ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រិះគន់​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​ការគ្រប់គ្រង​ជំនួយ​និង​កម្ចី​បរទេស​ឲ្យ​បាន​ល្អ​ជាង​មុន


រូបឯកសារ៖ ទិដ្ឋភាព​ចរាចរណ៍ ​មួយ​ថ្ងៃ​មុន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់​ នៅឯ​ស្ពាន​ជ្រោយ​ចង្វារ​ក្នុងរាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​ទី​៣០ ខែកញ្ញា​ ឆ្នាំ​២០១៦​។​ (ហ៊ាន សុជាតា​/ VOA)
រូបឯកសារ៖ ទិដ្ឋភាព​ចរាចរណ៍ ​មួយ​ថ្ងៃ​មុន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់​ នៅឯ​ស្ពាន​ជ្រោយ​ចង្វារ​ក្នុងរាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​ទី​៣០ ខែកញ្ញា​ ឆ្នាំ​២០១៦​។​ (ហ៊ាន សុជាតា​/ VOA)

លោក ទូច វណ្ណៈ អ្នក​ស្រាវជ្រាវ​និង​អ្នក​ប្រឹក្សា​យោបល់​នៅ​រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋ​អាមេរិក បាន​លើកឡើង​នៅ​ក្នុង​កម្មវីធី «Hello VOA» កាល​ពី​ថ្ងៃ​ចន្ទ​ទី​៩ ខែ​មករា​នេះ​ថា ទោះបីជា​ជំនួយ​និង​កម្ចី​បរទេស ផ្ដល់​ផល​វិជ្ជមាន​ខ្លះ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក៏​ដោយ ក៏​លោក​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ គឺ​ជា​អ្នក​ខាតបង់។

ក្រុម​អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​របស់​កម្ពុជា​មួយ​ចំនួន លើក​ឡើង​ថា អ្នក​ដែល​ទទួល​ផល​ចំណេញ​ភាគ​ច្រើន​ពី​ជំនួយ​និង​កម្ចី​បរទេស​ សម្រាប់​យក​ទៅ​អភិវឌ្ឍ​ប្រទេស​ គឺ​ជាអ្នកមាន​អំណាច​មួយ​ក្រុម​តូច​ប៉ុណ្ណោះ ចំណែក​អ្នក​ខាតបង់​ប្រយោជន៍​គឺជា​ប្រជាពលរដ្ឋ​ភាគច្រើន​ទៅវិញ។

លោក ទូច វណ្ណៈ អ្នក​ស្រាវជ្រាវ​និង​អ្នក​ប្រឹក្សា​យោបល់​នៅ​រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋ​អាមេរិក បាន​លើកឡើង​នៅ​ក្នុង​កម្មវីធី «Hello VOA» កាល​ពី​ថ្ងៃ​ចន្ទ​ទី​៩ ខែ​មករា​នេះ​ថា ទោះបីជា​ជំនួយ​និង​កម្ចី​បរទេស ផ្ដល់​ផល​វិជ្ជមាន​ខ្លះ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក៏​ដោយ ក៏​លោក​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ គឺ​ជា​អ្នក​ខាតបង់។

«ពី​ព្រោះ​កន្លង​មក វា​មាន​ការ​ពុករលួយ​នៅ​ក្នុង​ការ​រៀបចំ​គម្រោង​មួយ​ចំនួន​ហ្នឹង គឺ​អត់​មាន​តម្លាភាព​និង​ការ​ទទួលខុសត្រូវ​ត្រឹមត្រូវ​ទេ។ ភាគច្រើន​ដាក់​ម៉ោ គឺ​មាន​អា​គ្រួសារ​និយម​ហ្នឹង គឺ​អ្នក​ណា​ដែល​ស្គាល់​គ្នា​មួយ​ចំនួន​ហ្នឹង​ គឺ​អាច​ដេញ​យក​គម្រោង​ហ្នឹង​បាន។ ដូច្នេះ​ ការ​អនុវត្ត​គម្រោង​ហ្នឹង គឺ​មិន​សូវ​មាន​ប្រសិទ្ធភាព»

ក្រោយ​ពី​បញ្ចប់​សង្គ្រាម​ជាង​៣​ទសវត្សរ៍​កន្លងមក​នេះ ប្រទេស​កម្ពុជា នៅ​តែ​ជា​ប្រទេស​ពឹងផ្អែក​លើ​ជំនួយ​និង​កម្ចី​បរទេស​សម្រាប់​ការ​ស្តា​និង​អភិវឌ្ឍ​ប្រទេស​ឡើងវិញ។

ប៉ុន្តែ អ្នក​ទិតៀន​ លើកឡើង​ថា ជំនួយ​និង​កម្ចី​ភាគ​ច្រើន​ជាពិសេស​ទៅលើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា មិន​ត្រូវ​បាន​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផល​ប្រយោជន៍​នៃ​ជំនួយ​ទាំង​នោះ ភាគច្រើន​ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ជន​មួយ​ក្រុម​តូច​ទៅ​វិញ។

អ្នក​ទូរស័ព្ទ​ចូលរួម​កម្មវិធី ​«Hello VOA» ម្នាក់ ដែល​ប្រាប់​ថា​ខ្លួន​ឈ្មោះ សួន មក​ពី​ខេត្ត​កំពង់ចាម បាន​និយាយ​ថា៖

«ជំនួយ​បរទេស​សម្រាប់​ផ្ដល់​ជូន​ប្រទេស​កម្ពុជា​នេះ វា​មិន​ដែល​ឃើញ​ដល់​ដៃ​ប្រជាពលរដ្ឋ​ទេ ឃើញ​តែ​បាន​ដល់​ជន​មួយ​ក្ដាប់​តូច ដល់​ប្រជាពលរដ្ឋ​នៅ​តែ​រងគ្រោះ នៅ​តែ​វេទនា។ អញ្ចឹង ​លុយ​ជំនួយ​អន្តរជាតិ​មក​ស្រុក​ខ្មែរ​យើង​នេះ តើ​លុយ​ហ្នឹង​ធ្លាក់​ទៅ​លើ​អ្នកណា​វិញ?»

លោក វិសាល មក​ពី​ខេត្ត​កំពង់​ចាម ក៏​បាន​លើកឡើង​ស្រដៀង​គ្នា​នេះ​យ៉ាង​ដូច្នេះ​ថា៖

«ជំនួយ​ពី​បរទេស​មក វា​អត់​ដែល​ឃើញ​បាន​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទេ គឺ​ភាគច្រើន គេ​ថា​យក​ជំនួយ​មក​អភិវឌ្ឍ​ប្រទេស​មែន ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ក្រីក្រ នៅ​តែ​រហេមរហាម នៅ​តែ​ធ្វើ​ជា​ខ្ញុំ​គេ មិនថា​ឡើយ​តែ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ទេ»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​ថា រាល់​ជំនួយ​ឬ​កម្ចី​បរទេស​ ដែល​ប្រទេស​កម្ពុជា​ ទទួល​យក គឺ​ពុំ​មាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ណា​មួយ​ទេ។

លោក​បន្ត​ថា ចំពោះ​ជំនួយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស រដ្ឋាភិបាល​ទទួល​បាន​តែ​តួលេខ​និង​ផលិតផល​សម្រេច​ដែល​ម្ចាស់​ជំនួយ ជួយ​សាងសង់​ឲ្យ​តែ​ប៉ុណ្ណោះ។

លោក បន្ថែម​ថា រដ្ឋាភិបាល​ ក៏​ពុំ​បាន​ព្រងើយកន្តើយ​ចំពោះ​ការ​ត្រួត​ពិនិត្យ​មើល​លើ​គុណភាព​និង​ការ​គ្រប់គ្រង​ជំនួយ​ទាំង​នោះដែរ ដូច​ជា​ទៅលើ​ការ​កសាង​ស្ពាន​ថ្នល់​ជាដើម។

«ជំនួយ​គឺ​គ្រាន់​តែ​លេខ ដែល​យើង​បាន​ទទួល​ទេ។​ បន្ទាប់​ពី​លេខ​ដែល​យើង​ទទួល​ចំនួន​ជា​ទឹក​ប្រាក់​គឺ​បាន​សមិទ្ធផល គឺ​គេ​សាងសង់​ឲ្យ​យើង។ ការ​សាងសង់​ហ្នឹង គឺ​គុណភាព​ ទៅ​តាម​ស្តង់ដារ​មួយ​ដែល​មើល​ការ​គ្រប់គ្រង​ដោយ​ក្រសួង​ដឹកជញ្ជូន​សាធារណៈ​ហ្នឹងឯង។ ចុះ​បើ​ថាគេ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​ មិន​មាន​គុណភាព តើ​នរណា​ជា​អ្នក​ខាត? គឺ​ក្រុម​ហ៊ុន​ហ្នឹង អ្នក​ខាត ព្រោះ​ត្រូវ​ជួសជុល​ឲ្យ​យើង​វិញ ហើយ​ជួនកាល​ត្រូវ​បង់​ប្រាក់​ពិន័យ​មកលើ​កម្ពុជា​ឬ​រាជរដ្ឋាភិបាល​ទៀត»។

ប៉ុន្តែ លោក ទូច វណ្ណៈ ថ្លែង​ថា អ្នក​ខាតបង់​ពិតប្រាកដ​នៃ​ការ​គ្រប់គ្រង​ជំនួយ​មិន​បាន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល គឺ​ជា​ពលរដ្ឋ​ទូទៅ​ទៅវិញ​ទេ គឺ​មិន​មែន​ក្រុមហ៊ុន​ដែល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រួម​មាន​ផ្លូវ​និង​ស្ពាន​ជាដើម​នោះ​ទេ។

«គាត់​ជា​អ្នក​ទទួល​ខុសត្រូវ គឺ​ត្រូវ​រក​ក្រុម​ហ៊ុន​ណា ដែល​មាន​ប្រសិទ្ធភាព​ គឺ​ក្រុម​ហ៊ុន​ដែល​មិន​មែន​ជា​បងប្អូន​របស់​គាត់​ យក​មក​ធ្វើ​ផ្លូវ​ហ្នឹង»៕

XS
SM
MD
LG