ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​នឹង​បង្កើតរដ្ឋាភិបាល​ថ្មី​ក្នុង​ពេល​៦០ថ្ងៃ​


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់​ដៃ​ជាមួយ​នឹង​អ្នក​សង្កេតការណ៍​អន្តរជាតិ​សម្រាប់​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី២៩ ខែកក្កដា នៅ​ក្នុង​កិច្ចប្រជុំ​ស្វាគមន៍​មួយ​នៅ​វិមាន​សន្តិភាព នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។

ពីរថ្ងៃ​ក្រោយពី​ការបោះឆ្នោត​សភា​ដែល​អ្នករិះគន់​និយាយ​ថា​ មិន​យុត្តិធម៌​និង​មិន​សេរី និង​ក្រោយពី​គណបក្ស​សង្គ្រោះជាតិត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំមុន អ្នកនាំ​ពាក្យ​គណបក្ស​កាន់អំណាច​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​បង្កើតរដ្ឋាភិបាល​ថ្មី​ក្នុងពេល​៦០ថ្ងៃ​ដូច​ច្បាប់​កំណត់។

លោក​សុខ ឥសាន​និយាយ​ថា​ ព្រះ​មហាក្សត្រ​នរោត្តម​សីហមុនី​នឹង​អញ្ជើញ​សមាជិក​សភា​ជាប់ឆ្នោត​ថ្មី​ទាំងអស់​ដើម្បី​បើក​សម័យ​ប្រជុំ​នីតិកាល​សភា​ថ្មី ​ហើយ​បន្ទាប់​មក​រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​បង្កើតឡើង​ចន្លោះ​ថ្ងៃទី២៥​ និង​ថ្ងៃទី២៦ខែ​កញ្ញា។​

លោក​សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​និង​ជាអតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែលត្រូវ​បាន​ហាម​មិនឲ្យ​ចូល​រួមការ​បោះឆ្នោតកាលពី​ថ្ងៃអាទិត្យ ​ បាន​ហៅ​ការ​បោះឆ្នោត​នេះ​ថា ជា​ «រឿង​ឆបោក​និង​អាម៉ាស់។ ការ​បោះឆ្នោត​នេះ​ចំអក​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ»។

គណបក្ស​ប្រជាជន​បាន​និយាយ​ថា​ ខ្លួន​ទទួល​បាន​អាសនៈ​សភា​ទាំងអស់​ចំនួន​១២៥​ នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​រិះគន់យ៉ាង​ខ្លាំង​ដោយ​ក្រុម​សិទ្ធិមនុស្ស ​ សហ​រដ្ឋ​អាមេរិក និង​បណ្តា​បស្ចិម​ប្រទេសដទៃ​ទៀត ដូចជា​កាណាដា និង​អូស្ត្រាលី​ជាដើម។​

សេតវិមាន​បាន​និយាយ​ថា​ ខ្លួន​នឹង​ពិចារណា​វិធានការ​មួយ​ចំនួយ​ដូចជា​ពង្រីក​ការ​ដាក់​កំហិត​ទិដ្ឋាការ​លើ​សមាជិក​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​បោះឆ្នោត​នេះ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រសួង​ការ​បរទេស​ចិន​កាល​ពីថ្ងៃចន្ទ​បាន​និយាយ​ថា ​ខ្លួន​សង្ឃឹម​ថា ​សហគមន៍​អន្តរជាតិ​នឹង​នៅ​តែ​គាំទ្រ​ជួយ​ប្រទេស​កម្ពុជា៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG