ក្រុមប្រជាពលរដ្ឋមកពីខេត្តកោះកុង ប្រមាណជាង១០០នាក់ បានបន្តតវ៉ា និងទាមទារឲ្យរដ្ឋាភិបាលដោះស្រាយជម្លោះដីធ្លីដែលបានជាប់គាំងជាង១០ឆ្នាំ ជាមួយក្រុមហ៊ុនស្ករអំពៅ និងអ្នកជំនួញម្នាក់នៅក្នុងខេត្តដែលជាប់នឹងប្រទេសថៃមួយនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់អ្នកតំណាងប្រជាពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ។
ក្រុមប្រជាពលរដ្ឋបានផ្ដើមការតវ៉ា ដោយការដាក់ញត្តិជាបន្តបន្ទាប់ទៅតាមក្រសួងរដ្ឋាភិបាល និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ រហូតមកដល់ដើមខែមករានេះ តែមិនទាន់មានការឆ្លើយតបជាក់លាក់ណាមួយពីរដ្ឋាភិបាលនៅឡើយ។
អ្នកស្រី ផាវ ញ៉ឺង តំណាងប្រជាពលរដ្ឋមកពីឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ប្រាប់ VOA អំពីដំណើររឿងនៃទំនាស់ដីធ្លីនេះយ៉ាងដូច្នេះថា៖
«ច៎ាស ក្រុមហ៊ុន លោក លី យ៉ុងផាត់ បានទៅរំលោភយកដីពួកយើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ គឺជិត និយាយទៅ១០ឆ្នាំ ១១ឆ្នាំ ហើយឆ្នាំ២០១៧ ច៎ាស! ប៉ុន្តែត្រូវបានអាជ្ញាធរ កុហកពួកយើងមួយលើកហើយ មួយលើកទៀត ដោះស្រាយឲ្យប៉ុន្តែមកដល់ពេលនេះ គឺអត់មានដំណោះស្រាយទេ»។
អ្នកស្រីនិយាយបន្តទៀតថា ខាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិតអន្តរាគមន៍ ឲ្យអ្នកភូមិទៅទាក់ទងជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលជាក្រសួងមានសមត្ថកិច្ចក្នុងការរកដំណោះស្រាយ។ អ្នកស្រីថា ក្រុមអ្នកភូមិនឹងធ្វើដំណើរទៅក្រសួងរៀបចំដែនដីនៅថ្ងៃស្អែក។
នៅមុនពេលអ្នកភូមិធ្វើដំណើរទៅក្រសួងរៀបចំដែនដី អ្នកស្រី ផាវ ញ៉ឺង ថ្លែងថា៖
« ច៎ាស ខ្ញុំមានសំណូមពរចុងក្រោយសុំអង្វរយ៉ាងទទូច ជាពិសេសឯកឧត្ដម ជា សុផារ៉ា ដែលលោកទទួលបន្ទុកផ្នែកដោះស្រាយដីធ្លីឲ្យពួកយើង។ អញ្ចឹងមានតែឯកឧត្ដមទេ ដែលតំណាងឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឯកឧត្ដមមេត្តា ជំរុញ និងពន្លឿនដើម្បីឲ្យមានដំណោះស្រាយសមរម្យ និងយុត្តិធម៌ ឲ្យបានលឿនបំផុត»។
អ្នកស្រីបញ្ជាក់ថា រដ្ឋាភិបាលមិនអាចចាត់ទុកក្រុមប្រជាពលរដ្ឋដែលកំពុងតវ៉ានេះថាជាក្រុមប្រឆាំងនឹងរដ្ឋាភិបាលនោះទេ ហើយថាប្រសិនបើប្រជាពលរដ្ឋមិនបាត់បង់ដីទេនោះ នោះការតវ៉ាជាង១០ឆ្នាំមកនេះ ក៏នឹងមិនកើតមានឡើងនោះឡើយ។
អ្នកស្រី ផាវ ញ៉ឺង ឲ្យដឹងបន្តថា ប្រជាពលរដ្ឋចំនួន១៧៤គ្រួសារ កំពុងទាមទារដោះស្រាយទំនាស់ដីធ្លីដែលមានចំនួនសរុបជាង៧៨២ហិកតា។ ទំនាស់នេះ គឺផ្ដើមចេញពីគម្រោងវិនិយោគផលិតស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
អ្នកស្រីបន្ថែមថា ក្រុមប្រជាពលរដ្ឋចំនួន១៥គ្រួសារផ្សេងទៀត កំពុងមានទំនាស់លើផ្ទៃដីទំហំជាង៥៩ហិកតា ជាមួយលោកឧកញ៉ា ហេង ហ៊ុយ ជាអ្នកជំនួញម្នាក់នៅក្នុងខេត្តកោះកុង។
VOA មិនទាន់អាចទាក់ទង លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីបានទេ ដោយទូរស័ព្ទលោករោទិ៍ តែគ្មានអ្នកទទួល។
ក្រុមប្រជាពលរដ្ឋដែលកំពុងតវ៉ាទាមទារដំណោះស្រាយនេះ មកពីភូមិចំនួន៧នៃឃុំចំនួន៤ ក្នុងស្រុកបុទុមសាគរ និងស្រុកស្រែអំបិល។ នេះបើតាមការបញ្ជាក់ពីលោក ប៊ុត ប្រុសតំណាងប្រជាពលរដ្ឋម្នាក់ទៀតមកពីខេត្តកោះកុង។
លោក ប៊ុត ប្រុស ថ្លែងថា ប្រជាពលរដ្ឋនៅបន្តទាមទារឲ្យលោកឧកញ៉ា លី យ៉ុងផាត់ ចេញមកមុខដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋ ទោះបីជាមានដំណឹងថា លោក លី យ៉ុងផាត់ បានដកខ្លួនចេញពីជំនួញស្ករអំពៅពីខេត្តកោះកុងក៏ដោយ។
«ខ្ញុំជាប្រជាពលរដ្ឋ ធ្វើម៉េចនឹងដឹងថា គាត់ផ្ទេរទៅក្រុមហ៊ុនណា ហើយបើខ្ញុំ បើគាត់ផ្ទេរឲ្យទៅក្រុមហ៊ុន ផ្សេងឲ្យខ្ញុំ ទៅរករឿង ឬក៏ខ្ញុំទៅប្ដឹងក្រុមហ៊ុនផ្សេងធ្វើម៉េច គាត់ទទួលខុសត្រូវកើត»។
ក៏ប៉ុន្តែ លោកឧកញ៉ា លី យ៉ុងផាត់ ប្រាប់ VOA នៅថ្ងៃពុធនេះថា លោកមិនមានពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះទេ ហើយលោកបានហៅការតវ៉ារបស់ប្រជាពលរដ្ឋថា ជារឿងនយោបាយ ដោយសារតែលោកជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
«អ្នកណាតវ៉ាអី ក៏តទៅ តែខ្ញុំអត់មានដី អត់មានអីពាក់ព័ន្ធទេ ហើយអញ្ចឹងនៅមិនទាន់ស្ដាប់ នៅមិនទាន់ ហើយវាយខ្ញុំ ជេរខ្ញុំ អាហ្នឹងរឿង រឿងនយោបាយទេ វាមិនមែនរឿងថា ទ្រព្យសម្បត្តិរបស់អាណាបាត់របស់អាណា ចំណេញរបស់អាណា កើនរបស់អាណា បាត់ទ្រព្យសម្បត្តិ អត់មានទេ។ សុទ្ធថា នយោបាយទាំងអស់។ ខ្ញុំនៅអត់យល់ដែរ ខ្ញុំដឹងថាម៉េចដែរអញ្ចឹង»។
លោកឧកញ៉ា ហេង ហ៊ុយ ដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានរំលោភដីធ្លីដែរនោះ ប្រាប់ VOAថា លោកមិនជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីណានោះទេ ហើយក៏មិនបារម្ភអំពីចំណាត់ការរបស់រដ្ឋាភិបាលផងដែរ។
«ខ្ញុំមានអីបារម្ភ បើមានអីបារម្ភ ខ្ញុំអត់មានពាក់ព័ន្ធ អត់មានអីជាមួយប្រជាពលរដ្ឋ អត់មានអីផង ព្រោះដីនេះ គឺដីកម្មសិទ្ធិណា ដីកម្មសិទ្ធិ មានកម្មសិទ្ធិ មានអីត្រឹមត្រូវអស់ហើយ មានអីត្រូវព្រួយបារម្ភ»។
ទោះបីជាមានការច្រានចោលការទទួលខុសត្រូវពីលោកឧកញ៉ាទាំងពីររូបនេះក្ដី ក្នុងរយៈពេលជាង១០ថ្ងៃមកនេះ ក្រុមប្រជាពលរដ្ឋមកពីខេត្តកោះកុង ក៏បានស្វះស្វែងរកដំណោះស្រាយ ពីក្រសួងបរិស្ថានផងដែរ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋសភា បន្ទាប់ពីកិច្ចប្រជុំមួយថា រដ្ឋាភិបាលកំពុងពិនិត្យលើការទាមទាររបស់ក្រុមអ្នកតវ៉ាទាំងនោះ។
«ឥឡូវហ្នឹង យើងកំពុងតែពិនិត្យមើលបញ្ហាហ្នឹងហើយ ជាសំណូមពររបស់គាត់ ហើយយើង បន្ទាប់ពីយើងពិនិត្យមើលហ្នឹងហើយ យើងនឹងចុះដល់កន្លែងតែម្ដងបាទ ឆាប់ៗហ្នឹងហើយ»។
មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោកអ៊ិន គង់ជិត ថ្លែងថា រដ្ឋាភិបាលមិនអាចទុកឲ្យទំនាស់ដីធ្លីនេះ អូសបន្លាយយូរទៅមុខថែមទៀតនោះទេ។
លោកថា ប្រជាពលរដ្ឋមួយចំនួន បានកំពុងធ្លាក់ក្នុងស្ថានភាពក្រីក្រ។
«ការអូសបន្លាយនេះ វាឲ្យប្រជាពលរដ្ឋហ្នឹងកាន់តែធ្លាក់ខ្លួន ទៅក្នុងភាពក្រីក្រទៅៗ ដោយសារគាត់បាត់ កន្លងមកគាត់បាត់បង់ដីកសិកម្ម សម្រាប់ធ្វើស្រែ និងធ្វើចម្ការ អញ្ចឹងធ្វើឲ្យគាត់អត់មានប្រាក់ចំណូល គាត់ងាកទៅធ្វើចំណាកស្រុក ហើយនិងខ្ចីបុល ជំពាក់បំណុលគេច្រើនបាទ»។
លោកថា យន្តការដែលងាយស្រួលសម្រាប់រដ្ឋាភិបាលក្នុងការបញ្ចប់ជម្លោះនេះ គឺការឆ្វៀលដីទំនាស់នេះ ចេញពីដីរបស់ក្រុមហ៊ុន ហើយបែងចែកទៅដល់ប្រជាពលរដ្ឋតាមអ្វីដែលពួកគេទាមទារ។
ក្រុមប្រជាពលរដ្ឋតវ៉ានៅថ្ងៃនេះ អះអាងថា ពួកគេត្រូវបានក្រុមអាជ្ញាធរមានសមត្ថកិច្ចរារាំងផងដែរ នៅពេលពួកគេកំពុងធ្វើការតស៊ូមតិក្នុងរាជធានី ស្វះស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះដែលមានអាយុកាលជាង១០ឆ្នាំមកនេះ៕