ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​អ៊ូហ្គាន់ដា​ដាក់​ញ្ញត្តិ​ទៅ​កាន់​ការិយាល័យ​សិទ្ធិ​មនុស្ស​អ.ស.ប​ជុំវិញ​ការ​រំលោភបំពាន​ផ្សេងៗ


លោក Kyagulanyi Ssentamu ដែលមានឈ្មោះហៅក្រៅថា Bobi Wine និងជាប្រធានគណបក្ស​ National Unity Platform ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីកំប៉ាឡា ប្រទេសអ៊ូហ្គាន់ដា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈកន្លង​ទៅ​នេះ ទីស្នាក់ការ​កណ្តាល​គណបក្ស ​National Unity Platform គឺ​មាន​ពោរពេញ​ទៅ​ដោយ​សាច់ញ្ញាតិ​របស់​ពលរដ្ឋ​ ដែល​ត្រូវ​បាន​រាយការណ៍​ថា​បាន​បាត់ខ្លូន មុនពេល អំឡុងពេល និង​ក្រោយ​ពេល​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​មករា។

ស្ត្រី​ជា​ភរិយា​ដែល​ស្វាមី​របស់​ខ្លួន​ត្រូវ​បាន​ចាប់ព្រងត់​និង​បុរស​វ័យ​ជំទង់​មួយចំនួន​ ដែល​ធ្លាប់​ត្រូវ​បាន​ចាប់​ពង្រត់​ បាន​ប្រាប់​ពី​រឿងរ៉ាវ​របស់​ពួកគេ ដោយ​មួយ​ចំនួន​បានរៀបរាប់​ទាំង​ទឹក​ភ្នែក។

អ្នកស្រី Ayebare Halima ស្ត្រី​ជា​ម្តាយមាន​កូន​ពីរ​នាក់ រួម​មាន​ទារក​អាយុ​ទើប​បី​សប្តាហ៍​មួយ​នៅ​ក្នុង​ផងដែរ។ អ្នកស្រី​បាន​ប្រាប់​ពី​រឿងរ៉ាវ​ កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា នៅ​ពេល​ប៉ូលិសចំនួន​ប្រាំពីរ​នាក់​បាន​ទៅ​ផ្ទះ​របស់​អ្នកស្រី​និង​ចាប់ខ្លួន​អ្នកស្រី​ដោយ​ភ្ជង់នឹង​កាំភ្លើង។

បន្ទាប់​មក អ្នក​ស្រី​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ទី​ស្នាក់ការ​ប៉ូលិស​នៅ​ទីក្រុង Naguru ជា​ទី​ដែល​អ្នកស្រី​ត្រូវ​បាន​គំរាម និង​ចោទសួរ​ពី​កន្លែង​ដែល​ស្វាមី​របស់​អ្នកស្រី​គឺ​លោក Mukasa Seguya ស្នាក់នៅ។ អ្នកស្រី​ Ayebare និយាយ​ថា អ្នកស្រី​កំពុង​មាន​ផ្ទៃពោះ នៅ​ពេល​ដែលប៉ូលិស​បាន​ចោទសួរ​អ្នកស្រី។

អ្នកស្រី​បាន​បន្ត​ថា នៅ​ពេល​ប៉ូលិស​សួរ​នាំ​រួចហើយ ពួកគេ​បាន​ប្រាប់​ឲ្យ​អ្នកស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បាន​ព្រមាន​ថា ប្រសិន​បើ​ពួកគេ​មិន​អាច​រក​ស្វាមី​របស់​អ្នកស្រី​ឃើញ​នោះ​ទេ ពួកគេ​នឹង​ចាប់ខ្លួន​អ្នកស្រី​ជំនួស​វិញ។ អ្នកស្រី​បាន​បន្ថែម​ទៀត​ថា បីថ្ងៃ​ក្រោយ​មក ស្វាមី​របស់​អ្នកស្រី​បាន​ទូរស័ព្ទ​មក និង​បាន​ប្រាប់​អ្នកស្រី​ថា រូប​គាត់​ត្រូវ​បាន​ចាប់ខ្លួន។

អ្នកស្រី​ Ayebare និយាយ​ថា បន្ទាប់​មក​ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ទះ ហើយ​ប៉ូលិស​បាន​ដកហូត​អាវយឺត​ដែល​មាន​សរសេរ​ថា «កម្លាំង​ប្រជាជន» អាវ​រងា និង​មួក​ពណ៌ក្រហម​មួយ​ចំនួន។ អ្នក​ស្រី​បាន​បន្ត​ថា ក្រោយ​មក​ប៉ូលិស​បាន​ចាកចេញ និង​យក​ស្វាមី​របស់​អ្នកស្រី​ទៅ​ជាមួយ។ អ្នកស្រី​មិនដឹងថា ស្វាមី​របស់​អ្នកស្រី​នៅទីណា ហើយ​នៅរស់​ដែរ​ឬអត់​នោះទេ។​

អ្នកស្រី Ayebare លើកឡើង​ថា មន្ត្រីម្នាក់​ក្នុង​ចំណោម​ប៉ូលិស​ដែល​ចាប់ខ្លួន​ស្វាមី​អ្នកស្រី បាន​ឲ្យ​លេខ​ទូរស័ព្ទ​មួយ ​ដែល​អ្នកស្រី​អាច​ហៅ​ចេញ​ទៅ​កាន់​ប្រសិន​បើ​អ្នកស្រី​ចង់​ដឹងថា ស្វាមី​របស់​ខ្លួន​ត្រូវ​បាន​យក​ទៅ​កន្លែង​ណា។ ប៉ុន្តែ​នៅ​ពេល​អ្នកស្រី​ហៅ​ទូរស័ព្ទ​ចេញ​មន្ត្រីប៉ូលិស ​ដែល​លើក​ទូរស័ព្ទ​បាន​ប្រមាថ​អ្នកស្រី និង​ព្រមាន​អ្នកស្រី​មិន​ឲ្យ​ហៅ​ទូរស័ព្ទ​មក​កាន់​លេខ​ទូរស័ព្ទ​នេះ​ម្តង​ទៀត។

មន្ត្រីគណបក្ស​ National Unity Platform រាយការណ៍​ថា សមាជិក​គណបក្ស​ជាង ៣០០​ នាក់​ទូទាំង​ប្រទេស​នៅតែ​បាត់​ខ្លួន​នៅ​ឡើយ។ ហើយ​នេះ​ជា​ហេតុផល​នាំ​ឲ្យប្រធាន​គណបក្ស​លោក Robert Kyagulanyi ដែល​ត្រូវ​បាន​ស្គាល់​តាម​ឈ្មោះ​ក្រៅ​ថា Bobi Wine ដាក់​ញ្ញត្តិ​ទៅ​កាន់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​កំប៉ាឡា។ លោក​បាន​និយាយ​ថា វា​ជា​រឿង​ឈឺចាប់​មួយ​ដែល​ពលរដ្ឋ​អ៊ូហ្គាន់ដា​មិនមាន​ស្ថាប័ន​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ដែល​អាច​ជួយ​សង្គ្រោះ​ពួកគេ​បាន។

លោក​ Kyagulanyi បាន​ថ្លែង​ថា៖ «លោក​ឧត្តមសេនីយ៍ ​Museveni គិត​ថា អ៊ូហ្គាន់ដា​ដូចជា​បន្ទាយ​របស់​គាត់។ អ៊ូហ្គាន់ដា​ជា​ទ្រព្យ​សម្បត្តិ​របស់​គាត់។ គាត់​មាន​សិទ្ធិ​ជ្រើសរើស និង​សម្លាប់​នរណា​ក៏ដោយ​តាម​ទំនើង​ចិត្ត​របស់​គាត់​។ គាត់​មាន​សិទ្ធិ​ធ្វើ​ទារុណកម្ម​លើ​នរណា​ក៏​បាន។ សម្លាប់​នរណា​ក៏​បាន។ ប៉ុន្តែ​យើង​សូម​និយាយ​ថា គាត់​នឹង​មិន​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​យើង​ដាក់​ញ្ញត្តិ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ»។

ទោះបី​យ៉ាងណាក៏ដោយ នៅ​អំឡុងពេល​ថ្លែង​សុន្ទរកថា​ស្តី​ពី​សន្តិសុខជាតិ​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ប្រធានាធិបតី​អ៊ូហ្គាន់ដាលោក Yoweri Museveni ​ បាន​និយាយ​ថា ការ​បាត់ខ្លួន​ទាំង​នេះ​មិនមែន​ជា​វប្បធម៌​របស់​របប​ដឹកនាំ​និង​ភាព​ដឹកនាំ​របស់​យោធា​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។ យោង​ទៅ​តាម​លោក Museveni ការ​ដាក់​ពង្រាយកងកម្លាំង​សន្តិសុខ​ជា​ច្រើន​មុន​ពេល​ការ​បោះឆ្នោត គឺ​ពីព្រោះ​លោក​បាន​ទទួល​ដំណឹង​ពី​ផែនការ​របស់​ក្រុម​បំពាន​ច្បាប់​ដែល​ចង់​រារាំង​ការ​បោះឆ្នោត។​

លោក​ Museveni បាន​ថ្លែង​ថា៖ «ហើយ​នៅ​ក្នុង​ករណី​ក្រុង​កំប៉ាឡា យើង​ក៏​បាន​ដាក់​កងកម្លាំង​កុម្មង់ដូ ដែល​បាន​បង្ហាញ​សមត្ថភាព​ពី​ការប្រយុទ្ធ​នៅ​ប្រទេស​សូម៉ាលី។ ហើយ​បាន​បំផ្លាញ​កងកម្លាំងសម្ព័ន្ធ​ប្រជាធិបតេយ្យ (ADF) នៅ​ពេល​ដាក់​ពង្រាយ​នៅ​តំបន់ក្រុងកំប៉ាឡា។ ហើយ​ក្រុម​នេះ​បាន​កម្ចាត់​ក្រុមភេរជន​យ៉ាង​ឆាប់រហ័ស ដែល​មាន​ប្រតិបត្តិការ​នៅ​ទី​នោះ។ ពួកគេ​បាន​សម្លាប់​មនុស្ស​មួយ​ក្តាប់​តូច ដែល​បាន​ព្យាយាម​វាយប្រហារ​មក​លើ​ពួកគេ និង​ចាប់ខ្លួន​អ្នក​បំពាន​ច្បាប់​មួយ​ចំនួន»។​

កងកម្លាំង​សន្តិសុខ​យ៉ាង​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ និង​របាំង​បិទផ្លូវត្រូវ​បាន​ដាក់​តាម​ដងផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ នៅ​ក្រុង​កំប៉ាឡា។ អ្នកសារព័ត៌មានចំនួន​ប្រាំមួយ​នាក់​បាន​រងរបួស​ក្បាល​ បន្ទាប់​ពី​ត្រូវ​បាន​វាយដំ​ដោយ​នគរបាល​យោធា ខណៈ​ពួកគេ​រង់ចាំ​នៅ​ខាង​ក្រៅ​ការិយាល័យ។

មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពេល​និយាយ​ទៅ​កាន់​ VOA បាន​និយាយ​ថា ពួកគេ​សុំ​មិន​អធិប្បាយ​អំពី​ញ្ញត្តិ​ខាង​លើ ដោយសារ​ករណី​នេះ​ជា​រឿង​សម្ងាត់៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG