ្វី​នោះ​ទេ‍»។

ការ​ផ្ដាច់​ខ្លួន និង​ការ​មិន​ពេញចិត្ត​ជា​បន្តបន្ទាប់

គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ គឺ​ជា​គណបក្ស​មួយ ដែល​លោក Mahathir បាន​ដឹកនាំ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​អស់​រយៈពេល ២ ទសវត្សរ៍ មុន​ពេល​លោក​ចូល​និវត្តន៍​នៅ​ក្នុង​ឆ្នាំ ២០០៣។ គណបក្ស​នេះ​គ្មាន​លទ្ធភាព​ដោះស្រាយ​វិបត្តិ​មួយ​ដែល​មាន​ជា​បន្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​នេះ តាំង​ពី​គណបក្ស​នេះ​បាន​ចាញ់​ការ​បោះ​ឆ្នោត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៨ មក។

ការ​ចាញ់​ការ​បោះ​ឆ្នោត​នេះ​គឺ​ដោយសារ​កាល​នោះ លោក​អតីត​នាយករដ្ឋមន្ត្រី Najib Razak បាន​ធ្លាក់​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​រាប់​ពាន់​លាន​ដុល្លារ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន 1MDB របស់​រដ្ឋ ដែល​ជា​រឿង​មួយ​ជា​ទូទៅ​ស្ទើរតែ​នឹក​ស្មាន​មិន​ដល់។

តើ​គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​ដឹង​ឭ​ថា​ជា​បណ្ដាញ​គាំទ្រ​ដ៏​ធំ​មួយ​ដែល​ដឹកនាំ​ដើម្បី​ការពារ​ខ្លួន​ឯង មាន​អំណះអំណាង​អ្វី​ដើម្បី​ប្រកាន់​ជំហរ​ប្រឆាំង?

លោក Wong Chin Huat អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​វិទ្យាស្ថាន Penang និយាយ​ថា៖ «នៅ​ក្នុង​រយៈពេល​ប្រហែល​ជា ១០ ឆ្នាំ​កន្លង​មក​នេះ យ៉ាង​ហោច​ណាស់​គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ​មួយ​ផ្នែក​ធំ បាន​ក្លាយជា​គណបក្ស​ដែល​ទទួល​បាន​អំណាច និង​ផល​ប្រយោជន៍។ ដូច្នេះ ការ​បាត់បង់​អំណាច​ភ្លាមៗ​គឺ​ធ្វើ​ឲ្យ​ពួកគេ​មាន​វិបត្តិ​មួយ​ជា​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ‍»។

លោក​បាន​បន្ថែម​ថា៖ «ប្រសិនបើ​គ្មាន​ការ​លើក​ទឹក​ចិត្ត និង​ការ​គាំទ្រ ពួកគេ​មិន​អាច​រក្សា​ទេពកោសល្យ និង​អ្នក​គាំទ្រ​បាន​ទេ‍»។

ចាប់​តាំង​ពី​បាន​ចូល​និវត្តន៍​មក លោក Mahathir ដែល​ជា​អ្នក​ជាតិ​និយម​មាន​គំនិត​អភិរក្ស​និយម បាន​លេច​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ជា​អ្នក​កាន់​តំណែង​បន្ត​នៃ​ថ្នាក់​ដឹកនាំ​សម្ព័ន្ធ​ភាព​មួយ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង​នានា ដែល​ចេញ​ពី​ចលនា Reformasi ដែល​ជា​ចលនា​មួយ​ដែល​លោក​បាន​ប្រឹងប្រែង​ប្រឆាំង​អស់​រយៈពេល​ជា​យូរ​មក​ហើយ។

ការ​គាំទ្រ​លើ​លោក Anwar គឺ​ដោយសារ​លោក​ផ្ទេរ​អំណាច ដែល​នេះ​ជា​អ្វី​មួយ​ដែល​លោក Mahathir បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ជា​រឿង​ដែល​លោក​នឹង​ធ្វើ​ដូច​សន្យា។

គេ​ឃើញ​មាន​ការ​ផ្ដាច់​ខ្លួន​របស់​សមាជិក​គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ​កាល​ពី​ពេល​ថ្មីៗ​នេះ​មក​ចុះចូល​ជាមួយ​គណបក្ស​របស់​លោក ទោះបីជា​បណ្ដាល​ឲ្យ​មាន​ការ​សង្ស័យ​ថា លោក Mahathir កំពុង​ពង្រឹង​សមាជិក​របស់​លោក​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ឲ្យ​មាន​អំណាច​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដូច​នេះ​ក៏​ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក James Chin ប្រធាន​វិទ្យាស្ថាន​អាស៊ី Tasmania នៃ​សាកល​វិទ្យាល័យ Tasmania។

លោក James Chin និយាយ​ថា៖ «អ្នក​ត្រូវ​ចាំ​ថា នៅ​ពេល​ដែល​ពួកគេ​ចូល​ក្នុង​រដ្ឋាភិបាល ពួកគេ​មិន​ទុក​ចិត្ត​លោក Mahathir ដែល​ជា​បុរស​វ័យ​ចំណាស់​នោះ​ទេ ដោយសារតែ​លោក Mahathir មាន​វិធី​ដឹកនាំ​បែប​ផ្ដាច់ការ។ ប៉ុន្តែ លោក Mahathir មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ដោយសារតែ​គណបក្ស​របស់​លោក​គឺ​ជា​គណបក្ស​តូច​ជាង​គេ​បំផុត​ទី​ពីរ។ គណបក្ស​របស់​លោក​មាន​សមាជិក​សភា​តែ ១៣ នាក់​ប៉ុណ្ណោះ»។

លោក James Chin បាន​បន្ថែម​ថា៖ «យុទ្ធសាស្ត្រ​របស់​លោក Mahathir គឺ​ធ្វើ​ឲ្យ​ច្បាស់​ថា គណបក្ស​លោក​អាច​មាន​សមាជិក​សភា​រវាង​ពី ៣០ ទៅ ៤០ នាក់ មុន​ពេល​លោក​ចុះចេញ​ពី​តំណែង ដូច្នេះ​គណបក្ស​ពីរ​ផ្សេង​ទៀត​មិន​អាច​គំរាម​លោក​បាន​ទេ‍»។

លោក James Chin បាន​បញ្ជាក់​ថា មាន​ការ​ភ័យខ្លាច​ក្នុង​ចំណោម​គណបក្ស​ដៃគូ​នៃ​សម្ព័ន្ធ​ភាព​គណបក្ស Pakatan Harapan ដែល​ថា គណបក្ស Bersatu អាច​ក្លាយជា «គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ ៣,០‍»។

លោក James Chin និយាយ​ដូច្នេះ​ថា៖ «គណបក្ស Bersatu មាន​សមាជិក ដែល​ជា​អតីត​សមាជិក​គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ។ សមាជិក​ទាំង​នេះ​ដឹង​តែ​មួយ​គត់ គឺ​ការ​ចូល​រដ្ឋាភិបាល​ដើម្បី​បាន​ប្រយោជន៍។ ដូច្នេះ​ហើយ ប្រសិនបើ​គ្មាន​ទំនាក់ទំនង​ដូច​នេះ​ទេ គណបក្ស​នេះ​នឹង​ដួល​រលំ​ជា​មិន​ខាន‍»។

មួយ​វិញ​ទៀត ក្ដី​ព្រួយ​បារម្ភ​រឿង​ទំនុក​ចិត្ត​បាន​ល្បី​ខ្ចរខ្ចាយ​តាម​រយៈ «ក្រុម​បញ្ញវន្ត» ក្នុង​ទីក្រុង​កូឡាឡាំពួរ ទាក់ទិន​នឹង​បញ្ហា​អសមត្ថភាព​របស់​លោក Anwar ក្នុង​ការ​លើក​ឡើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​អំពី​ជំហរ​របស់​លោក។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក James Chin។

លោក James Chin បាន​បន្ត​ថា៖ «ប្រសិនបើ​លោក Mahathir ចុះ​ចេញ​ពី​តំណែង លោក​ទំនងជា​មិន​ជ្រើសរើស​លោក Anwar ទេ តែ​លោក​នឹង​ជ្រើសរើស​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​លោក Azmin Ali ដែល​ជា​បេក្ខជន​ដែល​លោក​ចូលចិត្ត»។

ក្នុង​ចំណោម​សមាជិក​សភា​គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ​ទាំង ៥៤ រូប នៃ​រដ្ឋសភា​ម៉ាឡេស៊ី​ដែល​មាន​សមាជិក​សរុប​ចំនួន ២២២ នាក់ មាន​សមាជិក ១៧ នាក់ បាន​ផ្ដាច់​ខ្លួន​ចុះចូល​ជាមួយ​គណបក្ស Pakatan Harapan ឬ​ក៏​ក្លាយជា​អ្នក​ឯករាជ្យ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត New Straits Times។

បុគ្គលិក​របស់​លោក Mahathir បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់ VOA អំពី​ការ​ផ្ដាច់​ខ្លួន​នេះ។

ប៉ុន្តែលោក Mahathir បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ថា អ្នក​ផ្ដាច់​ខ្លួន​ចេញ​ពី​គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ​ណា​ម្នាក់​ក៏​ដោយ គឺ​នឹង​ត្រូវ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​មុន​ពេល​ទទួល​យក​ជា​សមាជិក​របស់​គណបក្ស។

អ្នក​តំណាង​គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេ ក៏​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់ VOA ផង​ដែរ។ ក្នុង​នោះ​ក៏​មាន​សមាជិក​រដ្ឋសភា​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ផង​ដែរ គឺ​លោក Khairy Jamaluddin ដែល​លោក​ត្រូវ​បាន​គេ​ឃើញ​ថត​ក្នុង​រូប​ថត​មួយ​សន្លឹក ដែល​លោក​បាន​ពិសា​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹង​អ្នកស្រី Nurul និង​លោក Rafizi កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០១៨។

តាំង​ពី​គណបក្ស Pakatan Harapan បាន​ឡើង​កាន់​អំណាច​មក ប្រទេស​ម៉ាឡេស៊ី​គឺ​ដូចជា​រឿង​ប្រឌិត​បែប​នយោបាយ​មួយ​ដូច្នេះ​ដែរ ដែល​បង្ហាញ​ពី​សត្រូវ​ចាស់​រួម​កម្លាំង​គ្នា​ផ្ដួល​រំលំ​សត្រូវ​រួម​របស់​ខ្លួន និង​រុញ​ប្រទេស​ទៅ​រក​សេរីភាវូបនីយកម្ម​នៅ​ក្នុង​តំបន់​ដែល​ដឹកនាំ​ដោយ​ជន​ផ្ដាច់ការ។

លោក Najib និង​ភរិយា​របស់​លោក គឺ​អ្នកស្រី Rosmah Mansor កំពុង​ត្រូវ​តុលាការ​កាត់ទោស​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ 1MDB ស្រប​ពេល​ដែល​ច្បាប់​ប្រឆាំង​នឹង​ការ​បះបោរ និង​ទោស​ប្រហារ​ជីវិត​ត្រូវ​បាន​លុប​ចោល។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នេះ សត្រូវ​ស៊ី​សាច់​ហុត​ឈាម​ដែល​ផ្ដោត​លើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ផ្នែក​នយោបាយ បាន​លេច​ឡើង​វិញ​ជា​ថ្មី​ម្ដង​ទៀត​ដោយ​មិន​អាច​ជៀស​បាន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG