យន្តហោះដែលហោះហើររយៈពេល ២៧ នាទីទៅកាន់ទីក្រុងទេសចរណ៍នេប៉ាល់បានធ្លាក់ចូលទៅក្នុងជ្រលងភ្នំមួយកាលពីថ្ងៃអាទិត្យខណៈពេលដែលព្យាយាមចុះចតនៅអាកាសយានដ្ឋានដែលទើបបើកដំណើរការថ្មីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨ នាក់ក្នុងចំណោម៧២ នាក់នៅលើយន្តហោះ។ យ៉ាងហោចណាស់មានសាក្សីម្នាក់បានរាយការណ៍ថាបានឮការស្រែករកជំនួយពីក្នុងគំនរបាក់បែកដែលឆាបឆេះ ដែលជាឧបទ្ទវហេតុធ្លាក់យន្តហោះដ៏សាហាវបំផុតរបស់ប្រទេសនេះក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ប៉ុន្មានម៉ោងបន្ទាប់ពីមេឃងងឹត ពលរដ្ឋជាច្រើនបានប្រមូលផ្តុំគ្នាជុំវិញកន្លែងធ្លាក់យន្តហោះនៅជិតអាកាសយានដ្ឋានក្នុងទីក្រុងរមណីយដ្ឋាន Pokhara ខណៈដែលក្រុមអ្នកជួយសង្គ្រោះរុករកតាមបំណែកយន្តហោះបែកបាក់នៅលើច្រាំងថ្មចោទ និងក្នុងជ្រោះខាងក្រោម។ មន្ត្រីបានផ្អាកការស្វែងរកអ្នកបាត់ខ្លួនទាំងបួននាក់ពេញមួយយប់ ហើយបន្តតាមរកនៅថ្ងៃចន្ទ។
អ្នកស្រុកម្នាក់ឈ្មោះ Bishnu Tiwari ដែលបានប្រញាប់ប្រញាល់ទៅកាន់កន្លែងធ្លាក់នៅជិតទន្លេ Seti ដើម្បីជួយស្វែងរកសាកសពបាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយផ្សែងក្រាស់ និងភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់បាននិយាយថា គេមិនទាន់ដឹងច្បាស់លាស់ភ្លាមៗពីអ្វីដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះទេ។
អាជ្ញាធរអាកាសចរណ៍បាននិយាយថា យន្តហោះនេះបានទាក់ទងចុងក្រោយជាមួយអាកាសយានដ្ឋានពីក្បែរតំបន់ជ្រលងភ្នំ Seti នៅម៉ោង១០:៥០ ព្រឹក មុនពេលធ្លាក់។
យន្តហោះម៉ាស៊ីនភ្លោះម៉ាក ATR 72 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Yeti របស់នេប៉ាល់ បានហោះហើរពីរដ្ឋធានី Kathmandu ទៅ ទីក្រុងPokhara ដែលមានចម្ងាយ២០០ គីឡូម៉ែត្រភាគ ខាងលិច។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះបានដឹកអ្នកដំណើរចំនួន៦៨ នាក់ រួមទាំងជនបរទេសចំនួន១៥ នាក់ ក៏ដូចជាក្រុមអ្នកបើកបរនិងបម្រើយន្តហោះចំនួន៤នាក់ផងដែរ។ ជនបរទេសទាំងនោះមានជនជាតិឥណ្ឌា ៥នាក់ រុស្ស៊ី ៤នាក់ កូរ៉េខាងត្បូង ២នាក់ និងម្នាក់ៗមកពីអៀរឡង់ អូស្ត្រាលី អាហ្សង់ទីន និងបារាំង៕