ក្រុមមន្ត្រីរដ្ឋាភិបាលបួគីណាហ្វាសូ (Burkina Faso) ក្នុងទ្វីបអាហ្វ្រិកនិយាយថា ការឡោមព័ទ្ធសណ្ឋាគារប្រណិតមួយក្នុងរដ្ឋធានីដោយពួកជនជាប់សង្ស័យថាជាពួកជនសកម្មប្រយុទ្ធឥស្លាមបានបញ្ចប់ ដោយបានបន្សល់ទុកមនុស្សយ៉ាងតិចណាស់២០នាក់ស្លាប់។
អាជ្ញាធរបាននិយាយនៅថ្ងៃសោរ៍នេះថា ចំណាប់ខ្មាំង១២៦នាក់ត្រូវបានជួយសង្គ្រោះនៅក្នុងកិច្ចប្រតិបត្តិការសន្តិសុខហើយ ក្រុមជីហាដបីនាក់បានត្រូវសម្លាប់។ មានជនយ៉ាងតិចណាស់៣០នាក់ក្នុងបណ្តាពួកចំណាប់ខ្មាំងដែលបានត្រូវជួយសង្គ្រោះបានត្រូវរបួស។
លោក Simon Compaore រដ្ឋមន្ត្រីសន្តិសុខ និងកិច្ចការផ្ទៃក្នុងនៃប្រទេសបួគីណាហ្វាសូបាននិយាយថា កងកម្លាំងសន្តិសុខបានឆែកឆេរសណ្ឋាគារនៅជិតខាងទីនោះដើម្បីធ្វើឱ្យប្រាកដប្រជាថាគ្មានពួកជនជ្រុលនិយមលាក់ខ្លួនក្នុងសណ្ឋាគារទាំងនោះទេ។ មានរបាយការណ៍ខ្លះនិយាយថា កំពុងមានការវាយលុកនៅក្នុងសណ្ឋាគារមួយនៅជិតទីនោះ។
ពួកទាហានរដ្ឋាភិបាល និងពួកទាហានបារាំងបានប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធដើម្បីវាយយកមកវិញនូវសណ្ឋាគារនេះដែលមានប្រជាប្រិយភាព ជាមួយជនបរទេស និងបុគ្គលិករបស់អ.ស.ប.នៅក្នុងក្រុង អៅហ្គាឌូហ្គូ (Ouagadougou) នៅក្រោយពួកជនប្រដាប់អាវុធបានឆ្មក់ចូលក្នុងអាគារនោះកាលពីយប់ថ្ងៃសុក្រ៕