ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​អប់រំ​បណ្តេញ​លោក​រ៉ុង ឈុន​ចេញ​ពី​ក្របខណ្ឌ​រដ្ឋ


រូប​ឯកសារ៖ លោក​ រ៉ុង ឈុន កាល​នៅ​ជា​​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយ​​ចាកចេញ​ពី​​ការបោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតក្នុង​រដ្ឋសភា​ជាតិ​ ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)
រូប​ឯកសារ៖ លោក​ រ៉ុង ឈុន កាល​នៅ​ជា​​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយ​​ចាកចេញ​ពី​​ការបោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតក្នុង​រដ្ឋសភា​ជាតិ​ ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

លោក រ៉ុង ឈុន​ ធ្លាប់​បាន​បម្រើ​ការងារ​នៅ​ក្នុង​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នៅ​មុន​ពេល​ដែល​លោក​បាន​ព្យួរ​ការងារ​ទៅ​បម្រើ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៥។

ក្រសួង​អប់រំ​បាន​សម្រេច​លុប​ឈ្មោះ​លោក រ៉ុង ឈុន ​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) ដែល​មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​ក្របខណ្ឌ​ដើមដោយ​ហេតុ​ផល​ថា ​លោកមិន​បាន​ចូល​ធ្វើការ​ក្នុងនាម​ជា​មន្ត្រី​រាជការ​មួយ​រូប​ទេ។

នៅ​ក្នុង​ប្រកាស​របស់​ក្រសួង​ដែល​ចុះហត្ថលេខា​ដោយ​លោក ​ហង់ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា បាន​ផ្អែក​លើ​ហេតុផល​ថា ​លោក​ រ៉ុង ឈុន​ បាន​អវត្តមាន​ពី​ការងារ​ដោយ«គ្មាន​ច្បាប់​អនុញ្ញាត»តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា​ ឆ្នាំ​២០១៨​មក។

លោក រ៉ុង ឈុន​ ធ្លាប់​បាន​បម្រើ​ការងារ​នៅ​ក្នុង​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នៅ​មុន​ពេល​ដែល​លោក​បាន​ព្យួរ​ការងារ​ទៅ​បម្រើ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៥។ បន្ទាប់​មក​លោក ​រ៉ុង ​ឈុន​ បានលាឈប់​ពី​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ដើម្បី​ជា​ការ​តវ៉ាប្រឆាំង​នឹងការ​សម្រេច​របស់​តុលាការ​កំពូល​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ រ៉ុង ឈុន​ បាន​បញ្ជាក់​ប្រាប់ ​VOA ​ថា​ លោក​ទើបតែទទួល​បានប្រកាស​សម្រេច​របស់​ក្រសួង​នៅ​ថ្ងៃ​ច័ន្ទ​ទី​៥ខែ​កុម្ភៈ​នេះ​ហើយ​លោក​ចាត់​ទុក​ថា​ការសម្រេច​នេះ​គឺ​ជា​ការ​រើសអើង​និង​សងសឹក​ដោយសារតែ​សកម្មភាព​សហជីព​របស់​លោក​ក្នុង​ពេល​អតីតកាល។

«ពីព្រោះ​កន្លងមក​យើង​បាន​ធ្វើ​ការងារ​សមាគម​ហើយ​យើង​បាន​ទាមទារ​ជាច្រើន​ជាមួយ​ក្រសួង​អប់រំ​ឱ្យ​ធ្វើកំណែ​ទម្រង់​ទាក់ទង​នឹង​ការ​លើក​កម្ពស់​គុណភាព​អប់រំ ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ​គ្រូ​បង្រៀន​ក៏ដូចជា​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​សិក្សាធិការ​ជាតិ‍»។​

បន្ទាប់ពី​លា​ឈប់​ពី​គ.ជ.ប ​លោក រ៉ុង ឈុន​ បាន​ដាក់ពាក្យ​សុំ​ចូល​ធ្វើ​ការងារ​វិញ​កាលពីថ្ងៃទី៣ខែ​មករា​ឆ្នាំ​២០១៨​ដើម្បី​ចូល​បម្រើ​ការងារ​នៅ​ថ្ងៃទី០១​ខែ​កុម្ភៈ។ ពាក្យសុំ​របស់​លោក​ត្រូវ​បាន​ប្រធាន​នាយកដ្ឋាន​គឺ​បណ្ឌិត​ ច័ន្ទ រ័ត្ន​ និង​លោក​ ម៉ក់ ងយ​ អគ្គនាយកទទួល​យល់​ព្រម​មុន​នឹង​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​សម្រេច​ជា​ចុងក្រោយ។

នៅ​ក្នុង​ប្រកាស​របស់​ក្រសួង​អប់រំ​កាល​ពី​ថ្ងៃ​ទី​១១ ​ខែ​ឧសភា​ឆ្នាំ​២០១៥​ លោក​រដ្ឋមន្ត្រី ​ហង់ ជួនណារ៉ុន​ បាន​តម្រូវ​ឱ្យ​លោក​ រ៉ុង ឈុន​ ត្រូវ​ដាក់​ពាក្យ​មក​ធ្វើ​ការ​កន្លែង​ដើម​វិញ​នៅ​ពេល​ចប់​ភារកិច្ច​ហើយ​ថែម​ទាំង​បញ្ជាក់​ថា ​លោក​«មាន​សិទ្ធិ​ទទួល​ការ​ឡើង​ថ្នាក់​ឬ​ឋានន្តរសក្ដិ​និង​រក្សា​អតីតភាព​ការងារ»​សម្រាប់​ការ​ទទួល​សោធននិវត្តន៍​នៅ​ក្រសួង​អប់រំ​ផង​ដែរ។

លោក​ រ៉ុង ឈុន​ បាន​បញ្ជាក់​បន្ថែម​ថា៖

«ប៉ុន្តែ​ដោយ​ឡែក​វា​ផ្ទុយ​ពី​ការ​អនុវត្ត​ផ្ទុយ​ពី​ប្រកាស​ដែល​ឱ្យ​ខ្ញុំ​ទៅ​ធ្វើ​នៅ​ស្ថាប័ន​ថ្មី​ហើយ​នៅ​ក្នុង​ប្រកាស​ដែល​ឱ្យ​ខ្ញុំ​ឈប់​ហ្នឹង​ក៏​មិន​កំណត់​ថា​ ត្រូវ​តែ​ចូល​មក​វិញ​បន្ទាប់​ពី​ឈប់​ពី​ការងារ​គ.ជ.ប​ប៉ុណ្ណេះ​ឬ​ប៉ុណ្ណាទេ‍​គឺ​អត់​មាន​ចង្អុល​បង្ហាញ​អ្វី​ទាំងអស់»។

លោក ​រ៉ុង ឈុន​ បាន​ចាត់​ទុក​ការសម្រេច​របស់​ក្រសួង​នៅ​ពេល​នេះ​ថា ជា​ការ​រំលោភ​និង​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ដែល​តម្រូវ​ឱ្យ​មាន​ការ​កោះ​ហៅ​ទៅ​ក្រើន​រំលឹកមួយ​ដង​ឬ​ពីរ​ដង​មុន​នឹង​លុប​ឈ្មោះ​ចេញ​ហើយ​ថាលោក​នឹង​ដាក់ពាក្យ​បណ្តឹង​ទៅ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យដែលជាសមាគម​លោក​បាន​បង្កើត​និង​ធ្លាប់ដឹកនាំ​និង​ទៅ​ស្ថាប័ន​អន្តរជាតិ។

ក្រសួង​អប់រំ​នៅ​មិន​ទាន់​មានការ​បញ្ជាក់​បន្ថែម​អ្វីទេ​ហើយ​ VOA ​មិន​ទាន់​អាច​ទាក់ទងលោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​នៅ​ឡើយ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG