ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ​និង​អតីត​ចៅ​សង្កាត់​វ័យ​ក្មេង​របស់​​បក្ស​ប្រឆាំង​ ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ហ្វេសប៊ុក​


រូបឯកសារ៖ លោក​ ឈាង វុន​ តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើសន្និសីទ​ព័ត៌មាន​អំពីការ​បែង​ចែក​អាសនៈសភា​​របស់គណបក្សប្រឆាំង​ទៅគណបក្ស​ដទៃទៀត​នៅរដ្ឋសភា​ កាលពីថ្ងៃ​ទី​​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​​២០១៧​។ (ហ៊ុល រស្មី/VOA) ​
រូបឯកសារ៖ លោក​ ឈាង វុន​ តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើសន្និសីទ​ព័ត៌មាន​អំពីការ​បែង​ចែក​អាសនៈសភា​​របស់គណបក្សប្រឆាំង​ទៅគណបក្ស​ដទៃទៀត​នៅរដ្ឋសភា​ កាលពីថ្ងៃ​ទី​​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​​២០១៧​។ (ហ៊ុល រស្មី/VOA) ​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​យល់​ថា​ ​ឥរិយាបថ​របស់​លោក​ ​ឈាង វុន​ ​អាច​បង្ក​ផល​អាក្រក់​ទៅ​លើ​កិត្តិយស​របស់​លោក​ខ្លួន​ឯង។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​លោក​ ឈាន វុន​ បាន​ថ្លែង​ច្រានចោល​នូវ​ការ​អធិប្បាយ​របស់​លោក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​ ​កញ្ញា​ ស៊ីន ចាន់ពៅរ៉ូហ្សេត​ បាន​ផ្តល់​ទីតាំង​ដល់​ក្រុម​ឧទ្ទាម​ជួបជុំ​គ្នា​ជា​ការ​មិន​ត្រឹមត្រូវ។​

កាល​ពី​ចុង​ខែ​មករា​នេះលោក​ ឈាង វុន​ តំណាងរាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាចមណ្ឌល​ខេត្ត​បាត់ដំបង​ និង​ជាប្រធាន​គណៈកម្មការ​កិច្ចការ​បរទេសនៅ​រដ្ឋសភា​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​តាម​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​បាន​ឃើញ​អ្នក​ដែល​បាន​ប្រកាស​គាំទ្រ​ចលនា​ឧទ្ទាម​ ​ចេញចូល​ហាង​លក់​នំ​ ​បញ្ចុក​នេះ​ ហើយ​ខ្លះ​បាន​ទាំង​ជួយ​ជូត​ការ៉ូ​ ជូត​តុ​ ​និង​បម្រើ​ភ្ញៀវ​ទៀត​ផង។ បើ​ទី​នេះ​ត្រូវ​បាន​ប្រើប្រាស់ជា​កន្លែង​ប្រមូល​ផ្តុំ​រងើក​ភ្លើង​នោះ​ ពិត​ជាគ្រោះថ្នាក់​ណាស់​ សម្រាប់​ Rozet ហើយ​មិន​អាច​អត់​ឱន​បាន​ឡើយ»។​

យ៉ាង​ណា​ក៏​ដោយ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ ឈាង វុន​ ដែល​គេ​ដឹង​ថា​ ជា​អ្នក​ចូលចិត្ត​ ​ទៅ​បង្ក​បញ្ហា​ជាមួយ​កញ្ញា​ រ៉ូហ្សេត ​អតីត​ចៅសង្កាត់​អូរចារ​ក្នុង​ក្រុង​បាត់ដំបង ​បាន​ប្រាប់​ VOA ​ថា​ លោក​មិន​បាន​ចោទ​ប្រកាន់​ថា​ ហាង​លក់​នំបញ្ចុក​របស់​កញ្ញា​ រ៉ូហ្សេត​ ជា​ទីតាំង​ប្រមូល​ផ្តុំ​ក្រុម​ឧទ្ទាម​ ​ដែល​ទំនង​ជា​សំដៅ​ដល់​ក្រុម​អ្នកគាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៊ី។​ លោក​មាន​ប្រសាសន៍ថា​ ​ការ​លើក​ឡើង​របស់​លោក​ គឺ​សំដៅ​ដល់​ក្នុង​ករណី​ «បើ​សិន»​ តែ​ប៉ុណ្ណោះ។​

លោក ឈាង វុន បញ្ជាក់​ប្រាប់ VOA ​ថា៖​

«បើ​សិន​ជា​ ជា​ទី​តាំង​ប្រមូល​ផ្តុំ​ រងើក​ភ្លើង​ឧទ្ទាម អា​ហ្នឹង​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ​ ហើយ​រ៉ូហ្សេត​ គាត់​មាន​គ្រោះ​ថ្នាក់​ហើយ​ ខ្ញុំ​ដែល​ចោទ​ប្រកាន់​ថា​ រ៉ូហ្សេត​ ជា​អ្នក​ប្រមូល​ផ្តុំ​ទេ​ មើល​ឲ្យ​មែន​ទែន​ អីចឹង​ហើយ កុំឲ្យ​ ​កុំ​ឲ្យ​មើល​ស្រាល​ អក្សរសាស្ត្រ​ខ្មែរ​ណ៎ា!»។​

រូបឯកសារ៖ កញ្ញា ​ស៊ិន ចាន់ពៅ​រ៉ូហ្ស៊េត នៅ​ពេល​ដែល​កញ្ញា​នៅជាចៅសង្កាត់រង​ទី​ពីរ​នៃ​សង្កាត់អូចារ​នៃ​គណបក្ស​សង្រ្គោះជាតិ​ ខេត្តបាត់ដំបង​ ក្នុងពេល​ផ្ដល់បទសម្ភាសន៍​ជាមួយ ​VOA ​ពេល​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នារាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (VOA)
រូបឯកសារ៖ កញ្ញា ​ស៊ិន ចាន់ពៅ​រ៉ូហ្ស៊េត នៅ​ពេល​ដែល​កញ្ញា​នៅជាចៅសង្កាត់រង​ទី​ពីរ​នៃ​សង្កាត់អូចារ​នៃ​គណបក្ស​សង្រ្គោះជាតិ​ ខេត្តបាត់ដំបង​ ក្នុងពេល​ផ្ដល់បទសម្ភាសន៍​ជាមួយ ​VOA ​ពេល​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នារាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (VOA)

ក៏ប៉ុន្តែ​ កញ្ញា​ រ៉ូហ្សេត​ បាន​ចាត់​ទុក​ការ​ថ្លែង​របស់​លោក​ ឈាង វុន ថា​ ជា​ការ​គំរាមកំហែង​ និង​ទទូច​សុំ​ឲ្យ​អ្នក​តំណាងរាស្ត្រ​រូប​នេះ​ ឈប់​បង្ក​ការ​រំខាន​ដល់​ជីវិត​រកស៊ី​របស់​កញ្ញា​ ​បន្ទាប់​ពី​កញ្ញា​បាន​បាត់​បង់​តួនាទី​ជា​ចៅ​សង្កាត់។​

«ចឹង​ ​ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត​ ​សូម​ឲ្យ​ខ្ញុំ​រស់​ផង​ បើ​មិន​ចង់​ឲ្យ​ខ្ញុំ​ខ្មែរ​ម្នាក់​រស់​ តើ​ឲ្យ​ខ្ញុំ​ទៅ​រស់​នៅ​ឯណា​ គ្រាន់​តែ​ខ្ញុំ​ប្រកប​មុខរបរ​សាមញ្ញ​ម្នាក់។ ហើយ​ដូច​គាត់​ ការណ៍​គាត់​មកពិសារ​នំបញ្ចុក​ កន្លែង​នាង​ខ្ញុំ​ ក៏​គាត់​និយាយ​ អំពី​នយោបាយ​ប្រាប់​ខ្ញុំ​ដែរ​ និយាយ​គាត់​មាត់ចេះ​ចុះ​ចឹង​ទៅ។​ ប៉ុន្តែ​យើង​មិន​ទៅ​ចាប់​អារម្មណ៍​ទេ​ ​ពីព្រោះ​ខ្ញុំ​ក្លាយ​ទៅ​ជា​អ្នក​រកស៊ី​ហើយ​ អីចឹង​រាល់​ការ​បញ្ចេញ​មតិ​របស់​ភ្ញៀវ​ អា​ហ្នឹង​ជា​សិទ្ធិ​សេរីភាព​របស់​ភ្ញៀវ​ គេ​ចង់​និយាយ​ថា​ម៉េច​ ថា​ទៅ​ តែ​កុំ​ឲ្យ​ អ្វី​ណា​ដែល​ខុស​ច្បាប់​រដ្ឋាភិបាល​ ប៉ុណ្ណឹង​ឯង»។

កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០១៨​ លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​បាន​ប្រកាស​ជា​ផ្លូវការ​ ​ដំណើរការ​ចលនា​សង្គ្រោះជាតិ​របស់​ខ្លួន​ក្នុង​ទីក្រុង​ឡុងប៊ិច​ ​រដ្ឋ​កាលីហ្វ័រញ៉ា​ ​សហរដ្ឋ​អាមេរិក​ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អតីត​មន្រ្តី​ជាន់​ខ្ពស់​ ​តំណាងរាស្ត្រ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន។​

លោក​ សម រង្ស៊ី​ និង​អតីត​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ចាប់​ផ្តើម​បង្កើត​ចលនា​សង្រ្គោះជាតិ​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨ ដោយ​អះអាង​ថា ដើម្បី​តស៊ូ​ដោយ​សន្តិវិធី​ តាម​រយៈ​ការ​រៀបចំ​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។​ លោក​ សម រង្ស៊ី បាន​អំពាវនាវ​កុំ​ឲ្យ​ថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​សង្រ្គោះជាតិ​ ប្រកាស​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ចលនា​នេះ​ជា​សាធារណៈ​ ​ដើម្បី​ធានា​សុវត្ថិភាព​ ​និង​ធានា​ប្រសិទ្ធភាព​ការងារ​របស់​ចលនា​នេះ។

ចលនា​សង្រ្គោះជាតិ​នេះ​ ​មិន​ត្រូវ​បាន​គាំទ្រ​ដោយ​មន្រ្តី​ដែល​មាន​អតីតភាព​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស ដែល​បង្កើត​ឡើង​ដោយ​លោក​ កឹម សុខា​ នោះ​ទេ។​ លោក​ កឹម សុខា​ ផ្ទាល់​ក៏​បាន​ប្រកាស​មិន​គាំទ្រ​ចលនា​នេះ​ដែរ។ លោក​ សម រង្ស៊ី​ អះអាង​ថា​ ឆ្នាំ​២០១៨​ ជា​ឆ្នាំ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ប្រជែង​ដណ្តើម​អំណាច​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​ស្ថិត​ក្នុង​អំណាច​ជាង​ ៣០​ឆ្នាំ​មក​ហើយ។

នៅ​មុន​ការ​ប្រកាស​ចលនា​សង្គ្រោះ​ជាតិ​នេះ​ជា​ផ្លូវការ​ លោក​ សៅ សុខា​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា​ «ចលនា​សង្គ្រោះ​ជាតិ»​ ដែល​បង្កើត​ឡើង​ដោយ​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​គឺ​ជា​សកម្មភាព​ភេរវកម្ម​ ​និង​ប្រកាស​ត្រៀម​បង្រ្កាប​ចលនា​នោះ​ចោល។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​បណ្តាញ​សង្គម​ Telegram​ ភ្លាមៗ​ក្រោយ​ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​ថា​ ចលនា​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំនាស់​ផ្ទៃ​ក្នុង​រវាង​ក្រុម​និយម​លោក​ កឹម សុខា​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ និង​ក្រុម​និយម​លោក​ ​សម រង្ស៊ី ​ដែល​កំពុង​គេច​ពី​ការ​ចាប់​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​ តាម​បណ្តឹង​ជាច្រើន​របស់​ក្រុម​មេដឹកនាំ​កម្ពុជា។​

លោក​ សុខ ឥសាន​ បានបន្ថែម​ថា​ ​ការ​ប្រកាស​បង្កើត​ចលនា​ណា​មួយ​ក្នុង​គោលបំណង​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ការ​ដាក់​បន្ទុក​ផ្លូវ​ច្បាប់​បន្ថែម​លើ​ក្រុម​របស់​លោក​ សម រង្ស៊ី។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ កញ្ញា​ ស៊ីន ចាន់ពៅរ៉ូហ្សេត​ បាន​បញ្ជាក់​ប្រាប់ VOA ​នៅ​ក្នុង​បទ​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កញ្ញា​មិន​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ចលនា​សង្គ្រោះ​ជាតិ​ ហើយ​ថា​ កញ្ញា​ក៏​គ្មាន​បំណង​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណា​ផ្សេង​ទៀត​ ​ក្រោយ​ពី​ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។​

លោក​ ស៊ឹង សែនករុណា​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​យល់​ថា​ អ្នក​នយោបាយ​លោក​ ឈាង វុន​ គួរ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​ដែល​ហុច​ផល​អាក្រក់​មក​លើ​លោក​វិញ។​

អ្នក​តាមដាន​បញ្ហា​សិទ្ធិ​មនុស្ស​រូប​នេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖

«គាត់​ប្រើ​ឥរិយាបថ​ បែប​នេះ​ ទៅ​លើ​ស្ត្រី​វ័យ​ក្មេង​ចេះ​តែ​បន្ត​ហើយ​ បន្ត​ទៀត​ យ៉ាង​នេះ​យើង​គិត​ថា​ បង្ហាញ​ឲ្យ​សាធារណៈជន​ហ្នឹងមើល​ឃើញ​ថា ការ​ប្រើ​ឥរិយាបថ​បែប​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​កិត្តិយស​ខ្លួន​គាត់​ទៅ​វិញ​ទេ​ ពីព្រោះ​អ្នក​ណាៗ​ គេ​អាច​វិនិច្ឆ័យ​ ថា​អ្ហូ៎​អ្នកនេះ​ក៏​ជា​ជន​មាន​អំណាច​ផង​ ហើយ​គាត់​ទៅ​តតាំង​ជាមួយ​ស្ត្រី​ក្មេង​ទន់ខ្សោយ​ ហើយ​ការណ៍​ដែលគាត់​ចោទ​ប្រកាន់​របស់​គាត់​មិន​មាន​មូលដ្ឋាន​អី​ដែល​ច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់​ហ្នឹង​ទៅ​ទៀត។ ហើយ​កាល​ណា​ការ​ចោទប្រកាន់​នរណា​ម្នាក់​ដែល​មិន​មាន​ភស្តុតាង​បញ្ជាក់​ត្រឹម​ត្រូវ ផល​ដែល​អវិជ្ជមាន​ហ្នឹង​គឺ​ប៉ះពាល់​ត្រឡប់​មកវិញ​ទៅ​លើ​ខ្លួន​ លោក​ផ្ទាល់»។​

កាល​ពី​ថ្ងៃ​ទី២៩​ ​ខែ​មករា​ ​កាសែត​ The Phnom Penh Post ​បាន​ស្រង់​ប្រសាសន៍​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ស្នើ​មន្ត្រី​គណបក្ស​កាន់​អំណាច​មួយ​រូប​ ដែល​លោក​មិន​និយាយ​ចំ​ឈ្មោះ​ ​តែ​គេ​ត្រូវ​ដឹង​ថា​ជា​ លោក​ ឈាង វុន​ ឈប់​លួង​លោម​ អតីត​ចៅ​សង្កាត់​អូរចារ​នៃ​គណបក្ស​ប្រឆាំង​ កញ្ញា​ រ៉ូហ្សេត​ ឲ្យ​មក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ ស ខេង​ ត្រូវ​បាន​ដក​ស្រង់​សម្តី​តាម​ន័យ​ដើម​ថា៖

«ឈប់​ព្យាយាម​ទាញ​ ស៊ីន​ រ៉ូហ្សេត​ ឲ្យ​ចុះចូលជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង​ទៀត​ទៅ។ ហេតុអ្វី​បាន​ជា​លោក​ទៅ​ហាង​របស់​ រ៉ូហ្សេត​ ញឹកញាប់​ម្ល៉េះ?»។

លោក​ ស ខេង​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ខែ​មករា​ ឆ្នាំ​ ២០១៨៕​ ​

XS
SM
MD
LG