មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង Kryvyi Rih នៅភាគកណ្ដាលប្រទេសអ៊ុយក្រែនបានធ្វើឱ្យមនុស្សយ៉ាងតិច ៦ នាក់ស្លាប់និង ២៥ នាក់ទៀតរងរបួស។
លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយថា រុស្ស៊ីបានបំផ្លាញអគារលំនៅដ្ឋានកម្ពស់ ៥ ជាន់មួយខ្នងនៅក្នុងការវាយប្រហារនេះ និងថាក្រុមអ្នកជួយសង្គ្រោះបានស្វែងរកអ្នកនៅរស់តាមគំនរបាក់បែកនៃអគារនេះ។
ទីក្រុង Kryvyi Rih គឺជាកន្លែងកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។ លោក Zelenskyy បានបង្ហោះសារនៅលើ Telegram ថា៖ «ឃាតករុស្ស៊ីនៅតែបន្តធ្វើសង្គ្រាមវាយប្រហារលើអគារលំនៅដ្ឋាន ទីក្រុងនិងប្រជាជនសាមញ្ញ»។
លោកបានបន្ថែមថា៖ «ពួកភេរវករនឹងមិនដែលត្រូវបានលើកលែងទោសឱ្យនោះទេ ហើយពួកគេនឹងត្រូវទទួលខុសត្រូវចំពោះការបាញ់រាល់គ្រាប់មីស៊ីលទាំងអស់»។
ការវាយប្រហារលើទីក្រុង Kryvyi Rih នេះគឺជាផ្នែកមួយនៃការវាយប្រហារតាមផ្លូវអាកាសធំជាងនេះរបស់រុស្ស៊ីដែលបានសំដៅផងដែរលើរដ្ឋធានីកៀវ និងទីក្រុង Kharkiv របស់អ៊ុយក្រែន។
យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលស្វ័យនាំផ្លូវ ១០ គ្រឿងក្នុងចំណោម ១៤ គ្រឿងដែលរុស្ស៊ីបានបាញ់ ក៏ដូចជាដ្រូនផលិតនៅអ៊ីរ៉ង់មួយគ្រឿងក្នុងចំណោម ៤ គ្រឿងដែលកងទ័ពរុស្ស៊ីបានប្រើផងដែរ។
កាលពីខែមុន រុស្ស៊ីបានប្រើមីស៊ីលនិងដ្រូនវាយប្រហារម្ដងហើយម្ដងទៀតលើទីក្រុងកៀវ មុនការវាយបកគ្រោងទុកជាយូរមកហើយរបស់អ៊ុយក្រែន។
អ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានដណ្ដើមមកវិញនូវភូមិចំនួន ៧ តាំងពីបានធ្វើការវាយបកទៅវិញកាលពីសប្ដាហ៍មុនក្នុងគោលបំណងដណ្ដើមមកវិញនូវតំបន់នានាដែលត្រួតត្រាដោយកងទ័ពរុស្ស៊ី៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។