ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផែនការ​ធ្វើ​ទំនើបកម្ម​របស់​ព្រះអង្គ​ម្ចាស់ Mohammed bin Salman​ បាន​ខូច​ដោយ​ការ​សង្ស័យ​សម្លាប់​លោក​ Khashoggi


រូបឯកសារ៖ រាជទាយាទ Mohammed bin Salman របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត ក្នុង​ពេល​ជួប​ជាមួយ​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​មីនា ២០១៨ នៅ​ទីក្រុង​ញូវយ៉ក។
រូបឯកសារ៖ រាជទាយាទ Mohammed bin Salman របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត ក្នុង​ពេល​ជួប​ជាមួយ​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​មីនា ២០១៨ នៅ​ទីក្រុង​ញូវយ៉ក។

ព្រះ​អង្គ​ម្ចាស់​រាជទាយាទ ​Mohammed bin Salman​ ដែល​ជា​អ្នក​កាន់​អំណាច​ពិត​ប្រាកដ​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​ដែល​កាល​ពី​ពេល​មុន​បានព្រះ​រាជ​បន្ទូល​ថា ​ព្រះ​អង្គ​មាន​ការ​ភ័យ​ខ្លាច​ថា «ព្រះអង្គ​នឹង​ចូល​ទីវង្គត​ដោយ​មិន​បាន​សម្រេច​ជោគ​ជ័យ​អ្វី​ដែល​ព្រះ​អង្គមាន​នៅ​ក្នុង​គំនិត​របស់​ព្រះអង្គ»។ ​

នៅ​ពេល​ដែល​ភ័ស្តតាង​កាន់តែ​ច្រើន​ឡើង​ភ្ជាប់​ព្រះ​អង្គ​ទៅ​នឹង​ការ​សង្ស័យ​ពី​ការ​ធ្វើ​ឃាត​លោក​ Jamal Khashoggi​ អ្នក​កាសែត​និង​អ្នក​ប្រឆាំង​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​២​សប្តាហ៍​មុន​នៅ​ក្នុង​ស្ថាន​កុងស៊ុល​ប្រទេស​របស់​លោក​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ​ការភ័យ​ខ្លាច​នេះ ​អាច​ក្លាយ​ទៅ​ជា​ទំនាយ។

បញ្ជី​ឈ្មោះ​របស់​ពាណិជ្ជករ​ធំៗ​និង​រដ្ឋាភិបាល​កាន់​តែ​ច្រើន​ឡើង​ដែល​បានដក​ខ្លួន​ចេញពី​សន្និសីទ​វិនិយោគទុន​ដែល​គ្រោង​ឡើង​នៅ​សប្តាហ៍​ក្រោយ​នៅ​ក្នុង​រាជ​ធានី​រីយ៉ាដ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ​ពួក​អ្នក​វិ​ភាគ​និយាយ​ថា ការ​សន្យា​របស់​ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​ដើម្បី​ចាប់​ផ្តើម​ស្ថាបនា​ប្រទេស​អារ៉ាប៊ីសាអូ​ឌីត​ថ្មី​មួយ​ ហើយ​និង​ធ្វើ​ឲ្យ​ព្រះ​រាជា​ណាចក្រ​អភិរក្ស​និយមនេះ​ក្លាយ​ជា​រដ្ឋ​ទំនើប​មួយ​ឥឡូវ​នេះ​ហាក់​ដូចជា​ស្ថិត​នៅ​ក្នុង​ភាព​គ្រោះ​ថ្នាក់។

សន្និសីទ​វិនិយោគទុន​នៅ​សប្តាហ៍​ក្រោយ​ដែល​មាន​ចំណង​ថា «កិច្ច​ផ្តួច​ផ្តើម​នៃ​ការ​វិនិយោគ​ទុនពេល​អនាគត» ​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ព្រះអង្គ​ម្ចាស់រាជទា​យាទ ដែល​មនុស្ស​ជា​ច្រើន​សង្ស័យ​ថា ​បាន​បញ្ជា​ឲ្យ​សម្លាប់​លោក​ Khashoggi។ សន្និសីទ​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​«សន្និសីទ​សេដ្ឋ​កិច្ច​ទីក្រុង​ Davos ​នៅ​តំបន់​វាល​ខ្សាច់»​ ដែល​ជា​ការ​បង្ហាញ​ផែនការ​កំណែ​ទម្រង់​សេដ្ឋកិច្ចហើយ​និង​ការ​ធ្វើ​នរូប​នីយកម្ម​សង្គម​ដែលត្រូវ​បាន​គេ​ហៅថា ​ទស្សន​វិស័យឆ្នាំ​២០៣០។

សន្និសីទ​នេះ​មាន​គោល​បំណង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​លើ​ប្រេង​ហើយ ​និង​ផ្តល់​ការងារ​ថ្មីៗ​ក្នុង​ផ្នែក​នានា​ដែល​មិន​ទាក់​ទិន​នឹង​ឥន្ធនៈហ្វូស៊ីល​ដែល​អារ៉ាប៊ីសាអូឌីត​ពឹង​ផ្អែក៕

XS
SM
MD
LG