មួយសប្តាហ៍ក្រោយពីប្រទេសនេប៉ាល់បានរងគ្រោះដោយសារការរញ្ជួយផែនដីមានកម្លាំង៧,៨មក ពួកមន្ត្រីបាននិយាយថាមានមនុស្សរាប់ពាន់នាក់នៅតែបាត់ខ្លួននៅទ្បើយដោយមានរួមបញ្ចូលទាំងជនជាតិអឺរ៉ុបប្រមាណ១ពាន់នាក់ផងដែរ។
ពួកមន្ត្រីបាននិយាយនៅថ្ងៃសៅរ៍នេះថាចំនួនមនុស្សស្លាប់បានកើនលើស៦.៦០០នាក់ហើយ ដោយមនុស្សភាគច្រើនបានបាត់បង់ជីវិតនៅក្នុងនិងនៅជុំវិញរដ្ឋធានី Kathmandu។
អាជ្ញាធរបាននិយាយថាមានសេចក្តីសង្ឃឹមតិចតួចថា នឹងអាចរកឃើញអ្នកនៅរស់នៅក្នុងកម្ទិចកម្ទីធំធេងទាំងនោះ។
ពួកអ្នកនៅរស់បានសុំដល់រដ្ឋាភិបាល និងពួកផ្តល់ជំនួយឲ្យចាត់វិធានការលឿនជាងមុនដើម្បីអាចផ្តល់ម្ហូបអាហារ ទឹកនិងជំនួយឯទៀតៗដល់មនុស្សច្រើននាក់ដែលរស់នៅកណ្តាលវាលក្រោយពីបានបាត់បង់ផ្ទះសម្បែងពួកគេ។
នៅក្នុងក្រុង Kathmandu មានសញ្ញាខ្លះនៃភាពធម្មតាប្រក្រតីវិញហើយនៅពេលដែលពួកអ្នកជំនួញរកស៊ីតាមធម្មតាវិញ ហើយពួកអ្នកស្រុកខ្លះបានរើតង់ហើយចូលទៅនៅក្នុងអាគារវិញ។ក៏ប៉ុន្តែក្លិនសាកសពដែលរលួយស្អុយខ្លាំងបានក្លាយទៅជាហេតុផលធំមួយដែលអ្នកស្រុកច្រើននាក់មិនវិលត្រទ្បប់ទៅផ្ទះពួកគេវិញ។
លោកស្រី Valerie Amos ប្រធានផ្នែកកិច្ចការមនុស្សធ៌មរបស់អ.ស.ប.បានទៅទស្សនាកន្លែងមានមហន្តរាយក្នុងប្រទេស Nepal កាលពីថ្ងៃសុក្រជាផ្នែកមួយនៃទស្សនកិច្ចបីថ្ងៃរបស់លោកស្រីដើម្បីស្ទង់ប៉ាន់មើលអំពីកិច្ចប្រតិបត្តិការជួយសង្គ្រោះ។ លោកស្រីបាននិយាយប្រាប់ពួកអ្នកកាសែតថា ការផ្តល់ប្រាក់គ្រាមានអាសន្នសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានហូរចូលក្នុងប្រទេសនេប៉ាល់ ហើយលោកស្រីបានសុំដល់សហគមន៍អន្តរជាតិឲ្យបង្កើនជំនួយថែមទៀត។
រដ្ឋាភិបាលនៃប្រទេសនេប៉ាល់ផ្តល់ប្រាក់១ពាន់ដុល្លារឲ្យគ្រួសារជនបាត់បង់ជីវិត និង៤រយដុល្លារសម្រាប់សោហ៊ុយបញ្ចុះសព៕