ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ទទួល​​ការ​ចាក់​វ៉ាក់សំាង​កូវីដ១៩ ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍


ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ទីមួយ នៅ​មន្ទីរពេទ្យ Christiana ក្នុង​ក្រុង Newark រដ្ឋ Delaware ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

លោក Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋអាមេរិក​បាន​ទទួលការ​ចាក់​វ៉ាក់សំាង​កូវីដ១៩​ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​កាល​ពី​ច័ន្ទ​ម្សិលមិញ ដើម្បី​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​អាមេរិកាំង​ថា ការ​ចាក់​វ៉ាក់សាំងនេះ​ គឺ​មាន​សុវត្ថិភាព។

លោក​ Biden បាន​និយាយ​ថា «ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ» ទៅ​កាន់​គិលានុបដ្ឋាយិកា​ម្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Newark រដ្ឋ​ Delaware កាល​ពី​ថ្ងៃច័ន្ទ​ នៅ​មុន​ពេល​លោកត្រូវ​បាន​គេ​ចាក់​វ៉ាក់សំាង​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pfizer and BioNTech។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ធ្វើ​នេះ​ដើម្បី​បង្ហាញ​ថា ​ពលរដ្ឋគួរ​តែ​ត្រៀម​ខ្លួន​ ដើម្បី​ចាក់​វ៉ាក់សំាង នៅ​ពេល​វ៉ាក់សំាង​មក​ដល់។ គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះទេ»។

ភរិយា​របស់​លោក​គឺ​ អ្នកស្រី Jill Biden ត្រូវ​បាន​គេ​ចាក់​វ៉ាក់សំាង​មួយ​ដូស នៅ​ប៉ុន្មាន​ម៉ោង​មុន​លោក Biden នៅ​ក្នុង​មន្ទីរពេទ្យ​តែ​មួយ​ ដែល​នៅ​ក្បែរ​ផ្ទះ​របស់​អ្នក​ទំាងពីរ។

មេដឹក​នាំ​សហរដ្ឋ​អាមេរិក​ផ្សេងៗ​ទៀត​ ដែល​បានទទួល​ការ​ចាក់វ៉ាក់សំាង​កាល​ពី​សប្ដាហ៍​មុន​រួម​មាន​អនុប្រធានាធិបតី​លោក Mike Pence ប្រធាន​រដ្ឋសភា អ្នកស្រី Nancy Pelosi និង​ប្រធាន​ព្រឹទ្ធសភា លោក​ Mitch McConnell។

លោក​ប្រធានាធិបតី Donald Trump ដែលបាន​សម្រាក​នៅមន្ទីរពេទ្យ​កាល​ពី​ខែ​តុលា ដោយ​សារ​ជំងឺ​កូវីដ១៩ មិន​បាននិយាយ​ថា លោក​មាន​បំណង​ចាក់​វ៉ាក់​សំាង​ឡើយ។

វ៉ាក់សំាង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Moderna ក៏​ត្រូវ​បាន​គេ​បញ្ចូន​ទៅតាម​រដ្ឋ​នីមួយៗ កាល​ពី​ថ្ងៃ​ច័ន្ទ ក្រោយ​ពី​ទីភ្នាក់ងារ​ស្បៀងអាហារ​និង​ឱសថ​របស់​សហរដ្ឋអាមេរិក (FDA) បាន​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ Moderna នេះ​ក្នុង​ករណី​បន្ទាន់ កាល​ពី​ថ្ងៃ​សុក្រ។​

​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​ក្រុមហ៊ុន Moderna និង​ក្រុមហ៊ុន Pfizer-BioNTech ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ដើម​ខែ​ធ្នូ​នោះ គឺ​ជា​ការ​វិវត្តយ៉ាង​សំខាន់​មួយក្នុងកិច្ច​ប្រឹងប្រែង​វ៉ាក់សំាង​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG