សម្ដេចសង្ឃ Dalai Lama មេដឹកនាំសាសនានៃតំបន់ទីបេ បានមានសង្ឃដីកាថា ការសម្រេចអំពីថាតើស្ថាប័ន Dalai Lama គួរតែបន្តទៅមុខ ឬក៏យ៉ាងណានោះ គឺអាស្រ័យលើប្រជាជនទីបេជាអ្នកកំណត់ ហើយប្រទេសចិនមិនអាចសម្រេចថាតើអ្នកណាជាអ្នកបន្តដំណែងពីព្រះអង្គនោះទេ។
ព្រះអង្គបានបន្ថែមថា ព្រះអង្គនឹងរៀបចំសន្និសីទមួយដើម្បីពិភាក្សាអំពីបញ្ហាសម្ដេចសង្ឃ Dalai Lama បន្ទាប់ នៅមុនដំណាច់ឆ្នាំនេះ។
ការលើកឡើងរបស់ព្រះអង្គដូចនេះ បានធ្វើឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញនៅឯសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងពេលព្រះអង្គនិមន្តធ្វើទស្សនកិច្ចទៅកាន់ក្រុង Tawang រដ្ឋ Arunachal Pradesh ភាគឦសានប្រទេសឥណ្ឌា ជាប់នឹងព្រំដែនជាមួយនឹងប្រទេសចិន។ ដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គពេញមួយសប្ដាហ៍នេះ បានធ្វើឲ្យរដ្ឋាភិបាលចិនមានការខឹងសម្បារ ដោយសារតែចិនទាមទារកាន់កាប់រដ្ឋ Arunachal Pradesh នេះមួយផ្នែក។
ចម្ងល់ពាក់ព័ន្ធនឹងអ្នកដែលត្រូវស្នងដំណែងពីសម្ដេចសង្ឃ Dalai Lama ដែលមានព្រះជន្ម ៨១ វស្សា បច្ចុប្បន្ននេះ មានការកើនឡើង ដោយសារតែរដ្ឋាភិបាលចិនបានអះអាងថា ក្រុមមេដឹកនាំកុម្មុយនិស្តរបស់ខ្លួនមានសិទ្ធិក្នុងការសម្រេចថាតើអ្នកណាដែលនឹងត្រូវក្លាយជាសម្ដេចសង្ឃ Dalai Lama បន្ទាប់ ដោយសារតែនេះជាមរតកដែលបន្តធ្វើតាំងពីជំនាន់អធិរាជរបស់ខ្លួនមកម្ល៉េះ។
ប៉ុន្តែ សម្ដេចសង្ឃ Dalai Lama បានមានសង្ឃដីកាថា មន្ត្រីរដ្ឋាភិបាលចិនគ្មានតួនាទីក្នុងការសម្រេចជ្រើសរើសអ្នកស្នងតំណែងបន្តពីព្រះអង្គនោះទេ ដោយហេតុថា ពួកគេជាអ្នកមិនជឿលើព្រះអាទិទេព និងមិនជឿលើទ្រឹស្ដីសាសនា។
ព្រះអង្គបានបន្ថែមថា មិនមាននរណាម្នាក់ដឹងថា សម្ដេចសង្ឃ Dalai Lama បន្ទាប់ មានកំណើត ឬប្រភពមកពីណានោះទេ៕