ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ទប់ស្កាត់មិនឲ្យមានដាច់ខាត ការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា និងមិនអនុញ្ញាតឲ្យជនក្បត់ជាតិណាមួយមកបំផ្លាញភាពសុខសាន្តប្រទេស។
អ្នកវិភាគយល់ថា ការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត គ្មានអ្វីថ្មីទេ ពោលវាគ្រាន់តែជាការត្រាប់តាមសារនយោបាយឪពុករបស់លោក និងក្រុមមន្ត្រីគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
ការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត យ៉ាងដូច្នេះ កើតមានឡើងក្នុងពេលលោកចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតរបស់វរសេនាតូចថ្មើរជើងមួយក្នុងខេត្តបាត់ដំបង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល Fresh News។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលមានមុខតំណែងកំពូលៗជាច្រើនក្នុងកងយុទ្ធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានអង្គរក្សរបស់ឪពុកលោក ត្រូវបានស្រង់ប្រសាសន៍ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតនោះ តាមន័យដើមថា៖
«អ្វីដែលសំខាន់ កងកម្លាំងប្រដាប់អាវុធត្រូវដាច់ខាតការពារនូវសុខសន្តិភាពឲ្យខានតែបាន និងចូលរួមអនុវត្តគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។ ត្រូវប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាពីជនខាងក្រៅ ដែលមិនទុកឲ្យជនក្បត់ជាតិ ឃុបឃិតជាមួយបរទេសបំផ្លាញជាតិតទៅទៀតឡើយ។ តាមរយៈប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖ ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងតែមាននេះ នឹងមិនអនុញ្ញាតឲ្យជនណាបំផ្លាញបានឡើយ»។
លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ជំនាញទាំងអស់ មានទាហាន នគរបាលជាតិ និងកងរាជអាវុធហត្ថ រក្សាជំហរកុំចូលរួមនៅក្នុងសកម្មភាពខុសច្បាប់ណាមួយ ឬក៏បង្កអសន្តិសុខដល់ប្រទេសជាតិ ហើយក៏ត្រូវមានភក្ដីភាពចំពោះជាតិ ព្រះមហាក្សត្រ និងរដ្ឋាភិបាលស្របច្បាប់។
VOA Khmer ព្យាយាមសុំការអធិប្បាយពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អំពីការគំរាមកំហែងណាមួយមកលើកម្ពុជា តែមិនទាន់អាចទាក់ទងលោកបាននៅឡើយទេ នៅថ្ងៃសុក្រនេះ។
លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា ប្រាប់ VOA Khmer ថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែជាការបន្ទរតាមការអំពាវនាវរបស់ឪពុកលោក និងក្រុមមន្ត្រីឯទៀតក្នុងគណបក្សកាន់អំណាច ដែលមិនមានអ្វីជាការគួរឲ្យភ្ញាក់ផ្អើលនោះទេ។
«ខ្ញុំដូចជាមិនមានភ្ញាក់ផ្អើលអី ពីសារហ្នឹង ដោយសារនេះ គឺគ្រាន់ជាសារមួយដែលចម្លងពីអ្វីដែលសម្តេចនាយកធ្លាប់បាននិយាយពីពេលមុន ហើយអ្វីដែលគណបក្សប្រជាជនបាន ធ្លាប់បាននិយាយ កន្លងមកហើយបាទ អ៊ីចឹងអានេះ វាគ្រាន់តែជាភាសា អង់គ្លេស ហៅថា repeat សារហ្នឹងឡើងវិញ តែប៉ុណ្ណឹងទេបាទ នោះមិនមានអី ដែលជារឿងចម្លែកទេបាទ»។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រព្រះបាទសម្តេច នរោត្តម សីហមុនី តែងតាំង ជាមេបញ្ជាការកងទ័ពជើងគោក ជំនួសនាយឧត្តមសេនីយ៍ មាស សុភា ដែលត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ លោក ហ៊ុន ម៉ាណែត ក៏ជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គភាពប្រឆាំងអំពើភេរវកម្ម។
តមកទៀត លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចផ្ទេរកងពលទ័ពសំខាន់ៗចំនួន៥ ឲ្យស្ថិតក្រោមចំណុះផ្ទាល់របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមានលោក ហ៊ុន ម៉ាណែត ជាអ្នកគ្រប់គ្រង។ កងពលទាំង៥នោះ រួមមានកងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ និងកងពលតូចលេខ៧០។
បន្ថែមលើការគ្រប់គ្រងអង្គភាពជាច្រើននេះ លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានមជ្ឈដ្ឋាននានាមើលឃើញថា កំពុងទទួលការបណ្តុះបណ្តាលដើម្បីនឹងបន្តតំណែងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩ ហើយលោកបានទទួលសញ្ញាប័ត្របណ្ឌិតខាងសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៧។
ការណ៍នេះបង្ហាញលក្ខណៈខុសគ្នាពីឪពុកដែលកាន់តំណែងជាង៣០ឆ្នាំ ប៉ុន្តែទទួលបានការសិក្សាតិចតួច ហើយទទួលបានការគាំទ្រពីប្រទេសវៀតណាម មុនពេលលោកឡើងកាន់តំណែង។
លោក មាស នី បានបន្ថែមថា ក្នុងករណី លោក ហ៊ុន ម៉ាណែត ពិតជាអ្នកបន្តវេនពីឪពុកលោកមែន ហើយលោកនៅបន្តថ្លែងសារនយោបាយ ដែលមិនខុសពីឪពុកលោកមែននោះ នោះកម្ពុជានៅថ្ងៃអនាគត នឹងបន្តស្ថិតក្នុងរបៀបរបបដឹកនាំដូចកម្ពុជានាពេលបច្ចុប្បន្ននេះដដែល។
«បើសិនជាមានការផ្លាស់ប្តូរអីទៅខាងមុខនោះ តើវានឹងមានការដូរនូវការដឹកនាំសង្គមអីយ៉ាងណានោះ អាហ្នឹងវាអាស្រ័យលើសម្តីដែលចេញមក។ បើសិនសម្តីចេញមកដូចគ្នា អាហ្នឹងបានន័យថា អ្វីៗនឹងមិនមានការផ្លាស់ប្តូរទេ នៅក្នុងសង្គមខ្មែរនៅពេលខាងមុខ អានេះ វាគ្រាន់តែជាការយល់ឃើញរបស់យើង»។
កាលពីខែមករា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរពីវីរភាពរបស់ឪពុកលោក យុទ្ធជនកម្ពុជា និងគុណតម្លៃថ្ងៃ៧មករា ព្រមទាំងស្នាដៃអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជា។ លោកបានលើកឡើងនាពេលនោះថា នាយទាហាន នាយទាហានរងជំនាន់ថ្មីត្រូវចងចាំនិងការពារឱ្យបាននូវតម្លៃនៃសុខសន្តិភាព និងការពារឱ្យបាននូវសុខសន្តិភាពដែលទទួលបានដោយការលំបាកនឹងលះបង់ជាច្រើនដោយថ្នាក់ដឹកនាំកម្ពុជា និងវីរជនរបស់កម្ពុជា៕