ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​​មនុស្ស​​ស្លាប់​​បាន​​កើន​​ឡើង​​យ៉ាង​​ច្រើន​​នៅ​ប្រទេស​​នេប៉ាល់


រូបថត​​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពីកា​រ​រញ្ជួយ​ដី​​ត្រូវ​បាន​បង្ហាញ​ នៅ​លើ​ក្តារ​ប្រកាស​​មួយ​នៅ​ក្នុង​មន្ទីរពេទ្យកងទ័ព នៅ​ក្រុង​ Kathmandu ​ប្រទេសនេប៉ាល់ នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៥។.
រូបថត​​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពីកា​រ​រញ្ជួយ​ដី​​ត្រូវ​បាន​បង្ហាញ​ នៅ​លើ​ក្តារ​ប្រកាស​​មួយ​នៅ​ក្នុង​មន្ទីរពេទ្យកងទ័ព នៅ​ក្រុង​ Kathmandu ​ប្រទេសនេប៉ាល់ នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៥។.

ចំនួន​មនុស្ស​ស្លាប់​ពី​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​ ណេប៉ាល់​ បាន​ឡើង​លើស​ពី​ ៦​ ពាន់​ ២​ រយ​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ ដែល​រំពឹង​ថា​នឹង​ឡើង​ច្រើន​ទៀត​ នៅ​ពេល​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ពី​ជុំ​វិញ​ពិភពលោក​ បាន​បន្ត​រក​ឃើញ​សាក​សព​នៅ​ក្រោម​កំទេច​អាគារ​ ដោយ​សារ​ការ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​សៅរ៍​មុន។​

រដ្ឋាភិបាល​ ណេប៉ាល់​ បាន​ផ្តល់​ប្រាក់​ ១​ ពាន់​ដុល្លារ​ទៅ​ឲ្យ​គ្រួសារ​មនុស្ស​ស្លាប់​ និង​ ៤​ រយ​ដុល្លារ​ទៀត​សម្រាប់​តម្លៃ​បញ្ចុះ​សព។​

នៅ​រដ្ឋធានី​ Kathmandu​ ក្លិន​សព​យ៉ាង​ខ្លាំង​បាន​រារាំង​មិន​ឲ្យ​អ្នក​ស្រុក​ជា​ច្រើន​នាក់​ដែល​បាន​ដេក​នៅ​កណ្តាល​វាល​តាំង​ពី​ថ្ងៃ​សៅរ៍​មក​ មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​បាន។​

អសប​ បាន​និយាយ​ថា​ មនុស្ស​ជាង​ ៨​ លាន​នាក់​បាន​ទទួល​ផល​ប៉ះពាល់​ពី​ការ​រញ្ជួយ​ដី​នេះ​ និង​មាន​មនុស្ស​ជាង​ ២​ លាន​នាក់​គ្មាន​ទី​លំនៅ​ជ្រក​កោន។​

នៅ​រដ្ឋធានី​កាល​ពី​ថ្ងៃ​ព្រហស្បត៍​អ្នក​ជួយ​សង្គ្រោះ​បាន​ទាញ​យក​មនុស្ស​នៅ​រស់​ជីវិត​ ២​ នាក់​ចេញ​ពី​កំទេច​អាគារ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ត្រេកអរ​មួយ​រយៈ​ខ្លី​នៅ​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​អ្នក​រងគ្រោះ​ដ៏​ខ្លោច​ផ្សារ​នេះ។​

មនុស្ស​នាំ​គ្នា​ស្រែក​ហ៊ោ​នៅ​ពេល​ដែល​អ្នក​ជួយ​សង្គ្រោះ​បាន​ទាញ​យក​ក្មេង​ជំទង់​ម្នាក់​អាយុ​ ១៥​ ឆ្នាំ​ចេញ​ពី​កំទេច​អាគារ​ផ្ទះ​សំណាក់​មួយ។​ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ទៀត​ គេ​បាន​ជួយ​ស្រី​ម្នាក់​ អាយុ​ជាង​ ៣០​ ឆ្នាំ​ដែល​ជា​អ្នក​ធ្វើ​ការ​នៅ​ចង្ក្រាន​បាយ​ក្នុង​សណ្ឋាគារ​មួយ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់​ដែរ៕

XS
SM
MD
LG