ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីជិតផុតអាណត្តិលោក Donald Trump បានជួបជុំដាច់ដោយឡែកពីគ្នាជាមួយនឹងក្រុមអ្នកគាំទ្ររបស់ពួកគេកាលពីថ្ងៃច័ន្ទ នៅក្នុងរដ្ឋ Georgia ដែលជារដ្ឋមួយដែលរៀបចំការបោះឆ្នោតផ្ដាច់ព្រ័ត្រនៅថ្ងៃអង្គារនេះដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភា ២ រូបតំណាងឲ្យរដ្ឋនេះ។ ការបោះឆ្នោតនេះនឹងសម្រេចថាតើគណបក្សសាធារណរដ្ឋ ឬក៏គណបក្សប្រជាធិបតេយ្យនឹងដឹកនាំព្រឹទ្ធសភាសហរដ្ឋអាមេរិក។
លទ្ធផលនៃការប្រកួតដណ្ដើមការគ្រប់គ្រងព្រឹទ្ធសភានេះ នឹងមានឥទ្ធិពលខ្លាំងចំពោះការអនុម័តច្បាប់នានាសម្រាប់រយៈពេល ២ ឆ្នាំដំបូងនៃអាណត្តិរយៈពេល ៤ ឆ្នាំ របស់លោក Biden ក្នុងនាមជាប្រធានាធិបតី។
លោក Biden បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រកាលពីរសៀលថ្ងៃច័ន្ទថា អ្នកបោះឆ្នោតនៅក្នុងរដ្ឋ Georgia នឹង «ត្រៀមសម្រេចគោលដៅ មិនមែនសម្រាប់តែ ៤ ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់មនុស្សជំនាន់ក្រោយផងដែរ»។
ចំណែកឯលោក Trump វិញ បានជួបជុំក្រុមអ្នកគាំទ្រកាលពីល្ងាចថ្ងៃច័ន្ទ នៅក្នុងទីក្រុង Dalton ដែលជាមូលដ្ឋានគាំទ្រគណបក្សសាធារណរដ្ឋខ្លាំងក្លានៅភាគខាងជើងនៃរដ្ឋ Georgia។ លោកបានបន្តការរិះគន់ប្រឆាំងនឹងមន្ត្រីបោះឆ្នោតនៅក្នុងរដ្ឋ Georgia ដែលបដិសេធមិនព្រមស្វែងរកសន្លឹកឆ្នោតឲ្យបានគ្រប់គ្រាន់ឲ្យលោក ដើម្បីអាចប្រែក្រឡាស់លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋនោះបាន ដែលកន្លងមក លទ្ធផលដែលបានប្រកាសជាផ្លូវការបានបង្ហាញថា លោក Joe Biden ជាអ្នកឈ្នះ។
លោក Trump បាននិយាយថា៖ «គ្មានផ្លូវដែលយើងចាញ់នៅក្នុងរដ្ឋ Georgia ឡើយ។ ...ខ្ញុំមានការបោះឆ្នោតពីរលើកកន្លងមក [នៅក្នុងរដ្ឋនេះ]។ ខ្ញុំបានឈ្នះទំាងពីរលើក»។
ជាថ្មីម្ដងទៀត លោក Trump បានថ្លែងដោយគ្មានមូលដ្ឋានថា ការបោះឆ្នោតប្រធានាធិបតីកន្លងមកមានការ «លួចបន្លំ»។ លោកបានជំរុញអ្នកគំាទ្រគណបក្សសាធារណរដ្ឋឲ្យចេញទៅបោះឆ្នោតឲ្យបេក្ខជនសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ ២ រូប ឲ្យបានច្រើនកុះករសម្រាប់ការបោះឆ្នោតនៅថ្ងៃអង្គារនេះ។
លោក Trump បាននិយាយថា៖ «គណបក្សប្រជាធិបតេយ្យកំពុងព្យាយាមប្លន់យកសេតវិមាន។ អ្នកមិនត្រូវអនុញ្ញាតឲ្យពួកគេធ្វើដូច្នេះទេ។ អ្នករឹតតែមិនអាចឲ្យពួកគេប្លន់យកព្រឹទ្ធសភាសហរដ្ឋអាមេរិកទៅទៀត។ អ្នកមិនត្រូវឲ្យរឿងនេះកើតឡើងនោះឡើយ។
ការបោះឆ្នោតនៅថ្ងៃអង្គារនេះ គឺជាការបោះឆ្នោតផ្ដាច់ព្រ័ត្រជ្រើសរើសសមាជិកព្រឹទ្ធសភា ២ រូបតំណាងរដ្ឋ Georgia។ នៅក្នុងការប្រកួតលើកនេះ លោក Jon Ossoff និងលោក Raphael Warnock ខាងគណបក្សប្រជាធិបតេយ្យ នឹងប្រជែងជាមួយនឹងលោក David Perdue និងអ្នកស្រី Kelly Loeffler ដែលជាសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងខាងគណបក្សសាធារណរដ្ឋ៕