ក្នុងសន្និបាតថ្ងៃទីមួយរបស់ខ្លួននៅថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានក្រើនរំឭកដល់សមាជិកសមាជិការបស់ខ្លួន មិនគួរសប្បាយរីករាយភ្លេចខ្លួនជាមួយនឹងជ័យជម្នះនៃការបោះឆ្នោតឈានទៅគ្រប់គ្រងប្រទេសទាំងស្រុងកាលពីពេលថ្មីៗនេះឡើយ។
គណៈកម្មាធិការកណ្ដាលរបស់គណបក្ស ដែលមានសមាជិក៨៦៥នាក់ បានជួបជុំគ្នានៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ។ នៅក្នុងថ្ងៃទីមួយនៃសន្និបាតដែលមានរយៈពេលបីថ្ងៃនេះ ក៏មានការចូលរួមពីមេដឹកនាំថ្នាក់កំពូលរបស់គណបក្សផងដែរ ដែលរួមមានដូចជា លោក ហ៊ុន សែន ប្រធានគណបក្សអនុប្រធានរបស់លោកគឺលោក ស ខេង និងលោក សាយ ឈុំ និងលោក ហេង សំរិន ដែលជាប្រធានកិត្តិយស។
នេះជាការជួបប្រជុំលើកដំបូងនៃស្ថាប័នសម្រេចចិត្តថ្នាក់មជ្ឈិមរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងតែពីការបោះឆ្នោតជាតិខែកក្កដា ដែលគណបក្សកាន់អំណាចយូរឆ្នាំមួយនេះ បានឈ្នះអាសនៈទាំងស្រុង១២៥/១២៥នៅសភា ក្នុងពេលដែលអវត្តមានដៃគូប្រជែងនយោបាយដ៏ចម្បងរបស់ខ្លួនគឺគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលសម្រេចរំលាយទាំងចម្រូងចម្រាស កាលពីខែវិច្ឆិកាឆ្នាំមុន។
ជ័យជម្នះនៃការបោះឆ្នោតខែកក្កដា បាននាំឱ្យគណបក្សប្រជាជនមានអំណាចអភិបាលកិច្ចមហាសាលមិនធ្លាប់មានឡើយ ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣មក។ ក៏ប៉ុន្តែដំណើរនៃការជាប់ឆ្នោតសារជាថ្មីនេះ បានរងនូវការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិ និងបណ្ដារដ្ឋាភិបាលបស្ចិមលោក ដែលបានចោទសួរពីភាពស្របច្បាប់នៃការរៀបចំការបោះឆ្នោតខាងលើ។
នៅក្នុងសន្និបាតនៃគណៈកម្មាធិការកណ្ដាល លោកហេង សំរិន ប្រធានកិត្តិយសរបស់គណបក្សនេះ បានឡើងថ្លែងក្រើនរំឭកដល់បណ្ដាសមាជិក សមាជិកាគណបក្សអំពីបញ្ហាប្រឈមដែលនៅបន្តមាន បើទោះជាបានទទួលជ័យជម្នះទាំងស្រុងក្នុងការបោះឆ្នោតក្ដី។
លោកប្រធានរដ្ឋសភាបានថ្លែង និងត្រូវបានបណ្ដាសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលដកស្រង់សម្ដីថា៖
«ពេលគណបក្សទទួលបានជ័យជម្នះ យើងរីករាយនឹងជ័យជម្នះ តែយើងមិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់និងជ័យជម្នះឡើយ ព្រោះគ្រប់សមរភូមិសេដ្ឋកិច្ចរបស់យើងសុទ្ធតែនៅមានបញ្ហាប្រឈម ឬយថាហេតុនៃហានិភ័យ ដែលអាចកើតមានឡើង។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងប្រឹងប្រែងជាប់ជានិច្ច ដើម្បីសេចក្ដីសុខសាន្ត និងភាពសម្បូររុងរឿងរបស់ប្រជាជន និងប្រទេសជាតិយើង»។លោក ហេង សំរិន ក៏បានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជាគួរតែបង្កើនការប្រុងប្រយ័ត្ននៅក្នុងរាល់ការសម្រេចចិត្តផ្នែកនយោបាយនានារបស់ខ្លួន នៅក្នុងបរិបទដែលស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
នៅមុនការរៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលនេះ មានពាក្យចចាមអារ៉ាមដែលបានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គមថា លោក ហ៊ុន សែន ដែលជាប្រធានគណបក្សគ្រោងនឹងប្រើប្រាស់វេទិកាសន្និបាតនេះដើម្បីដកតំណែងអនុប្រធានដ៏មានឥទ្ធិពលទាំងពីររូបគឺលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវបានអ្នកវិភាគខ្លះផ្គូផ្គងថា ជាបេក្ខជនបន្តវេនពីលោកនាយករដ្ឋមន្ត្រី និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ក៏ប៉ុន្តែការលើកឡើងនេះត្រូវបានច្រានចោល ដោយលោកនាយករដ្ឋមន្ត្រីផ្ទាល់ ដែលបានប្រើប្រាស់វេទិកាសាធារណៈមួយរបស់លោកកាលពីសប្ដាហ៍មុន ធ្វើការវាយបក និងអះអាងអំពីវប្បធម៌ធ្វើការបែបសាមគ្គីភាពនយោបាយរបស់គណបក្សកាន់អំណាច ដែលបានគ្រប់គ្រងប្រទេសតាំងពីឆ្នាំ១៩៧៩មក។
មិនមានការបញ្ជាក់ច្បាស់នោះទេថា លោក ហេង សំរិន ចង់សំដៅលើអ្វី នៅពេលដែលលោកនិយាយអំពី«សមរភូមិសេដ្ឋកិច្ច» និង«ហានិភ័យ» រួមទាំង«បញ្ហាប្រឈម»ក្នុងសុន្ទរកថាថ្លែងទៅកាន់សមាជិកជាន់ខ្ពស់របស់គណបក្សនោះ។
VOA មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សកាន់អំណាចសុំការបំភ្លឺបានទេគិតត្រឹមល្ងាចថ្ងៃអង្គារនេះ។
នៅក្រោយការបោះឆ្នោតខែកក្កដា បណ្ដារដ្ឋាភិបាលបស្ចិមលោកបានធ្វើការបរិហារអំពីបរិយាកាសនយោបាយដ៏អាប់អួរនៅជុំវិញការបោះឆ្នោត។
សហភាពអឺរ៉ុបបានប្រកាសថា ខ្លួនបានចាប់ផ្ដើមនីតិវិធីជាផ្លូវការក្នុងការពិចារណាលើលក្ខណៈសម្បត្តិរបស់កម្ពុជា ក្នុងការបន្តទទួលបានឋានៈពាណិជ្ជកម្មអនុគ្រោះពន្ធនាំចេញផលិតផលរបស់ខ្លួនចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយបានលើកឡើងអំពីការធ្លាក់ចុះលំហសិទ្ធិសេរីភាពនយោបាយ។
ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវជំហរផ្ដល់សម្បទានផ្នែកនយោបាយនៅក្រោយការបោះឆ្នោត ដោយរួមមានការដោះលែងអ្នករិះគន់រដ្ឋាភិបាល ការបង្ហាញចេតនាបើកទូលាយលំហការងារសម្រាប់អង្គការសង្គមស៊ីវិល និងបើកទូលាយឱ្យប្រព័ន្ធផ្សព្វផ្សាយមិនចំណុះរដ្ឋ អាចដំណើរការបានឡើងវិញ។
ចុងក្រោយបង្អស់នេះ សមាជិកនៃរដ្ឋសភាឯកបក្សបានអនុម័តលើសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវផ្ដល់នីតិសម្បទាផ្នែកនយោបាយឲ្យសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ១១៨នាក់ ដែលជាប់បម្រាមនយោបាយ អាចស្នើសុំសិទ្ធិធ្វើនយោបាយរបស់ខ្លួនឡើងវិញបាន។
ក៏ប៉ុន្តែជំនឿទុកចិត្តលើរដ្ឋាភិបាលក្នុងការបើកទូលាយសេរីភាពនយោបាយឡើងវិញ នៅតែជាបញ្ហាកង្វល់សម្រាប់អ្នកតាមដាន។ បើទោះជារដ្ឋាភិបាលបានប្រកាសបើកទូលាយឱ្យអង្គការសង្គមស៊ីវិលធ្វើប្រតិបត្តិការដោយសេរីក៏ដោយ ក៏ក្រុមអង្គការនិងសមាគម ដែលជួបជុំគ្នាអបអរទិវាសិទ្ធិមនុស្ស១០ធ្នូកន្លងទៅ បានត្អូញត្អែរអំពីការរឹតត្បិតរបស់អាជ្ញាធរមូលដ្ឋាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ បានប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅ អំពីការប្ដេជ្ញាចិត្តរបស់លោកក្នុងការបន្ត«បោសសម្អាត»ក្រុមប្រឆាំង ខណៈដែលលោកនៅកាន់អំណាច។ លោកបន្តថា លោកអាចនឹងបន្តកាន់អំណាចក្នុងរយៈពេលយ៉ាងហោច១០ឆ្នាំទៀត។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះលេខាផ្ទាល់របស់ព្រះបាទ នរោត្តម សីហនុ បានមានព្រះបន្ទូលប្រាប់ VOA ថា តាមការឈ្វេងយល់របស់ព្រះអង្គ បញ្ហាប្រឈមរបស់គណបក្សប្រជាជនកម្ពុជាគឺការកសាងទំនុកចិត្តពីសំណាក់ប្រជាជនកម្ពុជា និងភាពស្របច្បាប់ក្នុងក្រសែភ្នែកសាធារណជន បន្ទាប់ពីការឈ្នះទាំងស្រុងក្នុងការបោះឆ្នោតខែកក្កដា។
ព្រះញាតិវង្សដែលស្ថិតក្នុងបញ្ជីអ្នកជាប់បម្រាមនយោបាយ១១៨រូបដែរនោះ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា៖
«បើសិនជាគណបក្សប្រជាជនកម្ពុជាមិនយកច្បាប់យកមកអនុវត្ត សម្រួលការងារនៅក្នុងការគ្រប់គ្រងប្រទេសជាតិ ស្របទៅតាមច្បាប់ ស្របទៅតាមរដ្ឋធម្មនុញ្ញ បើសិនជាគណបក្សប្រជាជនកម្ពុជា នៅតែធ្វើការគំរាមកំហែង គាបសង្កត់ទៅលើប្រជាពលរដ្ឋ បើសិនជានៅតែអនុញ្ញាតឱ្យមានការអភិវឌ្ឍអនាធិបតេយ្យ អាហ្នឹងអាចកើតជាហានិភ័យ ពេលបោះឆ្នោតឆ្នាំ២០២២ និង២០២៣។ ដូច្នេះហានិភ័យនេះវាមិនកើតភ្លាមៗទេ អាចនឹងកើតក្នុងអនាគត»។
កញ្ញា លី ស្រីស្រស់ អ្នកអត្ថាធិប្បាយនយោបាយ បានលើកឡើងថា ក្នុងយុទ្ធសាស្ត្រឆ្នាំ២០១៩ គណបក្សប្រជាជនកម្ពុជាគួរណាស់តែផ្ដោតទៅលើការកែទម្រង់ បង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងការគ្រប់គ្រងការអភិវឌ្ឍឱ្យបានល្អជាងមុន និងដែលអាចផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
អ្នកវិភាគរូបនេះបានលើកឡើងថា៖
«បញ្ហាចម្បងគឺធ្វើម៉េចកសាងទំនុកចិត្តរបស់ពលរដ្ឋទៅកាន់គណបក្ស។ អាហ្នឹងគឺបញ្ហាចម្បង។ ហើយការកសាងហ្នឹងវាភ្ជាប់ទៅលើអ្វី? វាភ្ជាប់ទៅលើការអនុវត្តទៅលើគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល ព្រោះថា យើងបោះឆ្នោតឱ្យបក្ស។ បក្សមានសិទ្ធិនៅក្នុងការរៀបចំរដ្ឋាភិបាល ហើយដឹកនាំ។ អ៊ីចឹងបើសិនជាបក្សដឹកនាំហ្នឹង វាអត់មានការរីកចម្រើន វាមានអំពើពុករលួយ ឬក៏បញ្ហាសង្គមផ្សេងៗទៀត អាហ្នឹងមានន័យថា គេមិនជឿលើបក្សហ្នឹងទេ»។
នៅឯវេទិកាសន្និបាតនៃគណៈកម្មាធិការកណ្ដាល ការពិភាក្សានានាក៏បាននិយាយអំពីការរៀបចំយុទ្ធសាស្ត្រគណបក្សសម្រាប់ឆ្នាំ២០១៩ និងការរៀបចំកែសម្រួលសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សផងដែរ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP ដែលជាគ្រឹះស្ថានព័ត៌មានផ្លូវការរបស់រដ្ឋ។
គណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនបានធ្វើការពង្រីកខ្លួនយ៉ាងគំហុកនាពេលបីឆ្នាំចុងក្រោយនេះ។ តាមតួលេខចុងក្រោយ ស្ថាប័ននេះមានសមាជិក៨៦៥រូប បន្ទាប់ពីបង្កើនបន្ថែមសមាជិក៣០៦រូបកាលពីឆ្នាំ២០១៥ និងបន្ថែម៣៤២រូបទៀត កាលពីដើមឆ្នាំ២០១៨នេះ។
សមាសភាពគណៈកម្មាធិការកណ្ដាលបច្ចុប្បន្ន រួមមានសមាជិកចាស់វស្សាជាន់ខ្ពស់របស់បក្ស ក្រុមមន្ត្រីជំនាន់ក្រោយដែលជាកូនមន្ត្រីជំនាន់ទីមួយ មន្ត្រីរាជការជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ ក្រុមបញ្ញវ័ន្តក្នុងស្ថាប័នសិក្សា ក្រុមអ្នកសារព័ត៌មាន អភិបាលខេត្ត និងរាជធានី និងសមាជិកជាន់ខ្ពស់នៃរចនាសម្ព័ន្ធសន្តិសុខ និងយោធារបស់ប្រទេស៕