ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​រាយ​ការណ៍​ពី​កំណើន​ខ្លាំងក្លា​នៃ​វិស័យ​អចលន​ទ្រព្យ​ ចំ​ពេល​មាន​ការ​ព្រមាន​ពី​ធនាគារ​ពិភព​លោក​អំពី​គ្រោះ​ថ្នាក់


រូបឯកសារ៖ សំណង់​នៃ​អគារ​ខ្ពស់ៗ​កំពុង​រីក​ត្រដែត​ឡើង​ក្នុង​ខណ្ឌ​ចម្ការមន​ រាជធានី​ភ្នំពេញ​​ កាល​ពី​ខែឧសភា​ ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)
រូបឯកសារ៖ សំណង់​នៃ​អគារ​ខ្ពស់ៗ​កំពុង​រីក​ត្រដែត​ឡើង​ក្នុង​ខណ្ឌ​ចម្ការមន​ រាជធានី​ភ្នំពេញ​​ កាល​ពី​ខែឧសភា​ ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)

គ្រា​ដែល​ការិយាល័យ​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​បន្តព្រមាន​ពី​ហានិភ័យ​​ដែល​អាច​លេចឡើង​ក្នុង​វិស័យ​អចលន​ទ្រព្យ​នោះ​ មន្ត្រីជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ខ្មែរ​ទទួល​បន្ទុក​ខាង​សាងសង់​ បាន​​បញ្ជាក់​ពីការ​បន្តកើន​ឡើង​នៃទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់។​ ​គ្រាន់​តែ​នៅ​ឆ្នាំ២០១៨​ ​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​មាន​ដល់​ទៅ​៥៧៥៥​លាន​ដុល្លារ។

រដ្ឋាភិបាល​ខ្មែរ​បាន​បញ្ជាក់​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា​ ​ក្នុង​រយៈ​ពេល​២០​ឆ្នាំកន្លង​មក​នេះ​ ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​បាន​កើន​ឡើង​ដល់​ជាង​៤០​ពាន់លាន​ដុល្លារ​អាមេរិក​ ​ហើយ​ការ​សាងសង់​ផ្ទះ​មាន​តម្លៃ​សមរម្យ​ក៏​បាន​ដំណើរ​ការ​ ​និង​មាន​ការ​ពង្រីក​ការ​សាង​សង់​បន្ថែម​ទៀតផង​ដែរ។​ ​នេះ​បើយោង​តាម​ការ​ថ្លែង​របស់​លោក​ជា សុផារ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​ដែល​មាន​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​ជាមួយ​រដ្ឋាភិបាល​ខ្មែរ។​

អង្គភាព​ព័ត៌មាន Fresh News​ ​បាន​ឲ្យ​ដឹង​ថា​ ​ការ​ថ្លែង​របស់​លោក ​ជា សុផារ៉ា អំពី​កំណើន​ក្នុង​វិស័យ​សំណង់​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​លោក​ជា​ សុផារ៉ា​ អតីត​ចៅហ្វាយ​ក្រុង​ភ្នំពេញ​ ចូល​រួម​មហា​សន្និបាតលើក​ទី​២របស់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋានកម្ពុជា​ដែល​បាន​រៀប​ចំ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ។​

លោក ​ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ត្រូវ​បាន​អង្គភាព​ព័ត៌មាន​ ​Fresh New​ ស្រង់​ប្រសាសន៍​ក្នុង​ន័យ​ដើម​ថា៖​

«ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លង​មក​នេះ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​អគារ​មាន​ប្រមាណ​ ៤៣៣៧០​លាន​ដុល្លារ។​ ​ការ​អភិវឌ្ឍលំនៅដ្ឋាន​តម្លៃសមរម្យ​ត្រូវ​បាន​ចាប់​ដំណើរ​ការជា​ជំហានៗ​ដោយ​មាន​ការ​ចូលរួម​ពីក្រុមហ៊ុន​ចំនួន​៣​ រួមមាន​ ក្រុមហ៊ុន​ ​World Bridge Land​ ក្រុម​ហ៊ុន​ B&BM​ ​និង​ក្រុមហ៊ុន​ ​ARAKAWA​ ​ដែល​មាន​ចំនួន​សរុប​៨០០២​ខ្នង​ផ្ទះ​ និង​២៩៦០​ Units​ ហើយ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀតកំពុង​ត្រៀម​លក្ខណៈ​ចូល​រួម​ក្នុង​សកម្មភាព​នេះ»។​

លោក​ ជា សុផារ៉ា បាន​បញ្ជាក់​ទៀត​ថា៖​

«វិស័យ​សំណង់​ និង​អចលទ្រព្យ​ នៅ​តែ​ដើរ​តួនាទីជា​សសរ​ស្ដម្ភ​ជួយ​ជំរុញ​ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដែល​នៅ​ឆ្នាំ​២០១៨​ ទុន​វិនិយោគ​ក្នុង​វិស័យ​នេះមាន​៥៧៥៥​លាន​ដុល្លារ»។​

លោក ​ជា សុផារ៉ា​ ​ដែល​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ផង​នោះ​ បាន​បន្ថែម​ទៀត​ថា ​ វិស័យសំណង់​មាន​កំណើន​ខ្ពស់​ក្នុង​រង្វង់​១៨,១%​ ​នៅ​ឆ្នាំ​២០១៨។​ ក្នុង​នោះ​ សណ្ឋាគារ​មាន​ចំនួន​៨១៥​ស្មើ​ ៤៧៧០០បន្ទប់​ ផ្ទះ​សំណាក់​មាន​២២៨១​ស្មើ​៣៤០៣៨​បន្ទប់​ ​និង​ភោជនីយដ្ឋាន​២៣២១។

សម្រាប់​សំណង់​បុរី​លំនៅដ្ឋាន​មាន​ចំនួន​២៤១​ទីតាំង​ និង​អគារខ្ពស់ៗ​ចាប់​ពី​៥ជាន់​ឡើង​ទៅ​ មាន​ចំនួន​១២១៧​អគារ។​

ធនាគារ​ពិភព​លោក​ក៏បាន​ទទួល​ស្គាល់​ថា​ ​វិស័យ​សំណង់ក្នុង​ប្រទេស​កម្ពុជា​បានបន្ត​រីក​លូត​លាស់​ដែរ​ ​តែ​ធនាគារ​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​សហរដ្ឋអាមេរិក​មួយ​នេះ​ ក៏បាន​ព្រមាន​ពី​ហានិភ័យ​ដែល​អាច​កើតមាន​ឡើង​ក្នុង​វិស័យ​នេះ។

ក្នុង​របាយ​ការណ៍​ចុង​ក្រោយ​របស់​ខ្លួន​ស្តី​ពី​បច្ចុប្បន្ន​ភាព​សេដ្ឋ​កិច្ច​កម្ពុជា​ ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពីខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ធនាគារ​ពិភព​លោក​បាន​ឲ្យដឹងថា​ ហានិភ័យ​ជាច្រើន​កំពុង​កើនឡើង​ ខណៈ​ដែល​ឥណទាន​ក្នុង​ស្រុក​បន្តហូរចូល​ទៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ ​និង​សំណង់។​

របាយ​ការណ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ការ​ពង្រីក​សកម្មភាព​វិស័យ​អចលន​ទ្រព្យរួម​បញ្ចូល​ទាំង​សកម្មភាព​នៃការ​ប្រថុយ​ទិញ​ទុក​ដើម្បីលក់​បានចំណេញ​ទៅ​ថ្ងៃ​ក្រោយ​ ដោយ​មាន​កំណើន​នៃ​ការ​ទិញ​ និង​លក់​ដី​ដែល​ស្ថិត​នៅ​តាម​តំបន់​ជាយ​ក្រុង​ ឬ​នៅ​តាម​ខេត្ត​ជិតៗជា​មួយ​ផល​ដែល​បាន​មក​ពីការ​វិនិយោគ​មាន​តិចតួច​ ដែល​គេមើល​មិន​សូវឃើញ​ និងក៏​ធ្វើការកែសម្រួល​នោះ។​

របាយ​ការណ៍​បាន​សរ​សេរ​ក្នុង​ន័យ​ដើម​ថា៖​

«យ៉ាងណា​ក៏ដោយ​ ការ​កើន​ឡើង​នូវ​ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់បាន​ជួយ​បិទ​បាំង​ភាព​ងាយ​រង​គ្រោះ​របស់​វិស័យ​ហិរញ្ញវត្ថុ​ បង្ក​ដោយ​កំណើន​ឆាប់​រហ័ស​នៃ​ការ​ខ្ចីប្រាក់​ដែល​មាន​រយៈ​ពេល​យូរ»។​

ធនាគារ​ពិភពលោក​យល់​ថា​ ដើម្បី​កាត់​បន្ថយហានិភ័យ​ដែល​អាច​កើត​មាន​ក្នុង​វិស័យ​អចលន​ទ្រព្យ​ និង​សំណង់​នេះ​ វិធាន​ការ​គាំពារ​នានា​ត្រូវ​តែ​ធ្វើ​ឡើងដើម្បី​រក្សា​បាន​សុខភាព​ហិរញ្ញ​វត្ថុ​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត​ដ៏ខ្លី​នេះ។

របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ហេតុ​ដូច្នេះ​ វា​ជា​ការ​ចំាបាច់ ​ត្រូវ​បង្កើត​ឲ្យ​មាន​គោល​នយោបាយ​ដែល​មាន​លក្ខណៈ​ប្រយ័ត្ន​ប្រយែង​ទូលំទូលាយ​ ដោយ​រាប់​បញ្ចូល​ទាំង​វិធាន​ការ​ហិរញ្ញវត្ថុ​ និង​សារ​ពើ​ពន្ធដើម្បី​កាត់​បន្ថយ​សកម្ម​ភាព​នៃ​ការ​ទិញ​ទុក​ដើម្បី​ប្រថុយ​នឹង​ការ​លក់​បានចំណេញ​ទៅ​ថ្ងៃ​ក្រោយ​ ដែល​សកម្ម​ភាព​ទាំង​អស់​នេះបាន​ទទួល​ការ​ជួយ​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​ធនាគារ»។​

ធនាគារ​ពិភព​លោក​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដែល​ត្រូវ​បង្កើត​ឲ្យ​មាន​គោលការណ៍ណែនាំ​សម្រាប់​ការ​ខ្ចី​ប្រាក់​ រាប់​បញ្ចូល​ទាំង​ការ​កំណត់​កំហិត​តម្លៃ​ឥណទាន​ដែល​អាច​ខ្ចី​បាន​ធៀប​នឹង​ទ្រព្យ​បញ្ចាំ​ ខណៈ​ដែល​ត្រូវពិចារណា​លើ​ការ​យក​ពន្ធ​បន្ថែម​លើ​ការ​លក់​ និង​ទិញ​ផ្ទះ​សម្បែង​ ជា​ពិសេសដីធ្លី​សម្រាប់​ការ​វិនិយោគ​ ​ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ប្រថុយ​ទិញ​ទុក​ដើម្បីបានចំណេញ​ទៅ​ថ្ងៃ​ក្រោយ»។

យ៉ាងណា​ក្តី​ ​លោក​ ជា សុផារ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ និងសំណង់​បាន​ស្នើ​ដល់​ម្ចាស់​សំណង់​ អ្នក​អភិវឌ្ឍ​អចលន​វត្ថុ​ អ្នក​ប្រកប​វិជ្ជាជីវៈ​សំណង់​ ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ សំណង់​ សូម​កាន់​ភ្ជាប់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួននូវ​បទ​ប្បញ្ញត្ដិ​ពាក់​ព័ន្ធ​នឹង​វិស័យ​សំណង់។​

លោក ​សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់ បាន​ប្រាប់​ ​VOAនៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​មាន​សុខភាព​ល្អ​ ហើយ​ក៏មិន​បាន​ប្រឈម​នឹង​ហានិភ័យ​ណា​មួយ​នោះ​ឡើយ។​

«ដូច​អត់​មាន​ហានិភ័យ​អីផង! ​ វិស័យ​សំណង់​បាន​ដំណើរការ​រលូន​ ហើយ​ការ​រីកចម្រើន​ហ្នឹង​គឺ​វា​ [មាន]​សន្ទុះ​ដ៏ខ្លាំង​ក្លា​ ដូច​មាន​ក្នុង​របាយ​ការណ៍​ដែលបាន​ផ្សព្វផ្សាយ»។​

លោក​សេង ឡូតបាន​ឲ្យ​ដឹង​ទៀត​ថា​ ​អ្នក​វិនិយោគ​ចិនបាន​នាំមុខ​គេ​ ធៀប​នឹង​បណ្តា​អ្នក​វិនិយោគ​បរទេស​ផ្សេង​ទៀត​ ដែល​បាន​បោះទុន​ចូល​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា។​ ​លោក​ថា​ វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា​ក៏បាន​ស្រូប​យក​ទុន​វិនិយោគ​ក្នុង​ស្រុក​ផង​ដែរ។​

ទាក់​ទិន​សកម្ម​ភាពប្រថុយ​ទិញ​ទុក​ដើម្បីលក់​បាន​ចំណេញ​ទៅ​ថ្ងៃក្រោយ​នោះ​ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំដែន​ដីក៏​បាន​អះអាង​ថា​ គ្មាន​ហានិភ័យ​ដែល​គួរ​ឲ្យកត់​សម្គាល់​ក្នុង​សកម្មភាព​នេះ​ទេ។​

«ជា​យោបល់​ផ្ទាល់​របស់​ខ្ញុំ​ វា​អត់​មាន​ជា​បញ្ហា​អីផង​ ព្រោះ​យើង​ឃើញ​ថា​ ការ​វិភាគ​អំពី​តម្រូវការ​លំនៅ​ដ្ឋាន​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ហ្នឹង​ មួយ​ឆ្នាំ​ត្រូវការ​ប្រមាណ​៥​ម៉ឺន​លំនៅដ្ឋាន។​ ​អ៊ីចឹង​ការវិនិយោគ​ហ្នឹង​វា​ឆ្លើយតប​ទៅ​ហ្នឹង​តម្រូវ​ការ​ហ្នឹង។ អ៊ីចឹង​មិនមាន​អី​ជាការ​ព្រួយ​បារម្ភ​ទេ»។​

លោក ​សេង ឡូត បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​រដ្ឋាភិបាល​ក៏បាន​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ការ​ពារ​ហានិភ័យ​ខាង​ហិរញ្ញវត្ថុ​ និង​បាន​ដាក់​ចេញ​គោល​នយោបាយ​ពន្ធជាក់​លាក់​ ដើម្បី​ប្រើ​ប្រាស់​ក្នុង​វិស័យ​សំណង់​របស់​ប្រទេស​ ដែល​លោក​ជឿ​ថា​ នឹង​មាន​កំណើន​ខ្ពស់​ដដែល​ក្នុង​ឆ្នាំ២០១៩​នេះ។​

«ការ​ព្យាករណ៍សុទិដ្ឋិនិយម​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ជាតិ​ដែល​គ្រោង​ថា​ នៅ​ឆ្នាំ​២០១៩​នេះ​ កំណើន​សេដ្ឋកិច្ច​នឹង​អាច​លោត​ដល់៧,៣​ភាគរយ​ជាមួយ​នឹង​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន​ ដែល​បាន​ដាក់​ចេញ​នូវ​នយោបាយ​អភិវឌ្ឍវិស័យ​ឯកជន​ដ៏ត្រឹម​ត្រូវ​ ធានា​បាន​នូវ​សន្តិភាព​ ស្ថិរភាព​ នយោបាយ​ ការ​ជឿជាក់​នឹង​បន្ត​ទៅ​ទៀត​ថា ​វិស័យ​សំណង់​នេះ​នឹង​បន្ត​កើន​ខ្ពស់​ជាង​ឆ្នាំ​២០១៨​នេះ​បន្ត​ទៅ​ទៀត»។​

ក៏ប៉ុន្តែ​តាម​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភព​លោក​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជានឹង​មាន​កំណើន​ក្នុង​អត្រា​៦,៨​ភាគរយក្នុង​ឆ្នាំ​២០១៩​នេះគឺ​ថយ​ពី​អត្រា៧,១​ភាគរយក្នុង​ឆ្នាំ​២០១៨។​ កំណើន​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើន​ក្នុង​អត្រា​៦,៨​ភាគរយ​ដដែល​សម្រាប់​ឆ្នាំ​២០២០។

ហានិភ័យ​ជាច្រើន​អាច​កើត​មាន​ទៅ​លើ​កំណើន​សេដ្ឋ​កិច្ច​ពិតប្រាកដ​របស់​កម្ពុជា​ ​បើ​សិន​ក្នុង​ករណី​ដែល​មាន​ការ​ដក​ជាបណ្តោះ​អាសន្ន​នូវប្រព័ន្ធអនុ​គ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​ ​តាម​កម្ម​វិធី‍«អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំ​និញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»​ ​ឬ​ហៅ​ថា​ ​EBAពី​កម្ពុជា។​ ​ទីផ្សារ​សហភាព​អឺរ៉ុប​ស្មើ​នឹង​ជាង១​ភាគ៣​នៃ​ការ​នាំចេញ​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​ ​ដែល​រួម​មាន​ផលិត​ផល​សម្លៀក​បំពាក់​ ​និង​ស្បែក​ជើង៕

XS
SM
MD
LG