ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​ផ្តល់​កម្ចី​១,០០០លានដុល្លារ​សម្រាប់​ជួយ​ដោះស្រាយ​គ្រោះ​មហន្តរាយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី


ប្រធានធនាគារ​ពិភពលោក Jim Yong Kim ប្រធាន​មូលនិធិរូបិយវត្ថុអន្ដរជាតិ Christine Lagarde ​មន្រ្តីសម្រប​សម្រួល​កិច្ច​ការ​ជើង​ទឹកឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan មន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៊ី Sri Mulyani Indrawati និង​អភិបាល​ធនាគារ​កណ្តាល​ឥណ្ឌូណេស៊ី Perry Warjiyo ថត​រូប​ជុំ​គ្នាកាលពី​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៨។
ប្រធានធនាគារ​ពិភពលោក Jim Yong Kim ប្រធាន​មូលនិធិរូបិយវត្ថុអន្ដរជាតិ Christine Lagarde ​មន្រ្តីសម្រប​សម្រួល​កិច្ច​ការ​ជើង​ទឹកឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan មន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៊ី Sri Mulyani Indrawati និង​អភិបាល​ធនាគារ​កណ្តាល​ឥណ្ឌូណេស៊ី Perry Warjiyo ថត​រូប​ជុំ​គ្នាកាលពី​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៨។

ធនាគារ​ពិភពលោក​បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​នឹង​ផ្តល់​មូលនិធិ​រហូត​ដល់​១ពាន់​លានដុល្លារ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​ប្រទេសនេះ​បាន​រងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​នា​ពេល​ថ្មីៗនេះ​រួមមាន​គ្រោះរញ្ជួយ​ដី​ និង​រលកយក្ស​ស៊ូណាមី​ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់។

នាយក​ប្រតិបត្តិ​របស់​ធនាគារពិភព​លោក លោកស្រី Kristalina Georgieva បាន​ប្រកាស​អំពី​មូលនិធិ​នេះ​នៅ​ឯ​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​របស់​ធនាគារ​ពិភពលោក​ និងមូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​កោះបាលី​ ប្រទេស​ឥណ្ឌូណេស៊ី។

គ្រោះ​រញ្ជួយដី​ដែល​មាន​កម្លាំង៧.៥វ៉ិចទ័រ​ដែល​បាន​បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមី​បាន​បំផ្លាញ​ក្រុង Palu ដែល​ស្ថិត​នៅ​លើ​កោះ Sulawesi​ កាល​ពីថ្ងៃទី២៨ខែកញ្ញា​កន្លងទៅ​និង​បាន​សម្លាប់​មនុស្ស​ជាង២,០០០នាក់ ហើយ​មនុស្ស​រាប់ពាន់នាក់ទៀត​កំពុង​បាត់ខ្លួន​នៅ​ឡើយ​ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ជា​មុនថា​ប្រហែល​ជា​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ។​ ក្រុម​ជួយសង្គ្រោះ​បាន​ជីក​កកាយ​គំនរ​ថ្ម​បាក់បែក​ដើម្បី​រក​អ្នក​រស់រាន​មាន​ជីវិត​អស់​ជាច្រើនថ្ងៃ​មុន​នឹង​សម្រេច​ប្រកាសថា​អ្នក​ដែល​កំពុង​បាត់​ខ្លួន​ប្រមាណ​៥,០០០នាក់​ប្រហែល​ជា​មិន​អាច​រក​ឃើញ​នោះ​ទេ។​

លោកស្រី Georgieva បាន​ថ្លែង​ថា​ធនាគារ​ពិភពលោក​បាន​ផ្តល់​មូលនិធិ​នេះ​ក្នុង​ទម្រង់​ជា​កម្ចី​ដែល​អាច​យក​ទៅ​ប្រើ​ដើម្បី​កសាង​ទីក្រុង​ឡើងវិញ​ ក៏​ដូចជា​ជួយពង្រឹង​សមត្ថភាព​ដល់​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ក្នុង​ការ​ប្រឈម​នឹង​គ្រោះមហន្តរាយ​ទៅ​ថ្ងៃ​អនាគត។​

លោកស្រី Georgievaបាន​ធ្វើ​ទស្សនៈកិច្ច​នៅ​ទីក្រុង Palu កាល​ពី​ដើម​សប្តាហ៍​នេះ​និង​បាន​ថ្លែង​ថា «គ្រោះមហន្តរាយ​នឹង​បន្ត​វាយប្រហារ​ដោយ​បូករួម​ទាំង​បញ្ហា​បម្រែ​បម្រួល​អាកាស​ដែរ​នោះ​ នឹង​មាន​គ្រោះមហន្តរាយ​កាន់​តែ​ច្រើន​ឡើងថែមទៀត»៕

XS
SM
MD
LG