ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ថា ម៉ាឡេស៊ី​ប្រហែល​ជា​បង្កើត​ច្បាប់​ពន្ធដារ​ថ្មី និង​លក់​អចលនទ្រព្យ​ដើម្បី​សង​បំណុល


លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ក្រុង Port Dickson ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។

ប្រទេស​ម៉ាឡេស៊ី​ប្រហែល​ជា​បង្កើត​ច្បាប់​ពន្ធដារ​ថ្មី និង​លក់​អចលនទ្រព្យ​នានា​ដូចជា​ដីធ្លី​ជា​ដើម ដើម្បី​សង​បំណុល​ជាតិ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad នៅ​ថ្ងៃ​អង្គារ​នេះ ស្រប​ពេល​ដែល​រដ្ឋបាល​របស់​លោក​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បំណុល​ជាតិ​ប្រហែល ២៤០ ពាន់ ៦៧០ លាន​ដុល្លារ​អាមេរិក។

លោក Mahathir ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ដោយ​មិន​រំពឹង​ទុក​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ បាន​រិះគន់​លើ​រដ្ឋបាល​អាណត្តិ​មុន​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី Najib Razak ថា​បាន​ធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​បំណុល​ដ៏​ធ្ងន់ធ្ងរ​ដូច​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​បំណុល​នៃ​ថវិកា​ជាតិ​របស់​ក្រុមហ៊ុន​រដ្ឋ 1MDB ផង​ដែរ។ ករណី​ថវិកា​ក្រុមហ៊ុន 1MDB នេះ​គឺ​ជា​ប្រធានបទ​នៃ​ការ​ស៊ើប​អង្កេត​អំពើ​ពុករលួយ និង​ការ​លាង​លុយ​កខ្វក់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ផ្សេង​ទៀត។

រដ្ឋាភិបាល​របស់​លោក Mahathir ក៏​កំពុង​ស្វះស្វែង​រក​ប្រភព​ចំណូល​ថ្មី​សម្រាប់​ជាតិ​ផង​ដែរ ដើម្បី​ទប់ទល់​នឹង​កង្វះ​ថវិកា​ដែល​ម៉ាឡេស៊ី​អាច​នឹង​ប្រឈម​នៅ​ពេល​ខាង​មុខ បន្ទាប់ពី​បាន​លុប​ចោល​នូវ​ពន្ធ​លើ​ទំនិញ និង​សេវា​មិន​ពេញ​និយម​មួយ​ចំនួន​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​សម្ព័ន្ធ​គណបក្ស​នយោបាយ Alliance of Hope ដែល​ដឹកនាំ​ដោយ​លោក Mahathir បាន​ឈ្នះ​ការ​បោះ​ឆ្នោត​គ្រប់គ្រង​រដ្ឋាភិបាល។

លោក Mahathir បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​មួយ​ស្ដី​ពី​អ្នក​វិនិយោគ​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «យើង​ប្រហែល​ជា​ត្រូវ​បង្កើត​ច្បាប់​ពន្ធដារ​ថ្មី ដើម្បី​មាន​លុយ​សង​បំណុល​ជាតិ​របស់​យើង។ ចំណុច​មួយ​ទៀត​ដែល​យើង​អាច​ធ្វើ​បាន​គឺ​លក់​អចលនទ្រព្យ​របស់​យើង។ ដីធ្លី​គឺ​ជា​អចលនទ្រព្យ​មួយ​ក្នុង​ចំណោម​នោះ... ក្រៅ​ពី​នោះ យើ​ប្រហែលជា​ត្រូវ​លក់​អចលនទ្រព្យ​មាន​តម្លៃ​របស់​យើង​មួយ​ចំនួន​ដើម្បី​បាន​លុយ​សង​បំណុល‍»។ លោក Mahathir មិន​បាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​អំពី​ថា​តើ​អចលនទ្រព្យ​មាន​តម្លៃ​ទាំង​នោះ​ជា​អ្វី​នោះ​ទេ៕

XS
SM
MD
LG