ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយតម្លៃ​លើ​គ្រោះ​មហន្តរាយ​នៃ​ការ​បាក់​ទំនប់​វារី​អគ្គិសនី​នៅ​អ៊ុយក្រែន​កំពុង​ធ្វើ​ឡើង


អ្នកស្រុក​ប្រតិកម្ម​ក្រោយ​ពី​ត្រូវ​ជម្លៀស​ពី​តំបន់​លិច​ទឹក​ បន្ទាប់​ពី​មាន​ការ​បាក់​ធ្លាយ​ទំនប់ Kakhovka មក​លើ​ទី​ក្រុង Kherson ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣។
អ្នកស្រុក​ប្រតិកម្ម​ក្រោយ​ពី​ត្រូវ​ជម្លៀស​ពី​តំបន់​លិច​ទឹក​ បន្ទាប់​ពី​មាន​ការ​បាក់​ធ្លាយ​ទំនប់ Kakhovka មក​លើ​ទី​ក្រុង Kherson ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣។

នៅ​ពេល​ពិនិត្យ​ឲ្យ​ដិតដល់ ការ​ខូចខាត​ពី​ការ​បាក់​ទំនប់វារី​អគ្គិសនី​ Kakhovka នៅ​អ៊ុយក្រែន ហាក់ ដូច ជា​ មាន​សភាព​អាក្រក់​ជាង​អ្វី​ដែល​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សេចក្តី​រាយការណ៍​ព័ត៌មាន​ និង​ខុសឆ្ងាយ​ពី​រូបភាពពី​ផ្កាយ​រណប។ នេះ​បើ​យោង​តាម​មន្រ្តី​អង្គការសហប្រជាជាតិ ដែល​បាន​វាយតម្លៃស្ថានភាព​នៅ​តំបន់​នោះ​កាល​ពី​ថ្ងៃ​សុក្រ ទី៩ ខែ​មិថុនា។

អ្នកស្រី Denise Brown ដែល​ជា​មន្រ្តី​អ.ស.ប​មួយ​រូប​ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​តាមរយៈ​ផ្កាយរណប​ពី​ក្រុង Bilozerka ស្ថិត​តាម​បណ្តោយ​ច្រាំង​ទន្លេ Dnipro ភាគ​ខាង​លិច បាន​និយាយ​ថា៖ «យើង​បាន​ទៅ​ជាមួយ​នឹង​អាជ្ញាធរ​ដើម្បី​ពិនិត្យ​មើល​សហគមន៍​និង​ភូមិ​តូចៗ​តាម​បណ្ដោយ​ទន្លេ​ ដែល​បាន​លិចលង់​ទាំងស្រុង »។

អ្នកស្រី Brown ដែល​ជា​មន្រ្តី​សម្របសម្រួល​ផ្នែក​មនុស្សធម៌​នៅ​អ៊ុយក្រែន​ប្រចាំ​ការិយាល័យ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) នៃ​អ.ស.ប​ បាន​បន្ត​ថា៖​ «ស្ថានភាព​គឺធ្ងន់ធ្ងរ»។

«នេះ​ជា​ក្រុង​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រាំ​គីឡូម៉ែត្រ​ពីសមរភូមិ​មុខ។ ការ​វាយប្រហារ​ប្រចាំថ្ងៃ រួម​មាន​ទាំង​ពេល​ម្សិលមិញ និង​ពេល​នេះ ដោយសារ​តែ​ការ​បំផ្លាញ​ស្ពាន ដែល​ជា​លទ្ធផល​នៃ​សង្រ្គាម ហើយ​ឥឡូវ​នេះ​មាន​ការ​ជន់លិច​ ដែល​កើតឡើង​ទាំង​កណ្តាល​យប់។ វា​បាន​កើតឡើង​យ៉ាង​ឆាប់​រហ័ស ហើយ​ពលរដ្ឋ​បានភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង»។

អ្នកស្រី​បាន​លើកឡើង​ទៀត​ថា៖ «យើង​បាន​ទៅ​ពិនិត្យ​មើល​ផ្ទះ​មួយ​ចំនួន​របស់​ពលរដ្ឋ​ ដែល​អ្នក​ដឹង​ហើយ​ថា ពួក​គេជួប​ទុក្ខ​ដោយសារ​គ្រោះ​មហន្តរាយ​ចុងក្រោយ​បង្អស់​នេះ​ ដែល​បាន​កើត​មាន​មក​លើ​ពួកគេ។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ថា ពួកគេ​មាន​គោលជំហរ​រឹងមាំ​និង​ប្តេជ្ញា​បន្ត​ស្នាក់​នៅ​ផ្ទះ​របស់​ពួកគេ»។

អាជ្ញាធរ​អ៊ុយក្រែន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ផ្ទះ​និង​ភូមិ​យ៉ាង​ហោចណាស់​ចំនួន​ ៨០ នៅ​តំបន់ Kherson ​បាន​រងការ​ជន់​លិច​ទាំងស្រុង ឬ​ដោយ​ផ្នែក ក៏ដូចជា​ ដី​កសិកម្ម​ចំនួន​រាប់​ពាន់​ហិចតា​ទៀត ខណៈ​ពលរដ្ឋ​ប្រមាណ ១៧.០០០​នាក់​នៅ​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​រង​ការ​ប៉ះពាល់​ដោយសារ​ទឹកជំនន់។

អ្នកស្រី Shabia Mantoo អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​ជនភៀសខ្លួន​អ.ស.ប​ បាន​កត់សម្គាល់​ថា៖ «មនុស្ស​រាប់​ពាន់​នាក់​ទៀត​នៅ​ក្នុង​តំបន់​ក្រោម​ការ​គ្រប់គ្រង​បណ្តោះអាសន្ន​ដោយ​យោធា​រុស្ស៊ី​ ដែល​អង្គការ​មនុស្សធម៌ផ្តល់​ជំនួយ​មិន​អាច​ទៅ​ដល់​ ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ»។

​ការិយាល័យ​ឧត្តមស្នងការ​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​រាយការណ៍​ថា ខ្លួន​បាន​ស្នើ​ម្តងហើយ​ម្តង​ទៀត​ទៅ​កាន់​សហព័ន្ធ​រុស្ស៊ី​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ទឹកដី​ដែល​រុស្ស៊ី​គ្រប់គ្រង។

លោក Jeremy Laurence អ្នក​នាំ​ពាក្យ​ការិយាល័យ​ខាង​លើ​បាន​ថ្លែង​ថា៖ «សហព័ន្ធ​រុស្ស៊ី​បាន​បដិសេធ​សំណើ​សុំ​ចូល​របស់​យើង។ ហើយ​មិន​ត្រឹម​តែ​មន្រ្តី​ត្រួតពិនិត្យ​របស់​ការិយាល័យ OHCHR ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុគ្គលិក​ផ្តល់​ជំនួយ​មនុស្សធម៌ដទៃ​ទៀត​ក៏​មាន​អាច​ចូល​ទៅ​កាន់​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់បាន​ផង​ដែរ»។

លោក​បាន​បន្ថែម​ថា៖ «យើង​សូម​លើកឡើង​សាជាថ្មី​ពី​ការ​អំពាវនាវ​របស់​អ.ស.ប​ទៅ​កាន់​សហព័ន្ធ​រុស្ស៊ី​ឲ្យ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​ទៅ​កាន់​ទឹកដី​ដែល​រុស្ស៊ីកាន់​កាប់ ដើម្បី​ជួយ​ទៅ​ដល់​បុគ្គលិក​ផ្តល់​ជំនួយ​ផ្នែក​សុខាភិបាល​ ដែល​បាន​រងគ្រោះ​ពី​គ្រោះ​មហន្តរាយ​បង្ក​ឡើង​ដោយ​ការ​បំផ្លាញ​ទំនប់​វារី​អគ្គិសនី Khakhoka»។

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​មនុស្សធម៌​នានា​រាយការណ៍​ថា អាជ្ញាធរ​អ៊ុយក្រែន កាកបាទក្រហម​អន្តរជាតិ ក៏ដូចជា អ.ស.ប និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត​ បាន​ធ្វើ​ការ​ឆ្លើយតប​ភ្លាមៗ​ បន្ទាប់​ពី​មានការ​បាក់​ទំនប់​វារីអគ្គិសនី​កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា តាមរយៈ​ការ​នាំ​យក​ជំនួយ​សង្រ្គោះ និង​ការ​ជួយ​ដល់​ជនរងគ្រោះ​ដែល​ជាប់​ក្នុង​គ្រោះ​មហន្តរាយ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG