បើតាមពួកអ្នក ស្រាវជ្រាវនៅឯមហាវិទ្យាល័យ Imperial College ក្នុងទីក្រុង ឡុងដ៍ ការស្លាប់ដោយជំងឺកូវីដ១៩អាចកើនឡើងច្រើនដោយសារកំណើនវិសមភាពនៅក្នុងសង្គមនៅក្នុងប្រទេសក្រីក្រជាច្រើនក្នុងពិភពលោក។
ការព្រមាននេះបានកើតមានឡើងនៅពេលដែលការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានរាលដាលលឿននៅក្នុងប្រទេសជាច្រើនដែលបានត្រូវចាត់ទុកថា មានប្រាក់ចំណូលទាបឬមានប្រាក់ចំណូលក្រោមមធ្យម ដូចជាប្រទេសឥណ្ឌានិងប្រទេស នីហ្សេរីយ៉ាជាដើម។បើតាមទិន្នន័យមកពីមជ្ឈមណ្ឌលអំពីវីរុសកូរ៉ូណានៃសាកលវិទ្យាល័យ Johns Hopkins ប្រទេសឥណ្ឌាមានមនុស្សស្លាប់១៣៥០០នាក់ដោយសារជំងឺកូវីដ១៩ហើយមានអ្នកឆ្លងជំងឺនេះជិត២សែន៥ម៉ឺននាក់ដោយអត្រាឆ្លងបានកើនឡើងច្រើនកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។
ពួកអ្នកស្រាវជ្រាវនៅឯមហាវិទ្យាល័យ Imperial College និយាយថា ការខុសគ្នាដោយអយុត្តិធ៌មនិងដែលអាចបញ្ចៀសបានក្នុងវិស័យសុខភាពក្នុងចំណោមក្រុមនានាក្នុងសង្គមដែលគេស្គាល់ថា«វិសមភាពខាងការថែទាំសុខភាព»នាំឲ្យក្រុមមនុស្សខ្លះមានហានិភ័យកាន់តែធំ។
លោក Peter Winskill ជាអ្នកស្រាវជ្រាវនៅឯមហាវិទ្យាល័យ Imperial College។លោកបាននិយាយប្រាប់វីអូអេនៅក្នុងសេចក្តីសម្ភាសន៍មួយតាម Skype កាលពីដើមខែមិថុនាថា៖« គិតត្រឹមតែហេតុផលចំនួនបីគឺការមានកន្លែងលាងសម្អាតដៃលទ្ធភាពនៃការធ្វើការពីផ្ទះនិងការទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យ យើងស្ទង់ប្រមាណថា ការស្លាប់ដោយជំងឺកូវីដ១៩មានកំណើនជាមធ្យម៣២% បើប្រៀបធៀបរវាងពួកបុគ្គលក្នុងគ្រួសារក្រីក្របំផុតនឹងពួកជននៅក្នុងគ្រួសារមានធនធានច្រើនដោយសារការខ្វះលទ្ធភាពទទួលការព្យាបាលក្នុងមន្ទីរពេទ្យនិងកង្វះគ្រែអ្នកជំងឺក្នុងផ្នែកសង្គ្រោះបន្ទាន់ហៅកាត់ថា ICU»។
គ្រួសារក្រីក្រច្រើនរស់នៅជាមួយគ្នាច្រើននាក់ដោយមានមនុស្សវ័យផ្សេងៗគ្នា ហើយការណ៍នេះរារាំងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារពួកសមាជិកគ្រួសារវ័យចំណាស់តាមរយៈការនៅឃ្លាតពីគ្នាខាងសង្គម។ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ដោយសារការប៉ះពាល់មិនផ្ទាល់ឯទៀតៗក៏គ្មានសមាមាត្រដែរ។
លោកWinskill បាននិយាយថា៖« ការបិទប្រទេសនៅក្នុងតំបន់ទាំងនោះធ្វើឡើងចំរដូវដាំដុះនិងរដូវច្រូតកាត់ដំណាំធញ្ញជាតិសម្រាប់ធ្វើអាហារ។ ហើយតាមរយៈទិន្នន័យនានយើងក៏ដឹងដែរថា ពួកបុគ្គលនៅក្នុងគ្រួសារក្រីក្រក្នុងតំបន់ទាំងនោះក៏ពឹងពាក់ ច្រើនជាងមុនលើគ្រាប់ធញ្ញជាតិដែលពួកគេដាំដោយខ្លួនឯងសម្រាប់ធ្វើជាអាហារ។ដូច្នេះមានបញ្ហាធ្ងន់ធ្ងរខាងសន្តិសុខម្ហូបអាហារផងដែរ។
សេវាថែទាំសុខភាពសម្រាប់ជំងឺឯទៀតៗក៏មានផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ១៩ដែរ។
លោក Peter Winskill ដែលជាអ្នកស្រាវជ្រាវនៅឯមហាវិទ្យាល័យ Imperial College បានថ្លែងថា៖« ការស្លាប់ដោយជំងឺ AIDS ជំងឺរបេងនិងជំងឺគ្រុនចាញ់ក្នុងរយៈពេលប្រាំឆ្នាំដែលជាបន្ទុកធ្ងន់ នោះអាចកើនឡើងរហូតដល់១០%សម្រាប់ជំងឺ AIDS ២០%សម្រាប់ជំងឺរបេងនិង៣៦%សម្រាប់ជំងឺគ្រុនចាញ់»។
ពួកអ្នកសរសេររបាយការណ៍នេះនិយាយថា លំនាំនៃវិសមភាពនៅពេលនេះនាំឲ្យពួកជនក្រីក្របំផុតមានលទ្ធភាពតិចក្នុងការការពារខ្លួនប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩។ពួកអ្នកនិពន្ធរបាយការណ៍នេះបានសុំឲ្យរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់បង្កើនកន្លែងសម្រាប់លាងសម្អាតដៃនិងពង្រឹងសេវាថែទាំសុខភាពក្នុងសហគមន៍ថែមទៀតផង៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ