ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា មរណភាព​របស់​លោក Deby ប៉ះពាល់​ដល់​ការ​ប្រយុទ្ធប្រឆាំងអំពើ​ភេរវកម្ម​នៅ​តំបន់ Sahel


រូបឯកសារ៖ រូបថតប្រធានាធិបតី​ឆាដ​លោក Idriss Deby កាលពីខែមេសា ឆ្នាំ ២០១៦។ លោក Deby បានស្លាប់ ក្រោយពីរងរបួសក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពប្រយុទ្ធនឹងក្រុមឧទ្ទាម កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ រូបថតប្រធានាធិបតី​ឆាដ​លោក Idriss Deby កាលពីខែមេសា ឆ្នាំ ២០១៦។ លោក Deby បានស្លាប់ ក្រោយពីរងរបួសក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពប្រយុទ្ធនឹងក្រុមឧទ្ទាម កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១។

មរណភាព​របស់​ប្រធានាធិបតី​ឆាដ​លោក Idriss Deby អាច​ជា​ការ​បង្អាក់​ដ៏​ធំ​មួយ​ចំពោះ​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ក្នុង​តំបន់ Sahel នៅ​ទ្វីប​អាហ្រិ្វក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សកម្មជន​ឆាដ អ្នក​នយោបាយ​នៅ​ទ្វីប​អាហ្វ្រិក និង​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ។

មេដឹកនាំ​ដែល​កាន់​តំណែង​យូរ​អង្វែង វ័យ ៦៨ ឆ្នាំ របស់​ប្រទេស​ឆាដ​រូប​នេះ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មេសា​កន្លង​ទៅ​នេះ ដោយសារ​លោក​បាន​រង​របួស​នៅ​ពេល​លោក​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​កងទ័ព​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​រណសិរ្ស​ដើម្បី​ការ​ផ្លាស់ប្ដូរ​និង​ការ​រួបរួម​នៅ​ប្រទេស​ឆាដ (Front for Change and Concord in Chad (FACT)) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​លីប៊ី។ ក្រុម​ឧទ្ទាម​នេះ​បាន​រំកិល​មក​កាន់​រដ្ឋធានី​យ៉ាមេណា ប្រទេស​ឆាដ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ។

នៅ​ក្រោយ​មរណភាព​របស់​លោក Deby ក្រុម​ឧត្តមសេនីយ៍​បាន​បង្កើត​នូវ​ក្រុមប្រឹក្សា​យោធា​មួយ​ដើម្បី​ដឹកនាំ​ប្រទេស និង​បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ Mahamat Idriss Deby Itno អាយុ ៣៧ ឆ្នាំ ដែល​ជា​កូន​ប្រុស​របស់​លោក Deby ឲ្យ​ធ្វើជា​ប្រធានាធិបតី​ស្តីទី។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​ក្នុង​ប្រទេស​ឆាដ​បាន​និយាយ​ថា ភាព​ចលាចល​នយោបាយ​អាច​ឈាន​ទៅ​ដល់​បញ្ហា​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេសដែល​ស្ថិត​នៅ​ភាគ​កណ្តាល​នៃ​ទ្វីប​អាហ្រ្វិក​មួយ​នេះ។

អ្នកស្រី Delphine Djiraibe ដែល​ជា​មេធាវី​សិទ្ធិ​មនុស្ស​និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​ច្បាប់​ដើម្បី​ប្រយោជន៍​សាធារណៈ (Public Interest Law Center) និង​ដែល​រស់នៅ​ក្នុង​រដ្ឋធានី​យ៉ាមេណា បាន​និយាយ​ថា៖ «ប្រទេស​ឆាដ​មាន​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ជាច្រើន​នៅ​ពេល​ឥឡូវ​នេះ»។

អ្នកស្រី​បាន​ថ្លែង​ប្រាប់ VOA ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ថា៖ «នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម លោក​ប្រធានាធិបតី Deby គឺ​ជា​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​នឹង​ប្រទេស​បារាំង​និង​បណ្តា​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត។ ដូច្នេះ​ការ​ស្លាប់​របស់​លោក ​នឹង​បង្ក​ជា​ចន្លោះ​ប្រហោង​មួយ។ ទោះបីជា​លោក​ដឹកនាំ​បែប​ផ្តាច់ការ​ក៏ដោយ ក៏​សមិទ្ធផល​របស់​លោក​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ក្នុង​តំបន់​គឺ​ជា​កត្តា​ចម្បង​ដែល​បណ្តា​ប្រទេស​ទាំង​នោះ​គាំទ្រ​រូប​លោក»។

លោក Deby បាន​ដឹកនាំ​ប្រទេស​ឆាដ​ចាប់​តាំងពី​បាន​ចូល​កាន់​អំណាច ​បន្ទាប់ពី​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ឆ្នាំ ១៩៩០ មក។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ លោក​និង​យោធា​របស់​លោក​បាន​ក្លាយជា​តួអង្គ​សំខាន់​ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ក្នុង​តំបន់ Sahel និង​តំបន់ Lake Chad Basin ដែល​ជា​កន្លែង​ដែល​ក្រុម​បូកូហារ៉ាំ (Boko Haram) និង​ក្រុម​ឥស្លាម​ជ្រុល​និយម​ដទៃ​ទៀត​ធ្វើ​សកម្មភាព​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន។

អ្នកស្រី Kaltuoma Makaila ពលរដ្ឋ​ក្រុង​យ៉ាមេណា វ័យ ៤១ ឆ្នាំ បាន​និយាយ​ថា៖ «លោក [Deby] អាច​រក្សា​ប្រទេស​យើង​ឲ្យ​មាន​សុវត្ថិភាព​ពី​ការ​គំរាមកំហែង​ភេរវកម្ម ក៏​ដូចជា​បាន​ជួយ​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ផងដែរ»។

អ្នកស្រី​បាន​ថ្លែង​ប្រាប់ VOA ថា៖ «នៅ​ពេល​ដែល​លោក Deby បាន​ស្លាប់​ទៅ ខ្ញុំ​មិន​ច្បាស់​ថា ស្ថានភាព​សន្តិសុខ​នៅ​ក្នុង​ប្រទេស​របស់​យើង​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​យើង​នឹង​ពិតជា​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​មិន​ច្បាស់លាស់​មួយ»។

រូបឯកសារ៖ រថយន្តបំពាក់ដោយអាវុធរបស់កងយោធាបារាំងដើម្បីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅតំបន់ Sahel នៃបេសកកម្ម Barkhane យាមល្បាតនៅតំបន់ Gossi នៃប្រទេសម៉ាលី កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៩។
រូបឯកសារ៖ រថយន្តបំពាក់ដោយអាវុធរបស់កងយោធាបារាំងដើម្បីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅតំបន់ Sahel នៃបេសកកម្ម Barkhane យាមល្បាតនៅតំបន់ Gossi នៃប្រទេសម៉ាលី កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៩។

ស្ថិរភាព​ក្នុង​តំបន់

អ្នក​នយោបាយ​មួយ​ចំនួន​ជឿ​ថា ផលវិបាក​មិន​រំពឹងទុក​នៃ​មរណភាព​របស់​លោក Deby ក៏​អាច​កើតឡើង​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ផងដែរ។

លោក Alexandre-Ferdinand Nguendet អតីត​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​នៃ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល (National Transitional Council of the Central African Republic) បាន​និយាយ​ថា លោក Deby គឺ​ជា «បុគ្គល​ម្នាក់​ដែល​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ...ខ្ញុំ​គិត​ថា ការ​ស្លាប់​របស់​លោក ​នឹង​ក្លាយជា​មូលហេតុដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​អនុ​តំបន់​នេះ»។

យោធា​ឆាដ​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ជួរ​កង​កម្លាំង ៥.០០០ នាក់​នៃ​ក្រុម​ប្រទេស G5 ក្នុង​តំបន់ Sahel។ ក្រុម​ប្រទេស G5 ក្នុង​តំបន់ Sahel រួម​មាន​ប្រទេស​នីហ្សេ ម៉ាលី ឆាដ បួគីណាហ្វាសូ និង​ម៉ូរីតានី។ កងកម្លាំង​របស់​ប្រទេស​ទាំង​នេះ​បាន​សហការ​ជាមួយ​នឹង​កង​ទាហាន​បារាំង ដែល​មាន​វត្តមាន​នៅ​ក្នុង​តំបន់​ ចាប់​តាំងពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​ការ​បះបោរ​នៅ​ក្នុង​ប្រទេស​ម៉ាលី​កាលពី​ឆ្នាំ ២០១២ មក។

ពលរដ្ឋ​ម្នាក់​រស់នៅ​រដ្ឋធានី​បាម៉ាកូ ប្រទេស​ម៉ាលី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា៖ «នេះ​គឺជា​គុណវិបត្តិ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ឆាដ ម៉ាលី និង​តំបន់ Sahel ទាំងមូល ពីព្រោះ​កាលពី​ពេល​ថ្មីៗ​នេះ លោក [Deby] បាន​បញ្ជូន​កងទ័ព​ឆាដ​ចំនួន ១.២០០ នាក់​ដើម្បី​ពង្រឹង​សន្តិសុខ» នៅ​ក្នុង​តំបន់​ព្រំដែន​រវាង​ប្រទេស​នីហ្សេ ម៉ាលី និង​បួគីណាហ្វាសូ។

នៅ​ក្នុង​ប្រទេស​នីហ្សេ​ដែល​ជា​ប្រទេស​ជិតខាង ពលរដ្ឋ​ម្នាក់​បាន​និយាយ​ថា ការ​ស្លាប់​របស់​លោក Deby នឹង «បង្ក​ជា​ផល​វិបាក​ដែល​មិន​អាច​ជៀស​បាន​នៅ​ក្នុង​អនុ​តំបន់​នេះ»។

លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖ «បុរស​ម្នាក់​ដែល​បាន​ជួយ​យើង​បាន​ស្លាប់​ទៅ​ហើយ។ តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​ជំនួស​កិច្ច​ប្រឹងប្រែង​ដែល​គាត់​បាន​ធ្វើ​កន្លង​មក​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ភេរវកម្ម?»។

«ពេលវេលា​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ»

ក្រុម​ឧទ្ទាម FACT បាន​បញ្ជាក់​ថា ខ្លួន​មិន​ទទួល​ស្គាល់​ក្រុមប្រឹក្សា​យោធា​អន្តរកាល​ដែល​នឹង​គ្រប់គ្រង​ប្រទេស​ឆាដ​ នៅ​ក្នុង​រយៈពេល ១៨ ខែ​ខាង​មុខ​នេះ​ទេ។ អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ករណី​នេះ​មាន​ន័យ​ថា ការ​គំរាមកំហែង​របស់​ក្រុម​ឧទ្ទាម​នេះ​នៅ​ក្នុង​ប្រទេស​ឆាដ​គឺ​នៅតែ​មាន​ពិត​ប្រាកដ​ដដែល។

លោក Daniel Eizenga អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្រ្ត​ទ្វីប​អាហ្រ្វិក (African Center for Strategic Studies) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា៖ «នេះ​គឺជា​ពេលវេលា​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ ពីព្រោះ​យើង​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា របប​ដែល​បាន​បង្កើត​ឡើង​ដោយ​លោក​ប្រធានាធិបតី Deby គឺ «មាន​លក្ខណៈ​ផ្តាច់ការ​ខ្លាំង។ ដូច្នេះ​គ្រប់​អំណាច​ផ្នែក​នយោបាយ​ទាំង​អស់​ត្រូវ​បាន​ចាក់​ឬស​ចាក់​គល់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Deby និង​គណបក្ស​កាន់​អំណាច​របស់​លោក»។

លោក Eizenga បាន​ប្រាប់ VOA ថា៖ «នៅ​ពេល​ដែល​មាន​អស្ថិរភាព​នយោបាយ រឿង​អ្វី​ក៏​អាច​កើតឡើង​បាន​ដែរ។ អស្ថិរភាព​ដែល​បាន​ចាក់​ឬស​នៅ​ក្នុង​របប​ផ្តាច់ការ​នោះ​គឺ​ពិតជា​បង្ក​បញ្ហា ហើយ​ឥឡូវ​នេះ យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ប្រទេស​ឆាដ​ប្រហែលជា​មិន​អាច​ធ្វើ​ជា​ដៃគូ​សំខាន់​មួយ​ទៀត​នោះ​ទេ ដោយសារតែ​អ្វីៗ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ឆាដ​អាច​ដួលរលំ​បាន»។

រូបឯកសារ៖ អគ្គមេបញ្ជាការយោធាឆាដលោក Mahamat Idriss Deby Itno ដែលត្រូវជាកូនប្រុសរបស់ប្រធានាធិបតី​ឆាដ​លោក Idriss Deby ថ្លែងនៅវិមានរដ្ឋាភិបាលឆាដ ក្នុងរដ្ឋធានីយ៉ាមេណា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១។ (រូបថតដោយ Brahim ADJI / Tchad Presidential Palace / AFP)
រូបឯកសារ៖ អគ្គមេបញ្ជាការយោធាឆាដលោក Mahamat Idriss Deby Itno ដែលត្រូវជាកូនប្រុសរបស់ប្រធានាធិបតី​ឆាដ​លោក Idriss Deby ថ្លែងនៅវិមានរដ្ឋាភិបាលឆាដ ក្នុងរដ្ឋធានីយ៉ាមេណា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១។ (រូបថតដោយ Brahim ADJI / Tchad Presidential Palace / AFP)

តួនាទី​របស់​កូន​ប្រុស​លោក Deby

កូន​ប្រុស​របស់​លោក Deby ដែល​ជា​ឧត្តមសេនីយ៍​ផ្កាយ​បួន ធ្លាប់​បាន​ដឹកនាំ​ប្រតិបត្តិការ​យោធា​មួយ​ចំនួន​ប្រឆាំង​នឹង​ក្រុម​បះបោរ​ឥស្លាម​ជ្រុល​និយម ដែល​រួម​មាន​ទាំង​ប្រតិបត្តិការ​មួយ​កាលពី​ឆ្នាំ ២០១៣ ផងដែរ។ ​នៅ​ពេល​នោះ ទាហាន​ឆាដ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី​ដើម្បី​ជួយ​គាំទ្រ​ប្រតិបត្តិការ​របស់​ប្រទេស​បារាំង​នៅ​ម៉ាលី​ដែល​មាន​ឈ្មោះ​ថា French Operation Serval។

លោក Eizenga បាន​និយាយ​ថា៖ «គាត់​បាន​កាន់​តំណែង​ខ្ពស់​នៅ​ក្នុង​ពិភព​ចារកម្ម​ផ្នែក​យោធា​សម្រាប់​ប្រទេស​ឆាដ ហើយ​នេះ​បង្ហាញ​ថា គាត់​មាន​បណ្តាញ​នៅ​ក្នុង​ផ្នែក​ការ​ទូត​និង​យោធា​ដ៏​ទូលំទូលាយ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​យ៉ាមេណា»។

ប្រតិបតិ្តការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​របស់​ប្រទេស​បារាំង​ដែល​មាន​ឈ្មោះ​ថា Operation Barkhane និង​កង​កម្លាំង​ពិសេស​រួម​ពហុ​ជាតិ (Multinational Joint Task Force) នៅ​ក្នុង​តំបន់ គឺ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​ប្រទេស​ឆាដ។

លោក Eizenga បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ការណ៍​ដែល​លោក​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ដឹកនាំ​ក្រុមប្រឹក្សា​យោធា​អន្តរកាល​របស់​ប្រទេស​ឆាដ បាន​បង្ហាញ​ថា មាន​កិច្ច​ប្រឹងប្រែង​ដែល​ធ្វើ​ឡើង​ដោយ​យ៉ាង​ហោច​ណាស់​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​យ៉ាមេណា ដើម្បី​ព្យាយាម​រក្សា​ការ​បន្ត​ដំណើរ​ទៅ​មុខ និង​ជម្នះ​អស្ថិរភាព​ណា​មួយ ដែល​អាច​កើត​មាន​ឡើង​នៅ​ក្រោយ​មរណភាព​របស់​លោក Deby»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG