ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ពប្រទេសឆាដថាលោកប្រធានាធិបតី Deby បានស្លាប់ ហើយកូនប្រុសរបស់លោកនឹងដឹកនាំក្រុមប្រឹក្សាយោធា


រូប​ឯកសារ៖ ប្រធានាធិបតី​នៃ​ប្រទេស​ឆាដ លោក Idriss Deby ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​ក្រុង Pau ប្រទេស​បារាំង ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
រូប​ឯកសារ៖ ប្រធានាធិបតី​នៃ​ប្រទេស​ឆាដ លោក Idriss Deby ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​ក្រុង Pau ប្រទេស​បារាំង ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

កងទ័ព​ប្រទេស​ឆាដ​និយាយ​ថា​ លោក​ប្រធានាធិបតី ​Idriss Deby​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជា​មួយ​ក្រុម​ឧទ្ទាម ​ដោយ​បញ្ចប់​ការ​កាន់កាប់​អំណាច​របស់លោក​រយៈ​ពេល​៣០​ឆ្នាំ​នៅ​ប្រទេស​នេះ។​ ថ្លែង​តាមទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃអង្គារ​ អ្នកនាំពាក្យ​កងទ័ព​បាន​និយាយ​ថា ​លោក​Deby​ បាន​ស្លាប់​ដោយសាររបួសពេល​លោក​ទៅ​សួរសុខទុក្ខកងទ័ព​ជួរមុខ។​ ក្រុម​ឧទ្ទាម​មាន​ឈ្មោះ​ថា​ រណសិរ្ស​ដើម្បី​ការ​ផ្លាស់ប្តូរ​និង​កិច្ចព្រមព្រៀង​នៅ​ប្រទេស​ឆាដ​បាន​សម្រុកចូល​ពីភាគ​ខាងជើង​ក្នុង​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​ឆ្ពោះ​ទៅ​រដ្ឋធានី​ N’Djamena ។​

រដ្ឋាភិបាល​និង​សភា​ត្រូវ​បាន​រំលាយ ​ហើយអ្នក​នាំពាក្យ​កងទ័ព​លោក​ Azem Bermendao Agouna​ បាន​និយាយ​ថា​ ក្រុមប្រឹក្សា​យោធា​នឹង​គ្រប់គ្រង​ប្រទេស​នេះ​រយៈពេល​១៨​ខែ​។​ លោក​បាន​និយាយ​ថា​ ក្រុមប្រឹក្សា​នឹង​ត្រូវ​ដឹកនាំ​ដោយ​កូនប្រុស​របស់លោក Deby ​គឺ​លោក​ឧត្តមសេនីយ៍ ​Mahamat Idriss Deby Into ​អាយុ​៣៧​ឆ្នាំ។​

មិនទាន់​មានការ​បញ្ជាក់​ឯករាជ្យ​អំពី​ការ​ស្លាប់​របស់​ប្រធានាធិបតី​ប្រទេស​ឆាដ​នេះ​ទេ។​ អ្នកនាំពាក្យ​បញ្ជា​ការដ្ឋាន​យោធា​អាមេរិក​នៅ​ការ​អាហ្រ្វិក​បាន​សម្តែង​ការចូល​រួម​មរណ​ទុក្ខ​ជាមួយ​ប្រជាជន​ឆាដ​ ហើយ​បាន​និយាយ​ថា​ បញ្ជា​ការដ្ឋាន​នេះ​កំពុង​ឃ្លាំមើល​យ៉ាងដិត​ដល់​នូវ​ការ​លុកលុយ​របស់​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​នេះ។​

ទន្ទឹមនឹងនេះដែរ​ ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​រដ្ឋធានី N’Djamena ​បាន​បញ្ជាឱ្យ​បុគ្គលិកស្នាក់​នៅកន្លែងដែល​មាន​សុវត្ថិភាព​ ដោយ​លើក​ឡើង​អំពី​ភាពចលាចល​ដែលអាច​កើតមាន។​

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ចូល​រួមរំលែក​ទុក្ខ​ដល់​ប្រជាជន​ឆាដ និង​បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​«ការ​ផ្ទេរ​អំណាចដោយ​សន្ដិវិធី ដោយ​យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ឆាដ»។

លោក​ Deby ​អាយុ៦៨​ឆ្នាំ​បាន​គ្រប់គ្រង​ប្រទេស​ឆាដ​ចាប់តាំង​ពី​ឡើង​កាន់​អំណាច​ក្នុង​រដ្ឋប្រហារ​ខែ​ធ្នូ ​ឆ្នាំ​១៩៩០​ ដែល​ធ្វើឱ្យ​លោក​ក្លាយជា​មេដឹកនាំ​ដែល​កាន់​អំណាច​យូរជាង​គេបំផុត​នៅ​អាហ្វ្រិក។​ ក្រុមអ្នក​ប្រឆាំង​បាន​ហៅ​លោកថា​ ជាជន​ផ្ដាច់ការ ហើយបាន​រិះគន់​លោក​ក្នុងការ​គ្រប់គ្រង​ប្រេង​របស់​ប្រទេស។​ ទោះយ៉ាងណាក៏​ដោយ ក៏ប្រទេស​លោកខាងលិច​យល់​ថា​ លោក​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​ឥស្លាម​នៅ​អាហ្វ្រិក​ខាងលិច​និង​តំបន់​ Sahel ​ដូចជា​ក្រុម​ Boko Haram ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេសនីហ្សេរីយ៉ា​ជាដើម៕​

XS
SM
MD
LG