លោក David Malpass ជាអ្នករិះគន់យ៉ាងខ្លាំងដល់ធនាគារពិភពលោកមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលជាស្ថាប័នផ្តល់ប្រាក់កម្ចី សម្រាប់ប្រទេសក្រីក្រ ហើយឥឡូវនេះ លោកអាចក្លាយជាមេដឹកនាំថ្មីរបស់ស្ថាប័ននោះ។
លោក Malpass ដែលជាអនុរដ្ឋមន្ត្រីទទួលបន្ទុកការងារអន្តរជាតិរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បានក្លាយជាជម្រើសរបស់ប្រធានាធិបតីត្រាំឲ្យដឹកនាំទីភ្នាក់ងារនោះដែលជានិច្ចកាលដឹកនាំដោយជនជាតិអាមេរិកាំង។
ក៏ប៉ុន្តែ ការជ្រើសតាំងដែលត្រូវឲ្យសច្ចានុម័តដោយក្រុមប្រឹក្សានាយករបស់ធនាគារពិភពលោក អាចធ្វើឲ្យមានការតវ៉ាប្រឆាំងពីបេក្ខជននានាដែលគាំទ្រដោយប្រទេសក្រីក្រដែលជាអ្នកបានទទួលផលប្រយោជន៍យ៉ាងខ្លាំងខាងថវិការបស់ ស្ថាប័ននោះ។
លោក Malpass បានជួយជំរុញការបង្កើនថវិកាចំនួន១៣ពាន់លានដុល្លារសម្រាប់ធនាគារនោះកាលពីឆ្នាំទៅ ក៏ប៉ុន្តែ លោកបានរិះគន់ការបន្តការផ្តល់ប្រាក់កម្ចីដល់ប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ លោកនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង លែងត្រូវការការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក ដែលមានប្រាក់ទាំងអស់ជិត៦២ពាន់លានដុល្លារជាប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍចាប់តាំងពីចិនបានចូលរួមធនាគារពិភពលោកក្នុងឆ្នាំ១៩៨០មក។
លោក Malpasss បាននិយាយនៅឯវេទិកាមួយដែលរៀបចំឡើងដោយក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិក្នុងឆ្នាំ២០១៧ថា «អ្នកខ្ចីប្រាក់ដ៏ធំបង្អស់របស់ធនាគារពិភពលោក គឺប្រទេសចិន។ ចិនមានធនធានដ៏ច្រើននៅពេលឥឡូវនេះ»។ លោក Malpass ដែលជាអ្នកស្មោះត្រង់ប្រធានាធិបតីត្រាំ បានជជែកឲ្យហេតុផលភាគច្រើនដូចជាប្រធានាធិបតីត្រាំដែរថា ពហុភាគីនិយមបានធ្វើដំណើរទៅវែងឆ្ងាយពេកតាមរយៈកិច្ចព្រមព្រៀងអន្តរជាតិដែលភាគច្រើនត្រូវបានគេពណ៌នាថាជាផ្នែកមួយនៃសណ្តាប់ធ្នាប់ពិភពលោកសេរីរបស់ទីភ្នាក់ងារនិងកិច្ចព្រមព្រៀងដែលបង្កើតឡើងក្នុងរយៈពេល៧ទសវត្សរ៍ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២មក។
រដ្ឋបាលរបស់លោកត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តាប្រទេសនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកដែលមានប្រទេសចំនួន១២ កិច្ចព្រមព្រៀងការផ្លាស់ប្តូរអាកាសធាតុក្រុងប៉ារីស និងកិច្ចព្រមព្រៀងអន្តរជាតិដើម្បីទប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
លោក Malpass ដែលមានអាយុ៦២ឆ្នាំ ជាផ្នែកមួយនៃក្រុមរបស់រដ្ឋបាលប្រធានាធិបតីត្រាំដែលប៉ុនប៉ងធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយចិន បាននិយាយថា ការជំទាស់ប្រឆាំងនឹងពហុភាគីនិយម ដែលជួនកាលត្រូវបានគេលាបពណ៌ថា ជាលទ្ធិប្រជានិយម ក៏ប៉ុន្តែ ខ្ញុំគិតថា វាជាការឆ្លើយតបគិតតែពីសាច់ការ ប្រាកដប្រជា ដល់ប្រព័ន្ធពហុនិយមដែលជារឿយៗឃ្លាតចេញពីតម្លៃនៃការគ្រប់គ្រង សេរីភាពនិងនីតិរដ្ឋរបស់យើងដែលមានការកម្រិត។
ការតែងតាំងលោក Malpass ដោយប្រធានាធិបតីត្រាំដើម្បីធ្វើជាមេដឹកនាំធនាគារពិភពលោក កំពុងធ្វើឲ្យមានការតវ៉ាប្រឆាំងរួចហើយពីអ្នកដែលបានតាមដានមើលយ៉ាងដិតដល់ដល់គោលនយោបាយនិងការអនុវត្តផ្តល់ប្រាក់កម្ចីរបស់ស្ថាប័ននេះ។
លោក Gyude Moore ជាអតីតរដ្ឋមន្ត្រីក្រសួងការងារសាធារណៈរបស់ប្រទេសលីបេរីយ៉ាដែលមានបទពិសោធន៍យ៉ាងច្រើននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍បាននិយាយថា «អ្នកបង្កអគ្គិភ័យដែលកែមិនឡើង ឥឡូវនេះ នឹងក្លាយជាប្រធានពន្លត់អគ្គិភ័យរបស់យើង។ បុរសម្នាក់ចំណាយពេលក្នុងជីវិតពេញវ័យរបស់លោកនិយាយមើលងាយពហុភាគីនិយមហើយឥឡូវនេះ មានការសប្បាយរីករាយចំពោះការដឹកនាំផ្នែកមួយនៃវិស័យមួយនេះ។ តើនៅពេលណាទើបវាចប់?។
លោកJustin Sanderfur ជាសេដ្ឋវិទូនៅឯមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសាកល ដែលជាក្រុមស្រាវជ្រាវមួយដែលធ្វើការដើម្បីកាត់បន្ថយភាពក្រីក្រសាកល និងលើកស្ទួយការអភិវឌ្ឍ បានពណ៌នាលោក Malpass ថា «ជាអ្នកស្មោះត្រង់របស់ប្រធានាធិបតីត្រាំដែលបានចាត់ចែងសេដ្ឋកិច្ចមិនបានល្អលើបញ្ហាមួយចំនួនធំរាប់តាំងពីការមិនទទួលស្គាល់សញ្ញាដំបូងនៃវិបត្តិហិរញ្ញវត្ថុសាកលឆ្នាំ២០០៨រហូតដល់ការពិចារណាលុបចោលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាស្ថាប័នផ្តល់ហិរញ្ញវត្ថុសាកលលោកមួយទៀតដែលមានទីតាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Sandefur បាននិយាយថា ការមាក់ងាយរបស់លោក Malpass ដល់បេសកកម្មរបស់ធនាគារពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រសាកលគឺភាពផ្ទុយគ្នានឹងលោក John Bolton ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំដែលគោរពអង្គការសហប្រជាជាតិ។ មិនមានលក្ខណៈដូចលោក Malpass ទេ។ សំណួរនៅពេលឥឡូវនេះថា តើប្រទេសផ្សេងទៀតតំណាងឲ្យក្រុមប្រឹក្សាអភិបាលរបស់ធនាគារពិភពលោក នឹងអនុញ្ញាតឲ្យរដ្ឋបាលរបស់លោកត្រាំធ្វើឲ្យអន្តរាយដល់ស្ថាប័នសាកលដ៏សំខាន់មួយនេះដែរឬទេ។ ពួកគេមានជម្រើស។ លទ្ធផលយកតាមការបោះឆ្នោតសំឡេងភាគច្រើនដាច់ខាត ហើយសហរដ្ឋអាមេរិក មិនមានសំឡេងឆ្នោតវេតូ នៅក្នុងការបោះឆ្នោតនេះទេ ហើយមានបេក្ខជនប្រសើរជាងនេះច្រើនណាស់។
សហរដ្ឋអាមេរិក មានអំណាចសំឡេងឆ្នោតចំនួន១៦ភាគរយនៅក្នុងការជ្រើសរើសតំណែងប្រធានធនាគារពិភពលោក ទោះជាយ៉ាងនោះក៏ដោយ ប្រទេសអឺរ៉ុបរួមគ្នាមានសំឡេងឆ្នោតច្រើនជាងនោះ។ តាមប្រពៃណី ជនជាតិអឺរ៉ុបម្នាក់ ត្រូវបានតែងតាំងជានាយកចាត់ចែងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ហើយនៅពេលបច្ចុប្បន្ននេះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នេះ ត្រូវបានដឹកនាំដោយលោកស្រី Christine Lagarde អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង។
ក៏ប៉ុន្តែ មិនមានបេក្ខជនផ្សេងទៀត បានលេចធ្លោជាបេក្ខជនជម្រើសដើម្បីដឹកនាំធនាគារពិភពលោកទេ ទោះបីយ៉ាងណាអាចជាលោកស្រី Ngozi Okonjo-Iweala អតីតរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសនីហ្សេរីយ៉ាដែលបានឈរឈ្មោះសម្រាប់ការងារនេះនៅឆ្នាំ២០១២ដោយមានការគាំទ្រពីរដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូង នីហ្សេរីយ៉ានិងប្រទេសផ្សេងៗទៀតនៅទ្វីបអាហ្វ្រិក។លោកស្រីបានចាញ់លោក Jim Yong Kim ជាវេជ្ជបណ្ឌិតនិងនរវិទូជនជាតិអាមេរិកាំងដើមកំណើតកូរ៉េដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ក៏ប៉ុន្តែ លោកស្រីបាននិយាយថា លោកស្រី នឹងឈរឈ្មោះម្តងទៀត ប្រសិនបើ ត្រូវបានទទួលការតែងតាំងដោយនាយកម្នាក់របស់ធនាគារនោះ។
បេក្ខជនផ្សេងទៀតមកពីប្រទេសកំពុងអភិវឌ្ឍន៍ អាចរួមមានលោក Raghuram Rajan អតីតប្រធានសេដ្ឋវិទូមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងជាអភិបាលធនាគារកណ្តាលឥណ្ឌា ដែលបានអំពាវនាវរយៈពេលជាងមួយទសវត្សរ៍មុនឲ្យតំណែងប្រធានធនាគារពិភពលោកនោះមិនមែនជាជនជាតិអាមេរិកាំង និងលោក Akinwumi Adesina ប្រធានធនាគារអភិវឌ្ឍន៍អាហ្វ្រិក។
លោក Jim Yong Kim បានប្រកាសភ្លាមៗពីការលាលែងចេញពីតំណែងរបស់លោកកាលខែមុនគឺ ៣ឆ្នាំមុនពេលអាណត្តិរបស់លោកបានបញ្ចប់ ដែលធ្វើឲ្យមានការតែងតាំងលោក Malpass ដោយប្រធានាធិបតីត្រាំ។
លោក Malpass បានធ្វើការក្នុងក្រុមអន្តរកាលរបស់ប្រធានាធិបតីត្រាំ បន្ទាប់ពីលោកបានឈ្នះឆ្នោតនៅឆ្នាំ២០១៦។ លោកជាឧបការីរងរដ្ឋមន្ត្រីការបរទេសនៅក្រោមអតីតប្រធានាធិបតី George W. Bushហើយនិងឧបការីរងរដ្ឋមន្ត្រីក្រសួងរតនាគារនៅក្រោមអតីប្រធានាធិបតី Ronald Reagan។ ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៨ លោកជាប្រធានសេដ្ឋវិទូនៅឯធនាគារវិនិយោគទុន Bear Stearns ដែលជាធនាគារមិនមានវត្តមានទៀតឡើយ៕
ប្រែសម្រួលដោយជឹង ប៉ូជីន