ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ១០ រូប ព្រមាន​កុំ​ឲ្យ​យក​យោធា​ទៅ​ពាក់ព័ន្ធ​នៅក្នុង​ការអះអាង​អំពី​ការបន្លំ​ការបោះឆ្នោត


រូបឯកសារ៖ មន្ទីរបញ្ចកោណ​នៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ដែល​នៅ​រស់រាន​មាន​ជីវិត​ទាំងអស់​ចំនួន ១០ រូប បាន​ព្រមាន​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ប្រឆាំង​នឹង​វិធានការ​ណាមួយ​ដែល​ធ្វើ​ឲ្យ​យោធា​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ទាមទារ​អះអាង​អំពី​ការ​លួច​បន្លំ​ការ​បោះឆ្នោត។ អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​នោះ​បាន​អះអាង​ថា ការ​ធ្វើ​ដូច្នេះ​ នឹង​ធ្វើ​ឲ្យ​ប្រទេស​ក្លាយទៅជា «ទឹកដី​ដ៏​គ្រោះថ្នាក់ គ្មាន​ច្បាប់​ទម្លាប់ និង​គ្មាន​រដ្ឋ​ធម្មនុញ្ញ»។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង ១០ រូប ដែល​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ផង និង​ខាង​គណបក្ស​សាធារណរដ្ឋ​ផង បាន​រួម​គ្នា​សរសេរ​អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​កាសែត Washington Post។

ពួកគេ​បាន​សរសេរ​ដោយ​មិន​បាន​បញ្ជាក់​ឈ្មោះ​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​អត្ថបទ​នោះ​ថា បន្ទាប់ពី​ការ​បោះឆ្នោត​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា និង​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ជា​ច្រើន​ដង​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន ក៏​ដូចជា​ការ​ប្ដឹងផ្ដល់​មិន​ជោគជ័យ​នៅ​ក្នុង​តុលាការ​មក លទ្ធផល​នៃ​ការ​បោះឆ្នោត​បាន​បញ្ជាក់​យ៉ាង​ច្បាស់​រួច​ហើយ។

ពួកគេ​បាន​សរសេរ​បន្ត​ទៀត​ថា៖ «ពេលវេលា​សម្រាប់​ចោទសួរ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​បាន​កន្លង​ផុត​ទៅ​ហើយ។ ពេលវេលា​សម្រាប់​ការ​រាប់​ជា​ផ្លូវការ​នូវ​សំឡេង​ឆ្នោត​របស់​អង្គ​បោះឆ្នោត ដូច​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ បាន​មក​ដល់​ហើយ»។

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​នេះ​ បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​យោធា​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ណា​មួយ​ដើម្បី​ផ្លាស់ប្តូរ​លទ្ធផល​នៃ​ការ​បោះឆ្នោត។

មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​ចំនួន រួម​ទាំង​នាយ​អគ្គ​សេនាធិការ​ចម្រុះ​លោក​ឧត្តមសេនីយ៍ Mark Milley ផងដែរ បាន​និយាយ​ជា​សាធារណៈ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ថា យោធា​មិន​មាន​តួនាទី​នៅ​ក្នុង​ការ​កំណត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ទេ ហើយ​ថា ពួកគេ​ត្រូវតែ​គោរព​តាម​រដ្ឋធម្មនុញ្ញ មិន​មែន​គោរព​តាម​មេដឹកនាំ​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ៕

XS
SM
MD
LG