ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី​បង្ហាញ​ថា ទីតាំង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​គ្មាន​ការ​អភិវឌ្ឍ​ពេញលេញ​ដូច​ការ​សន្យា


រូបឯកសារ៖ អ្នក​សហគមន៍​បុរី​កីឡា​ឈរមើល​ការ​វាយកម្ទេច​អគារ​នៅ​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​សីហា​ឆ្នាំ ២០១៦​ ហើយ​ពួកគេ​និយាយថា ​វា​​​បណ្ដាល​ឲ្យ​រង្គើរ​លំនៅ​ដ្ឋាន​​ប្រជាពលរដ្ឋ​ពួកគេ​កំពុង​រស់នៅ​ ហើយ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹកភ្លើង​ផងដែរ​។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ អ្នក​សហគមន៍​បុរី​កីឡា​ឈរមើល​ការ​វាយកម្ទេច​អគារ​នៅ​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​សីហា​ឆ្នាំ ២០១៦​ ហើយ​ពួកគេ​និយាយថា ​វា​​​បណ្ដាល​ឲ្យ​រង្គើរ​លំនៅ​ដ្ឋាន​​ប្រជាពលរដ្ឋ​ពួកគេ​កំពុង​រស់នៅ​ ហើយ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹកភ្លើង​ផងដែរ​។​ (ឡេង ឡែន/VOA)

ប្រជាពលរដ្ឋ​ដែល​យល់ព្រម​ផ្ដល់​បទសម្ភាសន៍​ក្នុង​របាយ​ការណ៍​នោះ​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ។

ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន​ចាស់​របស់​ខ្លួន ​ដោយ​បុព្វហេតុ​នៃ​ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល បាន​និយាយ​ថា បរិស្ថាន​ជុំវិញ​កន្លែង​រស់នៅ​ថ្មី​របស់​ពួកគេ​តែង​តែ​មាន​ទឹក​ជន​លិច ហើយ​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ។​ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​ស្ដីពី​ការ​បណ្ដេញ​ចេញ​របស់​សមាគម​ធាងត្នោត​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

​របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​«សន្យា​ខ្យល់?»​ បាន​បង្ហាញ​ពី​ការ​សិក្សា​ពី​ការ​អភិវឌ្ឍ​លើ​ទីតាំង​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​៧៧​ ក្នុង​រាជធានី​ភ្នំពេញ​ គិត​ចាប់​តាំងពី​ឆ្នាំ​២០១១​មក។

ប្រជាពលរដ្ឋ​ដែល​យល់ព្រម​ផ្ដល់​បទសម្ភាសន៍​ក្នុង​របាយ​ការណ៍​នោះ​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ។

ជាក់ស្ដែង ​ប្រជាជន​នៅ​សហគមន៍​ជ័យជម្នះ បាន​ប្រឈម​នឹង​ជំងឺ​ឆ្លង​ និង​ជំងឺ​សើ​ស្បែក​ជាពិសេស​កុមារ​តូចៗ​ ដោយសារ​ពួកគេ​ត្រូវ​ដើរ​ឆ្លង​កាត់​ទឹក​កង្វក់​នោះ​ ដើម្បី​ទៅ​សាលា​រៀន​ និង​ប្រកប​អាជីវកម្ម​ ហើយ​ពួកគេ​ក៏​ប្រើ​ប្រាស់​ទឹក​នោះ​ផង​ដែរ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ពួកគេ​មាន​ជំងឺ​ញឹកញាប់។

លោក​ សឿង​ សារ៉ន​ ប្រធាន​កម្មវិធី​តស៊ូ​នៃ​អង្គការ​សមាគម​ធាង​ត្នោត​ ធ្វើ​បទ​បង្ហាញ​ស្តីពី​ការ​បណ្តេញ​ចេញ​ នៅ​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី​១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៦។​ (ហ៊ុល រស្មី/VOA)
លោក​ សឿង​ សារ៉ន​ ប្រធាន​កម្មវិធី​តស៊ូ​នៃ​អង្គការ​សមាគម​ធាង​ត្នោត​ ធ្វើ​បទ​បង្ហាញ​ស្តីពី​ការ​បណ្តេញ​ចេញ​ នៅ​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី​១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៦។​ (ហ៊ុល រស្មី/VOA)

របាយ​ការណ៍​លើកឡើង​បន្ថែម​ថា​ ​ដោយ​សារ​តែ​ពុំ​មាន​ផែនការ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ច្បាស់​លាស់​ ដូចជា​ការ​កំណត់​ទីតាំង​មិន​សមរម្យ​និង​ច្បាស់​លាស់​ ទើប​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ។

ទាំង​បុរស​ និង​ស្ត្រី ដែល​ត្រូវ​បាន​សម្ភាសន៍​នៅ​ក្នុង​របាយ​ការណ៍​នោះ​ បាន​បញ្ជាក់​ថា​ ស្ថានភាព​លំនៅដ្ឋាន​របស់​ពួក​គេ​ មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​ ហើយ​ពួកគេ​យល់​ថា​ លំនៅដ្ឋាន​របស់​ពួកគេ​ប្រឈម​នឹង​គ្រោះ​ថ្នាក់។

លោក​ សឿង​ សារ៉ន​ ប្រធាន​កម្មវិធី​តស៊ូ​មតិ​នៃ​អង្គការ​សមាគម​ធាង​ត្នោត បាន​ថ្លែង​ក្នុង​ពេល​លោក​ធ្វើ​បទ​បង្ហាញ​របាយការណ៍​ដល់​ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​១០០​នាក់​ដែល​រងគ្រោះ​ពី​ការ​បណ្ដេញ​ចេញ​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​រង​ការ​បណ្ដេញ​ចេញ​ បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ដោយសារ​ការ​បណ្ដេញ​ចេញ​ ក្រោម​ហេតុផល​ដើម្បី​ការ​អភិវឌ្ឍ​នេះ។

«នៅ​ចំណុច​នេះ សំណួរ​សួរ​ថា​ តើ​ផល​ប្រយោជន៍​បាន​មក​ពី​ការ​អភិវឌ្ឍ​ដោយ​ការ​មាន​លើស​ពី​ការ​បណ្ដេញ​ចេញ​ដែរ​ឬ​ទេ? ចំណុច​នេះ​ចង់​មាន​ន័យ​ថា​ នៅ​ពេល​ដែល​ការ​អភិវឌ្ឍ ​មាន​ការ​កើន​ឡើង​ ការ​បណ្ដេញ​ចេញ​ ក៏​វា​កើន​ឡើង​ដែរ»។

លោក​ ​សឿង​ សារ៉ន​ ​បាន​ថ្លែង​បន្ត​ថា​ ទីតាំង​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​បណ្ដេញ​ចេញ​មួយ​ចំនួន​ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍ​ជា​ដុំកំភួន​សម្រាប់​សាធារណជន​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយទៅវិញ​ ទីតាំង​ទាំង​នោះ​បែរ​ជា​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ទីកន្លែង​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​ ដូច​ជា​ការ​បើក​ទីលាន​បាល់​ទាត់​ទំហំ​តូចៗ​ និង​សង់​អគារ​ធំៗ​ជាដើម។

​«ឧទាហរណ៍​តែ​សហគមន៍​៧៨​ ជា​ផែន​ការ​មុន​សាលាក្រុង​ បណ្ដេញ​ពួក​គាត់​ចេញ គឺ​គាត់​នឹង​យក​ទីតាំង​នោះ​ទៅ​ធ្វើ​ជា​សួន​ច្បារ​សាធារណៈ​នៅ​ផ្លូវ ប៉ុន្តែ​តាម​ការ​សង្កេត​ទីតាំង​ដែល​យើង​ចុះ​ទៅ​ផ្ទាល់​ ក៏​ដូច​ជា​សម្ភាសន៍​ប្រជា​សហគមន៍​ ទីតាំង​នោះ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ ជា​កន្លែង​សម្រាប់​វាល​បាត់​ទាត់​ ហើយ​និង​អភិវឌ្ឍន៍​អគារ​ធំៗ​ ដែល​វា​ខុស​ស្រឡះ​ពី​អ្វី​ដែល​គាត់​សន្យា​ជាមួយ​ប្រជា​ពលរដ្ឋ​ ហើយ​គាត់​បណ្ដេញ​ចេញ»។

របាយការណ៍​ដែល​ទទួល​បាន​ការ​គាំទ្រ​ថវិកា​ពី​អង្គការ​ Heinrich Boll Stiftung ​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​បន្ត​ថា​ កម្រិត​នៃ​កង្វះ​ខាត​តម្លា​ភាព​ជា​ប្រព័ន្ធ​បាន​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ ហើយ​វា​ជា​បញ្ហា​ដែល​តែងតែ​លើក​ឡើង​ ដោយ​ប្រជា​សហគមន៍​ ដែល​ប្រឈម​មុខ​ជាមួយ​នឹង​ការ​គំរាម​កំហែង​ទាំង​នេះ។

របាយ​ការណ៍​បាន​បញ្ជាក់​ថា៖ «ឧទាហរណ៍​ នៅ​ក្នុង​សហគមន៍​សាមគ្គី​ ដែល​ជា​សហគមន៍​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ កំពុង​រង​ការ​គំរាម​កំហែង។​ លំនៅដ្ឋាន​ខ្លះ​នៅ​ទីនោះ​ត្រូវ​បាន​លាប​ពណ៌​ដោយ​ថ្នាំ​ពណ៌ក្រហម​ពី​សំណាក់​អាជ្ញាធរ​ ដើម្បី​បញ្ជាក់​ថា​ លំនៅដ្ឋាន​នោះ​នឹង​ត្រូវ​រុះ​រើ​ចេញ។​ ពួក​គេ​មិន​ដែល​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ឡើយ​ បន្ទាប់​ពី​ប្រជា​សហគមន៍​មួយ​ចំនួន​ បាន​ទាក់ទង​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ដើម្បី​សុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី»។

អ្នកស្រី​ មាស ស្រីមុំ​ វ័យ៤៨ឆ្នាំ​ ថ្លែង​អំពី​ការ​បណ្តេញ​ចេញ​ នៅ​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៣​ ខែ​ធ្នូ​ ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)
អ្នកស្រី​ មាស ស្រីមុំ​ វ័យ៤៨ឆ្នាំ​ ថ្លែង​អំពី​ការ​បណ្តេញ​ចេញ​ នៅ​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៣​ ខែ​ធ្នូ​ ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)

អ្នក​ស្រី​ មាស​ ស្រីមុំ​ វ័យ​៤៨ឆ្នាំ ដែល​កំពុង​រង​ការ​បណ្ដេញ​ចេញ​ពី​តំបន់​ផ្លូវ​រថភ្លើង​ នៅ​ក្នុង​សង្កាត់​បឹងកក់​ពីរ​ ខ័ណ្ឌ​ទួលគោក​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​សហគមន៍​អ្នក​ស្រី​ នឹង​បន្ត​តវ៉ា​នឹង​ផែនការ​អភិវឌ្ឍ​ ដែល​មិន​បាន​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជា​ពលរដ្ឋ​ជាមុន។

«ប្រជាពលរដ្ឋ​នឹង​ធ្វើ​ការ​តវ៉ា។ អ្វី​ក៏ដោយ​ ធ្វើ​ការ​អភិវឌ្ឍ​ត្រូវតែ​មាន​ការ​សិក្សា​ជាមួយ​ប្រជាពលរដ្ឋ​ មិន​មែន​អ្នកឯង​ត្រូវការ​ធ្វើ​ក៏​ធ្វើ​ភ្លាម​ អ្នក​ត្រូវ​ការ​ចង់​ធ្វើ​អ្វី​ ក៏​ធ្វើ​ភ្លាម​តាម​អំពើ​ចិត្ត​នោះ​ទេ​ ព្រោះ​ប្រជា​ពលរដ្ឋ​រស់នៅ​ស្រប​ច្បាប់​ មិន​មែន​ពលរដ្ឋ​រំលោភ​បំពាន​យក​ដី​នរណា​ទេ»។

អ្នក​ស្រី ​សរ ស៊ន តំណាង​ប្រជា​ពលរដ្ឋ​១៣គ្រួសារ​ ក្នុង​សហគមន៍​បូរី​កីឡា​ ថ្លែង​អំពី​ការ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​បាត់បង់​ដីធ្លី​យ៉ាង​ដូច្នេះ​ថា៖

«មកដល់​សព្វថ្ងៃ​នេះ​ មីង​គិត​ថា​ មីង​មិន​ខ្លាច​ទេ។ បារម្ភ? បារម្ភ​ ប៉ុន្តែ​ តវ៉ា​រឿង​ផ្ទះ​ គឺ​មីង​នៅ​តែ​មាន​ឆន្ទៈ​តវ៉ា​ជានិច្ច​ ព្រោះ​អី​ផ្ទះ​ជា​អាយុ​ជីវិត​ ជា​អនាគត​របស់​កូនចៅ​របស់​យើង​ទៅ​ថ្ងៃ​ក្រោយ»។

អ្នក​ស្រី​ សរ​ ​ស៊ន​ បេ្តជា្ញចិត្តថា​ នឹង​បន្ត​ការ​ពារផ្ទះ​សម្បែង​នៅ​ក្នុង​សហគមន៍​បូរី​កីឡា​ ដែល​កំពុង​រង​ការ​គំរាម​កំហែង នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣​ ខែ​ធ្នូ ​ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)
អ្នក​ស្រី​ សរ​ ​ស៊ន​ បេ្តជា្ញចិត្តថា​ នឹង​បន្ត​ការ​ពារផ្ទះ​សម្បែង​នៅ​ក្នុង​សហគមន៍​បូរី​កីឡា​ ដែល​កំពុង​រង​ការ​គំរាម​កំហែង នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣​ ខែ​ធ្នូ ​ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

​លោក​ សេង​ ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ សុំ​មិន​ធ្វើការ​អធិប្បាយ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ មៀន​ ចាន់​យ៉ាដា​ ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ សុំ​មិន​ធ្វើការ​អធិប្បាយ​ផង​ដែរ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​លោក​ ម៉េត​ មាសភក្ដី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ម្នាក់​ទៀត។

លោក​ ម៉េត មាសភក្តី បាន​ច្រានចោល​រាល់​ការ​លើក​ឡើង​ក្នុង​របាយការណ៍​ពាក់​ព័ន្ធ​នឹង​ការ​បណ្តេញ​ចេញ​ហើយ​បាន​អះអាង​ថា​ សាលា​រាជធានី​ភ្នំពេញ​រមែង​តែ​ធ្វើ​ការ​សម្រេច​លើ​គម្រោង​អភិវឌ្ឍន៍​នីមួយៗ​ទៅ​តាម​នីតិវិធី​ច្បាប់​ និង​ការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ។

«អញ្ចឹង​បាន​ន័យ​ថា​ យើង​មាន​នីតិ​វិធី​របស់​យើង​ក្នុង​ការ​ធ្វើ​ទាំង​អស់។​ វា​មិន​ដូច​អ្វី​ ដែល​ជា​ការ​ចោទ​ប្រកាន់​ទេ​ រឿង​ទី​មួយ។ រឿង​ទីពីរ ទោះ​បី​ជា​គាត់​អ្នក​ដែល​បាន​ទទួល​យក​គោល​នយោបាយ​ហើយ​ ក៏​យើង​នៅតែ​មាន​ការ​គិត​គូរ​របស់​គាត់​ដែរ​ តាម​លទ្ធភាព​ទៅតាម​ប្រភេទ​ណា៎ ថា​គាត់​ទៅ​រស់​នៅ​ហ្នឹង​ប្រមូល​ផ្ដុំ​គ្នា​ទេ​ ចង​ជា​សហគមន៍​ទេ?​ បើ​ចង​ជា​សហគមន៍​ តើលទ្ធភាព​ដែល​យើង​អាច​ជួយ​ក្នុងនាម​សហគមន៍​ហ្នឹង​របៀបណា?​ សហគមន៍​របស់​គាត់​ មាន​ទឹក​ មាន​ភ្លើង​ មាន​សាលារៀន​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹម​ត្រូវ​នៅ? រៀប​ចំ​ជូន​គាត់​បាន​របៀប​ណា?​ ខ្វះខាត​ដោយ​របៀបណា?​ យើង​ធ្វើ​កិច្ចការ​ហ្នឹង​ត​គ្នា​រហូត»។

អង្គការ​សមាគម​ធាង​ត្នោត​បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ២០១៤​ថា ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​ មក​ មាន​ប្រជា​ពលរដ្ឋ​ជាង​២៩​៧០០​នាក់ ​ត្រូវ​បាន​បណ្ដេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ​ ដោយ​ហេតុផល​អភិវឌ្ឍន៍។

របាយ​ការណ៍​របស់​អង្គ​ការ​សមាគម​ធាង​ត្នោត​ បាន​បញ្ជាក់​ថា​ ក្រោយពី​អង្គការ​នេះ​បាន​ចុះទៅ​មើល​ទីតាំង​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​៧៧​ ក្នុង​ឆ្នាំ​២០១៦​ អង្គការ​សមាគម​ធាង​ត្នោត​ បាន​រក​ឃើញ​ថា​ កម្រិត​នៃ​ការ​អភិវឌ្ឍ​នៅ​ទីតាំង​នីមួយៗ​ដែល​ប្រជាជន​ត្រូវ​បាន​បណ្ដេញ​ចេញ​នោះ​មាន​ភាព​ខុស​គ្នា​ខ្លាំង។

រូបឯកសារ៖ ទិដ្ឋភាព​ជា​ទូទៅ​នៃ​អគារ​ប៊ូលឌីង​និង​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ ទិដ្ឋភាព​ជា​ទូទៅ​នៃ​អគារ​ប៊ូលឌីង​និង​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា/VOA)

របាយ​ការណ៍​ បាន​លើក​ជា​ឧទាហរណ៍​ថា​ មាន​តែ​៣៥​ភាគរយ​នៃ​ទីតាំង​ទាំងអស់​ត្រូវ​បាន​អភិវឌ្ឍន៍​ពេញ​លេញ​ដូចជា​សហគមន៍​បុរីកីឡា​ ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​បែប​ពាណិជ្ជកម្ម។

យ៉ាងណាក៏ដោយ ​របាយ​ការណ៍​បាន​ចាត់​ទុក​ថា​ ដំណោះស្រាយ​នៃ​អគារ​ «ប៊ូលឌីញ ឬ​អគារ​ស»​ ជា​សូចនាករ​ថ្មី​មួយ​ដោយ​ករណី​ «គំរាម​កំហែង​នៃ​ការ​បណ្ដាញ​ចេញ»​ ត្រូវ​បាន​ដោះស្រាយ​ដោយ​បើកចំហ។

ប្រជា​សហគមន៍​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​គម្រោង​អភិវឌ្ឍន៍​ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ អារ៉ាកាវ៉ា​ ហើយ​កិច្ច​សន្ទនា​ដំបូង​ត្រូវ​បាន​រៀប​ចំឡើង​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ពិភាក្សា​អំពី​សំណង​ជា​សាច់​ប្រាក់​ ឬ​ទទួល​យក​ផ្ទះ​នៅ​ក្នុង​អគារ​ប៊ូលឌីញ។

ប៉ុន្តែ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អគារ​ប៊ូលឌីញ​ មាន​ការ​ព្រួយ​បារម្ភ​ថា​ វា​ដូច​ទៅ​នឹង​ករណី​បុរីកីឡា​ ដែល​ក្រុមហ៊ុន​ផានអ៊ីមិច​ បាន​សន្យា​សាងសង់​អគារ​ចំនួន​១០​ ដើម្បី​ផ្ដល់​ជូន​សហគមន៍​បុរីកីឡា​ តែ​ក្រុមហ៊ុន​សង់​បាន​តែ​៨អាគារ​ប៉ុណ្ណោះ​ ក្នុង​រយៈពេល​មួយ​ទសវត្ស​ក្រោយ​មក៕

XS
SM
MD
LG