ក្រុមបះបោរអេហ្ស៊ីបមួយក្រុម ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមរដ្ឋឥស្លាមបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារប្រដាប់អាវុធកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់កងកម្លាំងសន្តិសុខ២នាក់ នៅពេលដែលពួកគេធ្វើដំណើរទៅធ្វើការនៅជាយក្រុងគែរ។
ខ្មាន់កាំភ្លើងបានវាយប្រហារទៅលើរថយន្តមួយគ្រឿង ដែលមានមន្រ្តីប៉ូលិសម្នាក់ និងទាហានម្នាក់នៅក្នុងខេត្ត Giza នៃប្រទេសអេហ្ស៊ីប។ នៅក្នុងការវាយប្រហារមួយផ្សេងទៀតកាលពីល្ងាចថ្ងៃសុក្រ ក្រុមសកម្មប្រយុទ្ធមានកាំបិតក្នុងដៃបានចាក់ភ្ញៀវទេសចរចំនួន៣នាក់ដែលកំពុងតែទទួលទានអាហារនៅក្នុងសណ្ឋាគារមួយនៅរមណីយដ្ឋានសមុទ្រក្រហម។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយថា អ្នកគាំទ្រក្រុមរដ្ឋឥស្លាមបានបង្ហោះសារមួយលើបណ្តាញសង្គមដោយអះអាងថា ខ្លួនជាអ្នកទទួលខុសត្រូវលើការបាញ់ប្រហារកាលពីថ្ងៃសៅរ៍នេះ។
គេនៅមិនទាន់អាចបញ្ជាក់ពីការអះអាងទាំងនោះរបស់ក្រុមរដ្ឋឥស្លាមនៅឡើយទេ ប៉ុន្តែសារដែលបានបង្ហោះលើបណ្តាញសង្គមនោះដូចនឹងសារដែលបានបង្ហោះកាលពីមុនៗរបស់ក្រុមសម្ព័ន្ធមិត្តមួយក្រុមរបស់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអេហ្ស៊ីបដែរ។
នៅមិនទាន់មានការអះអាងទទួលខុសត្រូវទៅលើការចាក់សម្លាប់នៅក្នុងរមណីយដ្ឋានក្នុងក្រុង Hurghada នៅឡើយទេ។ ភ្ញៀវទេសចរអឺរ៉ុប៣នាក់បានរងរបួស ប៉ុន្តែមិនគំរាមកំហែងដល់ជីវិតនោះទេ៕