អាជ្ញាធរក្នុងប្រទេសនេប៉ាល់និយាយថា យន្តហោះធុនតូចមួយគ្រឿង បានធ្លាក់នៅថ្ងៃពុធនេះ ក្នុងពេលអាកាសធាតុមិនល្អ ដោយសម្លាប់អ្នកដំណើរនិងបុគ្គលិកនៅលើយន្តហោះនោះទាំងអស់ ២៣នាក់។
យន្តហោះឈ្មោះ Twin Otter ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយឈ្មោះ Tara បានដាច់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងការហោះហើរ ក្នុងពេលយន្តហោះនោះ ហោះចេញពីក្រុង Pokhara ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ស្ថិតនៅប្រមាណ២០០គីឡូម៉ែត្រ ប៉ែកខាងលិចរដ្ឋធានី Kathmandu ឆ្ពោះទៅតំបន់Jomsom ដែលជាកន្លែងឡើងភ្នំដ៏មានប្រជាប្រិយភាពមួយក្នុងប្រទេសនេប៉ាល់។
ក្រុមអ្នកស្វែងរកយន្តហោះ បានរកឃើញបំនែកយន្តហោះនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីយន្តហោះនេះ បានបាត់ពីរ៉ាដា។ ក្រុមមន្ត្រី និយាយថា យន្តហោះនេះ នៅកំពុងឆេះនៅឡើយ ហើយសាកសពរបស់មនុស្សនៅរាយប៉ាយពេសពាញកន្លែងយន្តហោះនេះធ្លាក់។
ជនបរទេសពីរនាក់ ម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាពលរដ្ឋគុយវ៉ែត ស្ថិតក្នុងចំណោមអ្នកដំណើរដែលស្លាប់ទាំងអស់នេះ៕