រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចល័តទ័ពឆ្មាំការពារជាតិ មុនពេលបាតុកម្មរបស់ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump គ្រោងធ្វើឡើង ស្របពេលដែលសភាទាំងពីរថ្នាក់នឹងបោះឆ្នោតនៅថ្ងៃពុធស្អែកដើម្បីបញ្ជាក់ជាផ្លូវការនូវជ័យជម្នះរបស់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden។
ក្រុមអ្នកគាំទ្រលោក Trump គ្រោងនឹងធ្វើការតវ៉ានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃអង្គារនេះ និងថ្ងៃពុធស្អែក ដើម្បីគាំទ្រការអះអាងដែលគ្មានមូលដ្ឋានរបស់លោក Trump ដែលថា ការបោះឆ្នោតមានការលួចបន្លំ។
មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកម្នាក់បាននិយាយថា កងទ័ពឆ្មាំការពារជាតិប្រចាំរដ្ឋធានីវ៉ាស៊ីនតោននឹងត្រូវប្រើដើម្បីជួយរក្សាសន្តិសុខនៅពេលមានបាតុកម្មក្នុងសប្ដាហ៍នេះ ប៉ុន្តែពួកគេនឹងមិនបំពាក់អាវុធ ឬក៏អាវក្រោះការពារទេ។ ពួកគេនឹងត្រូវដាក់ពង្រាយដើម្បីជួយគ្រប់គ្រងចរាចរណ៍ និងជួយសម្រួលដល់កិច្ចការផ្សេងទៀត៕