សម័យប្រជុំពេញអង្គដែលធ្វើឡើងរួមគ្នារវាងរដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិកក្នុងការរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីគឺជាទម្លាប់ដែលធ្វើជាទូទៅ និងជាពិធីផ្លូវការមួយ។ ក៏ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងម្ដងហើយម្ដងទៀតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងការប្រឆាំងនឹងជ័យជម្នះរបស់លោក Joe Biden នឹងធ្វើឲ្យមានការចាប់អារម្មណ៍ជាងរាល់ដង នៅក្នុងពិធីរាប់សន្លឹកឆ្នោតរួមគ្នារវាងរដ្ឋសភានិងព្រឹទ្ធសភានេះនៅថ្ងៃពុធខាងមុខ។
ការរាប់សន្លឹកឆ្នោតនៅសភាសហរដ្ឋអាមេរិកនេះគឺជាជំហានចុងក្រោយបង្អស់ក្នុងការបញ្ជាក់នូវជ័យជម្នះរបស់លោក Biden បន្ទាប់ពីអង្គបោះឆ្នោតបានបោះឆ្នោតជាផ្លូវការជ្រើសរើសលោកជាប្រធានាធិបតីថ្មីកាលពីថ្ងៃទី១៤ ខែធ្នូ កន្លងទៅនេះ។ កិច្ចប្រជុំនេះគឺតម្រូវដោយរដ្ឋធម្មនុញ្ញ និងរួមមានដំណាក់កាលសំខាន់ៗមួយចំនួន។
សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនដែលគាំទ្រការអះអាងដោយគ្មានមូលដ្ឋានរបស់លោក Trump ដែលថាមានការលួចបន្លំការបោះឆ្នោត បាននិយាយថា ពួកគេនឹងប្រឆាំងជាផ្លូវការទៅនឹងលទ្ធផលនៃការបោះឆ្នោត។ ការធ្វើដូច្នេះនឹងបង្ខំឲ្យមានការបោះឆ្នោតនៅក្នុងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ និងនៅក្នុងរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដែលនឹងសឹងតែប្រាកដជាបរាជ័យ។
សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋមួយក្រុមបានស្វះស្វែងរកសមាជិកព្រឹទ្ធសភាម្នាក់ឲ្យចូលរួមប្រឆាំងនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីនេះ ដោយសារតែយ៉ាងហោចណាស់ត្រូវមានការគាំទ្រពីសមាជិកម្នាក់នៃសភាទាំងពីរថ្នាក់ដើម្បីបង្ខំឲ្យមានការបោះឆ្នោតសម្រេចលើជ័យជម្នះរបស់លោក Biden បាន។ ការគាំទ្រនេះបានកើតឡើងកាលពីថ្ងៃពុធពីសំណាក់សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Missouri លោក Josh Hawley។ លោក Hawley អាចជាបេក្ខជនប្រជែងតំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខ។
ការជំទាស់របស់លោក Hawley ចំពោះជ័យជម្នះរបស់លោក Biden នេះ នៅតែត្រូវបានធ្វើឡើង បើទោះជាមានការអំពាវនាវពីមេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell ដែលសុំកុំឲ្យសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋណាម្នាក់ចូលរួមជាមួយកិច្ចប្រឹងប្រែងរបស់សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋនៅក្នុងការប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីក៏ដោយ។
លោក McConnell បានថ្លែងប្រាប់សមាជិកគណបក្សរបស់លោកតាមរយៈការហៅទូរស័ព្ទឯកជនមួយកាលពីដើមខែធ្នូថា វានឹងក្លាយជា «ការបោះឆ្នោតដ៏អាក្រក់មួយ» សម្រាប់សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនៅក្នុងការគាំទ្រចំពោះការជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនេះ។
ការពិនិត្យមើលលើសម័យប្រជុំពេញអង្គនៃសភាទាំងពីរថ្នាក់៖
តើមានអ្វីកើតឡើងនៅពេលដែលសភាទាំងពីរថ្នាក់ជួបប្រជុំគ្នានៅថ្ងែពុធទី ៦ ខែមករាខាងមុខនេះ?
យោងតាមច្បាប់សហព័ន្ធ សភាទាំងពីរថ្នាក់ត្រូវតែជួបប្រជុំគ្នានៅថ្ងៃទី ៦ ខែមករា ដើម្បីបើកលិខិតបញ្ជាក់ផ្លូវការពីរដ្ឋនីមួយៗ ដែលនៅក្នុងនោះមានការកត់ត្រាអំពីសំឡេងឆ្នោតរបស់អង្គបោះឆ្នោតនៃរដ្ឋនីមួយៗនោះ។ សំឡេងឆ្នោតទាំងនោះត្រូវបានបញ្ជូនទៅកាន់សភាដោយដាក់ក្នុងប្រអប់មួយដែលធ្វើពីឈើខ្លឹម។
អ្នកតំណាងមកពីគណបក្សទាំងពីរនៅក្នុងសភាទាំងពីរថ្នាក់នឹងអានឮៗអំពីលទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោត និងធ្វើការរាប់ជាផ្លូវការនូវសំឡេងឆ្នោតរបស់អង្គបោះឆ្នោតទាំងនេះ។ ប្រធានព្រឹទ្ធសភាលោក Mike Pence ដែលជាអនុប្រធានាធិបតីផងនោះ គឺជាប្រធានសម័យប្រជុំពេញអង្គនេះ ហើយលោកក៏ជាអ្នកប្រកាសអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីនេះផងដែរ។
តើរដ្ឋធម្មនុញ្ញតម្រូវឲ្យធ្វើអ្វីខ្លះ?
រដ្ឋធម្មនុញ្ញតម្រូវឲ្យសភាជួបប្រជុំគ្នា និងរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោត។ ប្រសិនបើសន្លឹកឆ្នោតស្មើគ្នា នោះសភាត្រូវសម្រេចថាតើបេក្ខជនណានឹងក្លាយជាប្រធានាធិបតី ដោយប្រតិភូនៃសភានីមួយៗមានសំឡេងឆ្នោតម្នាក់មួយ។ រឿងនេះមិនដែលកើតមានឡើងទេតាំងពីទសវត្សរ៍ ១៨០០ មក ហើយជ័យជម្នះរបស់លោក Biden លើលោក Trump គឺត្រូវបានសម្រេចជាផ្លូវការរួចហើយដោយអង្គបោះឆ្នោត ដោយលោក Biden ទទួលបានអង្គបោះឆ្នោតចំនួន ៣០៦ ហើយលោក Trump ទទួលបានអង្គបោះឆ្នោតចំនួន ២៣២។
តើសម័យប្រជុំពេញអង្គនេះនឹងបើកដោយរបៀបណា?
សភាទាំងពីរថ្នាក់ត្រូវបើកសម័យប្រជុំពេញអង្គនៅពេលថ្ងៃត្រង់ដើម្បីរាប់សន្លឹកឆ្នោត។ ប្រសិនបើអនុប្រធានាធិបតីមិនអាចធ្វើជាប្រធានអង្គប្រជុំនេះបានទេ នោះប្រធានព្រឹទ្ធសភាបណ្ដោះអាសន្ន ដែលជាសមាជិកព្រឹទ្ធសភាកាន់តំណែងយូរជាងគេបង្អស់ខាងគណបក្សដែលមានសំឡេងភាគច្រើន នឹងធ្វើជាប្រធានអង្គប្រជុំនេះជំនួស។ សម្រាប់ពេលបច្ចុប្បន្ននេះ ប្រធានព្រឹទ្ធសភាបណ្ដោះអាសន្នគឺលោក Chuck Grassley ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Iowa។
ប្រធានសម័យប្រជុំពេញអង្គនោះនឹងបើក ហើយបង្ហាញលិខិតបញ្ជាក់អំពីការបោះឆ្នោតរបស់អង្គបោះឆ្នោតនៅក្នុងរដ្ឋនីមួយៗតាមលំដាប់ព្យញ្ជនៈនៃឈ្មោះរបស់រដ្ឋនោះ។
បន្ទាប់មក មនុស្សមួយចំនួនទៀតដែលត្រូវបានតែងតាំងដោយសភាទាំងពីរថ្នាក់ ហើយដែលជាសមាជិកនៃគណបក្សនយោបាយទាំងពីរ ត្រូវអានលិខិតបញ្ជាក់នោះឲ្យឮៗ។ ពួកគេត្រូវកត់ត្រា និងរាប់សន្លឹកឆ្នោតនោះ។ ប្រធានសម័យប្រជុំពេញអង្គជាអ្នកប្រកាសថានរណាជាអ្នកឈ្នះបានអង្គបោះឆ្នោតភាគច្រើន ដើម្បីបានក្លាយជាប្រធានាធិបតី និងជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។
តើមានរឿងអ្វីកើតឡើង ប្រសិនបើមានការជំទាស់?
បន្ទាប់ពីមន្ត្រីម្នាក់អានលិខិតបញ្ជាក់អំពីលទ្ធផលបោះឆ្នោតរបស់រដ្ឋមួយហើយ សមាជិកសភាណាម្នាក់អាចក្រោកឈរឡើង ហើយជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋនោះបានដោយផ្អែកលើមូលហេតុណាមួយ។ ប៉ុន្តែប្រធានសម័យប្រជុំពេញអង្គនឹងមិនស្ដាប់តាមការជំទាស់នោះទេ លុះត្រាតែការជំទាស់នោះត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ និងត្រូវបានចុះហត្ថលេខាដោយសមាជិកម្នាក់នៃរដ្ឋសភា និងសមាជិកម្នាក់នៃព្រឹទ្ធសភា។
ប្រសិនបើមានសំណើជំទាស់រួមគ្នាដូច្នេះ សម័យប្រជុំពេញអង្គនេះនឹងត្រូវព្យួរ ហើយរដ្ឋសភានិងព្រឹទ្ធសភានឹងត្រូវប្រជុំដាច់ដោយឡែកពីគ្នាដើម្បីពិចារណាលើរឿងនេះ។ ដើម្បីឲ្យការជំទាស់នេះមានប្រសិទ្ធភាព សភាទាំងពីរថ្នាក់ត្រូវតែឯកភាពគ្នាលើរឿងនេះ តាមរយៈការបោះឆ្នោតដោយយកសំឡេងភាគច្រើន។ ប្រសិនបើសភាទាំងពីរថ្នាក់មិនឯកភាពលើការជំទាស់នេះទេ នោះលទ្ធផលនៃការបោះឆ្នោតនឹងយកតាមការរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតនៃរដ្ឋនីមួយៗដូចដើម។
លើកចុងក្រោយបង្អស់ដែលមានការជំទាស់បែបនេះគឺនៅឆ្នាំ ២០០៥ នៅពេលដែលសមាជិករដ្ឋសភាតំណាងរដ្ឋ Ohio អ្នកស្រី Stephanie Tubbs Jones និងសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ California អ្នកស្រី Barbara Boxer ដែលអ្នកទាំងពីរសុទ្ធតែជាសមាជិកគណបក្សប្រជាធិបតេយ្យ បានជំទាស់ទៅនឹងការបោះឆ្នោតរបស់អង្គបោះឆ្នោតក្នុងរដ្ឋ Ohio ដោយអះអាងថាមានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតក្នុងរដ្ឋនោះ។ សភាទាំងពីរថ្នាក់បានជជែកដេញដោលគ្នាលើការជំទាស់នោះ ហើយបានច្រានចោលការជំទាស់នោះ។ ការជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោតបែបនេះធ្លាប់កើតមានឡើងតែពីរដងប៉ុណ្ណោះ។
តើការជំទាស់នឹងលទ្ធផលបោះឆ្នោតអាចមានប្រសិទ្ធភាពដែរឬទេ?
វាពិបាកនឹងអាចទៅរួចណាស់ ដោយសារតែរដ្ឋសភាត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ហើយមានសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមួយចំនួន ដែលរួមមានទាំងលោក McConnell ផងដែរ បានទទួលស្គាល់ជ័យជម្នះរបស់លោក Biden។
កាលពីថ្ងៃទី ១៥ ខែធ្នូ លោក McConnell បានហៅទូរស័ព្ទទៅកាន់សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋរបស់លោក ដើម្បីស្នើពួកគេកុំឲ្យចូលរួមជាមួយនឹងសមាជិករដ្ឋសភាមួយចំនួននៅក្នុងការជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនេះ។
សមាជិកជាន់ខ្ពស់មួយចំនួននៃគណបក្សសាធារណរដ្ឋបានឯកភាពនឹងសំណើនេះ។ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់លំដាប់ទីពីរនៃគណបក្សសាធារណរដ្ឋលោក John Thune ដែលតំណាងឲ្យរដ្ឋ South Dakota បានថ្លែងកាលពីដើមខែធ្នូថា ប្រសិនបើព្រឹទ្ធសភានឹងត្រូវបង្ខំឲ្យបោះឆ្នោតលើការជំទាស់នេះ គឺ «វាជាភាពកំសាកដែលគ្រាន់តែធ្វើឲ្យអាម៉ាស់ខ្លួនឯងតែប៉ុណ្ណោះដោយគ្មានបានលទ្ធផលអ្វីទាំងអស់»។ លោក Thune ថ្លែងថា វាមិនសមហេតុផលនោះទេ ដែលតម្រូវឲ្យសមាជិកព្រឹទ្ធសភាបោះឆ្នោត នៅពេលដែល «យើងដឹងហើយថាលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា» នោះ។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Texas លោក John Cornyn មានប្រសាសន៍ថា ការប្រឹងប្រែងបែបនេះណាមួយរបស់សមាជិកសភាខាងគណបក្សសាធារណរដ្ឋនឹងក្លាយជា «អសារបង់» ហើយវាជាកំហុសឆ្គងមួយ។
សម្រាប់ការបោះឆ្នោតប្រធានាធិបតីលើកនេះ គេពុំឃើញមានភស្តុតាងបង្ហាញអំពីការលួចបន្លំទ្រង់ទ្រាយធំនៅក្នុងការបោះឆ្នោតនោះទេ ដូចដែលបានបញ្ជាក់ដោយមន្ត្រីរៀបចំការបោះឆ្នោតជាច្រើនរូប ក៏ដូចជាដោយលោក William Barr ដែលទើបនឹងបានចុះចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីពេលថ្មីៗនេះផងដែរ។
តើលោកអនុប្រធានាធិបតី Mike Pence មានតួនាទីអ្វីដែរ?
តួនាទីរបស់អនុប្រធានាធិបតីក្នុងនាមជាប្រធានសម័យប្រជុំពេញអង្គរបស់សភាទាំងពីរថ្នាក់នេះ ជារឿយៗគឺជាតួនាទីដ៏ឆ្គងមួយ។ សម្រាប់លោក Pence ក៏ដូច្នេះដែរ ដោយសារតែលោកនឹងត្រូវប្រកាសអំពីជ័យជម្នះរបស់លោក Biden ដែលជាការទទួលស្គាល់អំពីការបរាជ័យរបស់ខ្លួនលោកផងដែរនោះ នៅពេលដែលសភាបានបញ្ចប់ការរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោត។
ការប្រកាសនេះនឹងកាន់តែលំបាកសម្រាប់លោក Pence ដោយសារតែមេដឹកនាំរបស់លោកគឺលោក Trump បានបដិសេធមិនព្រមចុះចាញ់ការបោះឆ្នោតនេះ។
ប៉ុន្តែលោក Pence មិនមែនជាអនុប្រធានាធិបតីដំបូងដែលត្រូវស្ថិតក្នុងស្ថានភាពលំបាកនេះទេ។ កាលពីឆ្នាំ ២០០១ លោកអនុប្រធានាធិបតី Al Gore ធ្វើជាប្រធានសម័យប្រជុំពេញអង្គរបស់សភាក្នុងការរាប់សន្លឹកឆ្នោតប្រធានាធិបតីឆ្នាំ ២០០០ ដែលលោកបានចាញ់លោក George W. Bush ខាងគណបក្សសាធារណរដ្ឋតែបន្ដិចបន្ដួចប៉ុណ្ណោះ។
លោក Gore ត្រូវគោះញញួរច្រានចោលសំណើជំទាស់មួយចំនួនពីសមាជិកគណបក្សប្រជាធិបតេយ្យរបស់លោក។ កាលពីឆ្នាំ ២០១៦ លោក Biden បានធ្វើជាប្រធានសម័យប្រជុំពេញអង្គសភាក្នុងការរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតដែលប្រកាសថាលោក Trump ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី។ លោក Biden ក៏បានច្រានចោលការជំទាស់ពីសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យដែលមិនមានការគាំទ្រពីសមាជិកព្រឹទ្ធសភាណាមួយផងដែរ។
ក្រោយពីសភារាប់សន្លឹកឆ្នោតហើយ តើមានអ្វីកើតឡើងបន្ទាប់ទៀត?
សម័យប្រជុំពេញអង្គនៃសភាទាំងពីរថ្នាក់នេះគឺជាឱកាសផ្លូវការចុងក្រោយបង្អស់ក្នុងការជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោត ក្រៅពីការដាក់ពាក្យបណ្ដឹងទៅតុលាការដែលមកទល់នឹងពេលនេះមិនបានបង្ហាញប្រសិទ្ធភាពសម្រាប់លោក Trump និងក្រុមការងាររបស់លោកនោះទេ។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Texas លោក John Cornyn បានថ្លែងកាលពីដើមខែធ្នូថា៖ «ខ្ញុំគិតថា ដល់ពេលដែលអ្នកត្រូវទទួលស្គាល់ការពិតហើយ ក្រោយពីអ្នកខិតខំប្រឹងប្រែងមិនទទួលបានជោគជ័យមក»៕