របបយោធាគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ានិយាយថា ការប្រយុទ្ធគ្នារវាងក្រុមបាតុករប្រឆាំងរដ្ឋប្រហារនិងកងកម្លាំងសន្តិសុខនៅទីក្រុងម៉ាន់ដាឡេកាលពីថ្ងៃអង្គារបានធ្វើឱ្យបាតុករ៤នាក់ស្លាប់។ សេចក្តីថ្លែងការណ៍មួយនិយាយថា កម្លាំងសន្តិសុខបានប្រឈមនឹងអាវុធតូចតាចនិងគ្រាប់បែកដៃអំឡុងការវាយឆ្មក់ផ្ទះមួយនៅក្នុងទីក្រុងធំបំផុតទី២ របស់ប្រទេសនេះ។
បន្ថែមលើបាតុករដែលបានស្លាប់ទាំង៤នាក់ដែលរបបយោធាបានហៅថាជាភេរវជន នោះ នៅមានសមាជិក២០ នាក់ទៀត បានរងរបួស ខណៈមនុស្ស៨ នាក់ទៀតត្រូវបានចាប់ខ្លួនពីបទមានមីនកែច្នៃ គ្រាប់បែកដៃ និងអាវុធតូចៗ។
របបយោធាបានតស៊ូបង្ក្រាបបាតុកម្មធំៗជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលនៅថ្ងៃទី១ ខែកុម្ភៈ និងបានឃុំខ្លួនមេដឹកនាំពិតប្រាកដគឺលោកស្រី Aung San Suu Kyi និងមន្ត្រីដទៃទៀតមក។ បាតុករជាច្រើនត្រូវតែភៀសខ្លួនចូលព្រៃដើម្បីបង្កើតកម្លាំងការពារខ្លួនជាមួយនឹងកងជីវពលឧទ្ទាមជនជាតិភាគតិចដែលបានធ្វើការវាយប្រហារជាទៀងទាត់ទៅលើកម្លាំងសន្តិសុខដែលមានឧបករណ៍ល្អជាង។
ក្រុមឃ្លាំមើលឯករាជ្យនិយាយថា ជនស៊ីវិលជាង៨៧០នាក់ត្រូវបានសម្លាប់ និងជាង៦.០០០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីមានរដ្ឋប្រហារ។ របបយោធាបានលើកឡើងថាមានការលួចបន្លំយ៉ាងទូលំទូលាយនៅក្នុងការបោះឆ្នោតជាតិកាលពីខែវិច្ឆិកាឆ្នាំមុនដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi បានឈ្នះភ្លូកទឹកភ្លូកដី។ គណៈកម្មការបោះឆ្នោតស៊ីវិលបដិសេធការចោទប្រកាន់នេះ៕