អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនអ្នកស្រី Hanna Maliar បាននិយាយនៅថ្ងៃចន្ទនេះថា កងទ័ពអ៊ុយក្រែនបានដណ្ដើមគ្រប់គ្រងមកវិញនូវភូមិ Storozhov នៅក្នុងតំបន់ Donetsk នៅពេលដែលពួកគេធ្វើការវាយបកក្នុងគោលបំណងដណ្ដើមមកវិញនូវទឹកដីដែលរុស្ស៊ីបានដណ្ដើមយក។
អ្នកស្រី Maliar បានអរគុណកងពលតូចម៉ារីនតាម Telegram ដោយបាននិយាយថា ទង់ជាតិអ៊ុយក្រែនត្រូវបានបង្ហូតឡើងនៅភូមិ Storozhov។ អ្នកស្រីបាននិយាយថា ទិដ្ឋភាពបែបនេះនឹងកើតឡើងទៀតនៅតាមគ្រប់តំបន់ទាំងអស់រហូតទាល់តែកងទ័ពអ៊ុយក្រែនរំដោះទឹកដីអ៊ុយក្រែនបានទាំងអស់។
ដំណើរវិវឌ្ឍនេះបានកើតឡើងមួយថ្ងៃក្រោយមកបន្ទាប់ពីមន្ត្រីអ៊ុយក្រែនបាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្ដើមមកវិញនូវភូមិចំនួន ៣ នៅក្នុងតំបន់ Donetsk ដែលនោះគឺភូមិ Blahodatne ភូមិ Neskuchne និងភូមិ Makarivka។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះថា ក្នុងអំឡុងពេលមួយថ្ងៃកន្លងទៅនេះមានការប្រយុទ្ធគ្នាខ្លាំងក្លាកើតឡើងនៅកន្លែងផ្សេងទៀតក្នុងតំបន់ Donetsk ដែលក្នុងនោះរួមមានទាំងនៅក្នុងទីក្រុង Bakhmut ផងដែរ និងនៅក្នុងតំបន់ Luhansk។
រីឯនៅក្នុងប្រទេសអាល្លឺម៉ង់ឯណោះវិញ អង្គការអូតង់ (NATO) បានចាប់ផ្ដើមធ្វើសមយុទ្ធដាក់ពង្រាយកងកម្លាំងជើងអាកាសដ៏ធំបំផុតនៅក្នុងប្រវត្តិរបស់ខ្លួនដោយមានវត្តមានចូលរួមពីយន្តហោះចម្បាំងចំនួន ២៥០ គ្រឿងមកពីប្រទេសចំនួន ២៥។
លោកឧត្ដមសេនីយ៍ឯក Ingo Gerhartz បាននិយាយកាលពីសប្ដាហ៍មុនថា សមយុទ្ធនេះត្រូវបានរៀបចំផែនការតាំងពីឆ្នាំ ២០១៨ មកម្ល៉េះដើម្បីឆ្លើយតបទៅនឹងការភ្ជាប់យករបស់រុស្ស៊ីនូវឧបទ្វីប Crimea របស់អ៊ុយក្រែន។
ដោយបានលើកឡើងថាអង្គការអូតង់គឺជាសម្ព័ន្ធភាពផ្នែកការពារ លោក Gerhartz បានបញ្ជាក់ថា សមយុទ្ធនេះដែលនឹងបន្តរហូតដល់ថ្ងៃទី ២៣ ខែមិថុនានេះនឹងមិនមានការបញ្ជូនយន្តហោះចម្បាំងណាមួយទៅកាន់តំបន់ទីក្រុង Kaliningrad របស់រុស្ស៊ីដែលនៅជាប់ព្រំដែននឹងប្រទេសប៉ូឡូញនិងប្រទេសលីទុយអានីដែលជាសមាជិករបស់អង្គការអូតង់នោះទេ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។